ភ្នំពេញ ៖ នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើង។ ការសម្រុកទិញនេះបានធ្វើឡើងស្របពេលក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យអនុវត្តតម្លៃប្រេងឥន្ធនៈកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ដែលមានតម្លៃខ្ពស់ខ្លាំងជាងពេលមុន។
លោក ចាយ សុភាព ពលរដ្ឋរស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មាន AMS នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះថា នៅអំឡុងពេលចុងសប្តាហ៍មុន ពលរដ្ឋមួយចំនួនបានទិញប្រេងសាំងស្តុកទុកនៅផ្ទះ ហើយអ្នកខ្លះរក្សាទុកនៅតាមការដ្ឋាន ដោយបារម្ភអំពីតម្លៃប្រេងសាំងឡើងថ្លៃ។
លោកថ្លែងបន្ថែមដូច្នេះថា ៖
«ពួកគាត់នាំគ្នាទិញច្រើន រហូតស្ថានីយ៍មួយចំនួនអស់សាំងលក់ មានខ្លះបិទទ្វារ និងស្ថានីយ៍ខ្លះទៀតអត់មានសាំងធម្មតាលក់ ហើយលក់តែសាំងស៊ុបពែ»។
លោក ផាន់ ប៉ោទាង ម្ចាស់ស្ថានីយ៍ប្រេងសាំងមួយកន្លែងនៅស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងតាមទូរសព្ទថា កាលពីថ្ងៃសៅរ និងថ្ងៃអាទិត្យ កសិករមួយចំនួនៅស្រុកបាកាន នាំគ្នាទិញប្រេងសាំងស្តុកទុក ចន្លោះ ១០ ទៅ២០កាន ទុកប្រើប្រាស់លើតម្រូវការកសិកម្ម
លោកថា ៖
«ពួកគាត់នាំគ្នាទិញទុកច្រើន ទុកប្រើប្រាស់លើការងារកសិកម្ម ហើយស្ថានីយ៍ប្រេងសាំងជាច្រើននៅទីរួមស្រុកបាណន់ បានបិទទ្វារ ដោយសារមិនមានសាំងលក់បន្ត ហើយស្តុកថ្មីក៍មិនទាន់មកដល់»។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានលើកឡើងថា តម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិ ហក់ឡើងខ្ពស់ខ្លាំងក្នុងរង្វង់ជាង ១០០ដុល្លារក្នុងមួយបារ៉ែល ហើយមានសញ្ញាណមិនមានប្រេងសាំងផ្គត់ផ្គង់គ្រប់គ្រាន់ទៀតផង។
លោកបណ្ឌិត ជ័យ តិច បញ្ជាក់ថា ៖
«ករណីនេះខ្ញុំគាំទ្រពលរដ្ឋទិញសាំងស្តុកទុកសម្រាប់បម្រើវិស័យកសិកម្ម តែមិនគាំទ្រពលរដ្ឋឆ្លៀតឱកាសទិញទុកចំណេញ ព្រោះវាបង្កឱ្យមានហានិភ័យខ្ពស់ ខណៈអាកាសធាតុក្តៅខ្លាំង»។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មានប្រសាន៍ថា កម្ពុជានៅមិនទាន់ខ្វះប្រេងបម្រុងនៅឡើយ ខណៈសន្និធិបម្រុងអាចផ្គត់ផ្គង់បានរយៈពេល ២១ថ្ងៃ ចំណែកការនាំប្រេងចូលពីទីផ្សារអន្តរជាតិនៅតែបន្តសកម្មភាព។
គួរកត់សម្គាល់ថា ស្ថានីយ៍ចាក់ប្រេងមួយចំនួនបានបិទទ្វារ ឆ្លៀតឱកាសទុកលក់យកចំណេញពេលឡើងថ្លៃ ប៉ុន្តែស្ថានីយ៍ភាគច្រើននៅលក់ធម្មតា។ ករណីនេះឯកឧត្តមរដ្ឋមន្រ្តី អំពាវនាវពលរដ្ឋកុំឱ្យមានការជ្រួលច្របល់ទិញប្រេងទុក ព្រោះអាចមានហានិភ័យខ្ពស់ ចង់ចំណេញតិច តែខាតបង់ច្រើន ប្រសិនបើមានគ្រោះអគ្គីភ័យដោយសារការឆាបឆេះនៃប្រេងសាំង។
ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ៍ អនុវត្តចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់ស្របតាមរូបមន្តកំណត់តម្លៃ ដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ និងផ្អែកលើការប្រែប្រួលតម្លៃប្រេងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
តម្លៃប្រេងសាំងធម្មតា លក់រាយ ៤៤០០ រៀល ក្នុងមួយលីត្រ ប្រេងម៉ាស៊ូត ៥១៥០ រៀល ក្នុងមួយលីត្រ អនុវត្តចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦៕