បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧស្សាហកម្មថាមពលស្អាត កំពុងជំរុញកំណើនវិនិយោគក្នុងប្រទេសចិនរហូតដល់ទៅ ៩០%

ឧស្សាហកម្មថាមពលស្អាត កំពុងជំរុញកំណើនវិនិយោគក្នុងប្រទេសចិនរហូតដល់ទៅ ៩០%

បរទេស៖ ឧស្សាហកម្មថាមពលស្អាត (Clean Energy) កំពុងជំរុញកំណើននៃការវិនិយោគក្នុងប្រទេសចិនរហូតដល់ទៅ ៩០% ដែលធ្វើឱ្យវិស័យនេះកាន់តែមានទំហំធំជាងគេនៅក្នុងសេដ្ឋកិច្ច នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Guardian ។

ការវិភាគថ្មី​មួយធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត ដែលបោះពុម្ពផ្សាយនៅក្នុង Carbon Brief បានរកឃើញថា វិស័យថាមពលស្អាតរបស់ប្រទេសចិនបានកើនឡើងជិតទ្វេដងចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៥។ លើសពីនេះ ឧស្សាហកម្មថាមពលស្អាតបានជំរុញកំណើនវិនិយោគក្នុងស្រុករបស់ចិនដល់ទៅ ៩០% ដោយសារការផលិត ការដំឡើង និងការនាំចេញអាគុយរថយន្តអគ្គិសនី, ថាមពលសូឡាព្រះអាទិត្យ, ខ្យល់ និងបច្ចេកវិទ្យាពាក់ព័ន្ធ មានចំនួនច្រើនជាង ១ ភាគ ៣ នៃកំណើនសេដ្ឋកិច្ចរបស់ចិន។ ជាក់ស្ដែង នៅក្នុងឆ្នាំ ២០២៥ អាជីវកម្មថាមពលស្អាតមានទំហំរហូតដល់ប្រមាណ ១៥ ទ្រីលានយ័ន(២,២ ទ្រីលានដុល្លារ) ដែលស្មើរនឹង ១១,៤% នៃផលិតផលក្នុងស្រុកសរុបរបស់ចិន កើនឡើងពី ៧,៣% ក្នុងឆ្នាំ ២០២២។

បច្ចុប្បន្ន ចិន បានពឹងផ្អែកកាន់តែខ្លាំងលើវិស័យនេះ ដែលបានជួយឱ្យសម្រេចគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៥% ។​ ទន្ទឹមនឹងនេះ ចិនបានបន្ថែមទំហំសមត្ថភាពស្រូបយកថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ ដើម្បីបំពេញតម្រូវការក្នុងស្រុក។

ទីប្រឹក្សារដ្ឋាភិបាលចិនបាននិយាយថា នេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូរនៃការផលិតថាមពលនោះទេ ប៉ុន្តែវាជាការផ្លាស់ប្តូរប្រព័ន្ធថាមពលតែម្តង។ កាលពីឆ្នាំមុន ការវិនិយោគទទួលបានភាពរឹកចម្រើនខ្លាំង ដោយសារវិស័យថ្មថាមពល ដែលបច្ចេកវិទ្យារបស់វាមានប្រសិទ្ធភាពជាងមុនសម្រាប់ប្រើប្រាស់នៅក្នុងរថយន្តអគ្គិសនី (EVs) និងពង្រីកសមត្ថភាពនៃប្រព័ន្ធផ្ទុកថាមពលអគ្គិសនី។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញក៏មានការកើនឡើងផងដែរ ដោយសារថាមពលសូឡាពន្លឺព្រះអាទិត្យត្រូវបានចាត់ទុកជាអគ្គិសនីដែលមានតម្លៃថោកបំផុតក្នុងប្រវត្តិសាស្ត្រ។ លើសពីនេះ ភាគច្រើននៃបណ្តាប្រទេសនៅក្នុងទ្វីបអាហ្រ្វិកក៏បាននាំចូលថាមពលសូឡាព្រះអាទិត្យយ៉ាងច្រើនផងដែរ ដោយសារវាមានតម្លៃសមរម្យ។

អ្នកជំនាញបានលើកឡើងនៅក្នុងរបាយការណ៍ថា ការកើនឡើងនៃការវិនិយោគថាមពលស្អាតនៅក្នុងប្រទេសចិនបានបង្ហាញពីនិន្នាការវិជ្ជមាន។ នេះមានន័យថា ប្រទេសដែលធ្លាប់មានឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោកបានផ្លាស់ប្ដូរពីឥន្ធនៈហ្វូស៊ីលក្នុងល្បឿនយ៉ាងលឿន និងអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្រេចគោលដៅកាបូនសូន្យ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា