ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងដាក់ពិន្ទុដើម្បីជម្រុះជុំទី៣(វគ្គផ្តាច់ព្រ័ត្រ) នៃការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា។

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងដាក់ពិន្ទុដើម្បីជម្រុះជុំទី៣(វគ្គផ្តាច់ព្រ័ត្រ) នៃការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ «កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ» នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ និងមានការចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ គណៈកម្មាធិការ សាស្រ្តាចារ្យ ជាច្រើនរូប រួមនឹងបេក្ខជនប្រលងស្នាដៃចំនួន ១៥ក្រុម ។
ឯកឧត្តម ប៉ែន សុផល បានមានប្រសាសន៍ថា ការប្រលងប្រណាំងនេះ ធ្វើឡើងដើម្បីស្វែងរកអ្នកមានស្នាដៃល្អ មានលក្ខណៈគួរជាទីកោតសរសើររបស់មហាជនទូរទៅ ដើម្បីយកទៅរៀបចំ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា ៖
«យើងមានស្ថាបត្យករ វិស្វករជាច្រើន នៅក្នុងក្រសួងអាចធ្វើការងារហ្នឹងបានល្អហើយ ប៉ុន្តែហេតុអ្វីបានជាយើងត្រូវការប្រលងប្រជែងទៀត ចឹងគឺយើងចង់រកតម្លៃបន្ថែមណាមួយដែលប្រជាពលរដ្ឋកម្ពុជា ជិត១៧លានាក់នឹង ស្វែងរកអ្នកមានគំនិត មានចក្ខុវិស័យថែមទៀត មកចូលរួមទាំងអស់គ្នា ដើម្បីផ្គុំទៅជាគំនិតរួមមួយរបស់ជាតិ។»
ក្រោមការដឹកនាំជាពិសេសរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំ និងការអភិវឌ្ឍន៍ទាំងក្រុង ទីប្រជុំជននៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់សោភ័ណភាពតំបន់ឆ្នេរឱ្យបានកាន់តែល្អប្រសើរ។

ឯកឧត្តម ប៉ែន សុផល បានបញ្ជាក់ថា ការប្រកួតប្រជែងមានគោលបំណងសំខាន់ៗចំនួន ០៥ផ្សេងទៀត ក្នុងនោះមានដូចជា ទី១.ធានាបាននូវការគ្រប់គ្រង ការអភិវឌ្ឍន៍ និងការអភិរក្សតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយភាពធន ចីរភាព និងបរិយាប័ន្ន តាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ទី២.ការលើកកំពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច ការអភិវឌ្ឍន៍ធុរកិច្ច ការទាក់ទាញទេសចរ ទាក់ទាញការវិនិយោគទាំងសាធារណៈ ទាំងឯកជន ទៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ទី៣. ការលើកកំពស់អត្តសញ្ញាណវប្បធម៌ និងធនធានធម្មជាតិ បរិស្ថាននៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយរាល់ការអភិវឌ្ឍន៍ទាំងអស់ត្រូវតែជំរុញឱ្យមានអត្តសញ្ញាណខ្មែរ ហើយលក្ខណៈពិសេស នៃភូមិសាស្រ្តធម្មជាតិក្នុងតំបន់ឆ្នេររបស់កម្ពុជា ទី៤. ដើម្បីទាក់ទាញគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ទាំងផ្នែករដ្ឋ ទាំងឯកជន អ្នកវិជ្ជាជីវៈ ហើយជាពិសេសទាំងកម្លាំង យុវជន (Gen Z) ឱ្យមកចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ ចូលរួមអភិរក្សតាមគោលការណ៍របស់រាជរដ្ឋាភិបាល ហើយទី៥. គឺស្វែងរកគន្លឹះ និងតម្លៃបន្ថែមដើម្បីលើកកំពស់សោភ័ណភាព សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ ដែលមានទាំងរូបវន្តល្អ ទាំងសំណង់ ទាំងធម្មជាតិ ទាំងទឹក ទាំងដី ប្រកបដោយភាពសុខដុមរមនា។
គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រខាងលើ គឺការធ្វើបទបង្ហាញនូវស្នាដៃរចនាគម្រោងប្លង់ នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រ ចំនួន ០៣ទីតាំង រួមាន ១.វិញ្ញាសារឆ្នេរទំបន់រលក និងឆ្នេរកែវផុស ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី២.វិញ្ញាសារឆ្នេរព្រែកចាក ស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ និងទី៣.វិញ្ញាសារឆ្នេរជ្រោយស្វាយ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង៕



