បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​បើធៀបនឹងថ្ងៃធម្មតា។ មូលហេតុ ដោយសារកំណើន​នៃការធ្វើដំណើរដ៏ច្រើនលើសលប់ ការធ្វេសប្រហែស និង​មូលហេតុដទៃទៀត​ដូចជា​កត្តាអនុវត្តច្បាប់​នៅខ្វះ​ចន្លោះ​ជាដើម។

Advertisement

លោក គង់ រតនៈ អ្នកពិគ្រោះយោបល់ឯករាជ្យផ្នែកចរាចរណ៍ជើងគោក បានប្រាប់បណ្តាញព័ត៌មាន AMS ថា កត្តាដែលនាំឱ្យមានកំណើនគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីការខ្វះចំណេះដឹងផ្នែកច្បាប់ចរាចរណ៍ ខ្វះការ​ប្រុងប្រយ័ត្ន ខ្វះការយោគយល់អធ្យាស្រ័យគ្នា បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ និងកត្តារឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​នៅមានកម្រិត។ 

ជាទូទៅការចុះរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ត្រូវបានផ្អាកបណ្តោះអាសន្នក្នុងរយៈ​ពេល​នៃពិធីបុណ្យទាំងនោះ លើកលែងតែការត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ​នៅពេលយប់នៅតែបន្តការអនុវត្តដដែល។​ កំណើនយានយន្តក៏ជាកត្តានាំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងផងដែរ។

ក្នុងឆ្នាំ២០២៦នេះ យានយន្តជាង៥២ម៉ឺនគ្រឿងបានចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈដែលការនាំចូលរថយន្តចំនួនជាង៨ម៉ឺន ៣ពាន់គ្រឿង នៅឆ្នាំ២០២៥ កើនឡើងជាង៦០ភាគរយ។   

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានលើកឡើងថា ការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍មិនបានទៀងទាត់ ជាពិសេសនៅថ្ងៃបុណ្យជាតិនានា គឺជា​ផ្នែកមួយដែល​បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើនឡើង។

លោកបញ្ជាក់ថា ៖

«កាលណាអត់មានការអនុវត្តច្បាប់ ឬការអនុវត្តច្បាប់ធ្វើមិនបានទូលំទូលាយ មិនបានជាប់លាប់ គ្រោះថ្នាក់(ចរាចរណ៍) តែងតែកើតមាន អ្នកបើកបរគាត់កត់សម្គាល់មើលការអនុវត្តច្បាប់ដែរ ឧទាហរណ៍រឿងពាក់មួក បើនៅភ្នំពេញ គឺអនុវត្តខ្លាំង»។

មុនរដូវកាលបុណ្យជាតិធំៗមកដល់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ តែងតែចេញសេចក្តីអំពាវនាវឱ្យពលរដ្ឋបើកបរនៅតាមដងផ្លូវឲ្យបង្កើនការប្រុងប្រយ័ត្ន បើកបរកុំលើសល្បឿនកំណត់ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ហើយបើកបរដោយពាក់មួកសុវត្ថិភាពសម្រាប់ម៉ូតូ និងពាក់ខ្សែក្រវាត់សុវត្ថិភាព​សម្រាប់រថយន្ត។

អ្នកជំនាញផ្នែកទស្សនវិជ្ជា​ លោកបណ្ឌិត ឈត ប៊ុនថង​ បានលើកឡើងថា ត្រឹមតែសេចក្តីអំពាវនាវនេះមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំខ្មែរនោះទេ គឺចាំបាច់ណាស់ត្រូវការចុះអនុវត្តដោយផ្ទាល់ពីមន្ត្រីនគរបាលចរាចរណ៍ និងមានការសហការជាមួយស្ថាប័ន​ពាក់ព័ន្ធនានាទៀតក្នុងការផ្សព្វផ្សាយ និងអប់រំ ខ្លឹមសារច្បាប់ចរាចរណ៍ ក្រុមសីលធម៌ និងហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ដល់សាធារណជនឱ្យបានទូលំទូលាយ។

សូមជម្រាបថា រយៈ​ពេល​៥ថ្ងៃ ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣០លើក បណ្តាលឱ្យមនុស្សចំនួន២៦នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៤៧នាក់៕​ ដោយ ៖ សៅ សុខអេង AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា