បរទេស ៖ តម្លៃប្រេងបានបន្តធ្លាក់ចុះនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយសារនាវាដឹកប្រេងជាច្រើនដែលជាប់គាំងនៅច្រកសមុទ្រ Strait of Hormuz បានចាកចេញ បើទោះបីជាមាននាវាដឹកទំនិញមួយគ្រឿងត្រូវបានវាយប្រហារនៅជិតប្រទេសអូម៉ង់ក៏ដោយ។

បរទេស ៖ តម្លៃប្រេងបានបន្តធ្លាក់ចុះនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយសារនាវាដឹកប្រេងជាច្រើនដែលជាប់គាំងនៅច្រកសមុទ្រ Strait of Hormuz បានចាកចេញ បើទោះបីជាមាននាវាដឹកទំនិញមួយគ្រឿងត្រូវបានវាយប្រហារនៅជិតប្រទេសអូម៉ង់ក៏ដោយ។
តាមការរាយការណ៍ពីទីផ្សារប្រេងសកលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,២៥ ភាគរយ ពោលគឺមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ០,១៨ ភាគរយ មកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាមិញ តម្លៃប្រេងទាំងពីរបានហក់ឡើងថ្លៃជាង ២% ភា្លមៗ បន្ទាប់ពីនាវាដឹកទំនិញឈ្មោះ Ever Lovely (ដោតទង់ជាតិសិង្ហបុរី) ត្រូវបានវាយប្រហានៅជិតប្រទេសអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដែលបានជំរុញឱ្យទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិផ្អាកគម្រោងជម្លៀសនាវាដោយស្ម័គ្រចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃប្រេងទាំងពីរបន្តឡើង-ចុះ ដោយមិនមានភាពច្បាស់លាស់ ដោយសារនៅតែមានហានិភ័យនៅច្រកសមុទ្រ Hormuz។ ក្នុងសប្តាហ៍នេះ ទាំងតម្លៃប្រេងឆៅ Brent និង WTI ត្រូវបានព្យាករណ៍ថា នឹងខាតបង់ជិត ៧ ភាគរយ។
បន្ទាប់ពីមានហេតុការណ៍នេះ មន្ត្រីអាម៉េរិកបានទម្លាក់កំហុសលើប្រទេសអ៊ីរ៉ង់ថា ជាអ្នកបាញ់ប្រហារលើនាវាដឹកទំនិញនោះក្នុងពេលដែលនាវាបានព្យាយាមឆ្លងកាត់ច្រកសមុទ្រមួយនេះ។ យ៉ាងណាមិញ អាជ្ញាធរអ៊ីរ៉ង់បានប្រកាសថា នាវាទាំងឡាយណាដែលធ្វើដំណើរតាមផ្លូវដែលខ្លួនមិនបានអនុញ្ញាត នឹងមិនទទួលបានការធានាសុវត្ថិភាពនោះឡើយ។
លោក Tony Sycamore អ្នកវិភាគប្រចាំក្រុមហ៊ុន IG បានលើកឡើងថា នៅក្នុងអំឡុងពេលដែលហានិភ័យនៃភូមិសាស្ត្រនយោបាយកំពុងជ្រៀតចូលទៅក្នុងតម្លៃប្រេងម្តងទៀតនោះ គេនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីមើលថា តើការដឹកជញ្ជូនប្រេងអាចដំណើរការវិញបានជាធម្មតា ឬ ហេតុការណ៍ចុងក្រោយដែលមានការបាញ់ប្រហារនាវានឹងបង្ខំឱ្យប្រទេសផលិតប្រេងពន្យារពេលលើផែនការបង្កើនផលិតកម្ម?’
សុមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មានទិន្នន័យមួយបង្ហាញថា ការដឹកជញ្ជូនប្រេងឆៅតាមច្រកសមុទ្រ Hormuz បានកើនឡើងវិញដល់កម្រិតខ្ពស់បំផុតនៅក្នុងសប្តាហ៍នេះ ចាប់តាំងពីមានសង្គ្រាមកាលពីចុងខែកុម្ភៈរហូតមក។ យ៉ាងណាក៏ដោយ បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបើកផ្លូវទឹកនេះឡើងវិញក៏ដោយ ប៉ុន្តែក្តីបារម្ភនៅតែបន្តមាន ថាតើច្រកសមុទ្រនេះនឹងអាចបើកបានយូរប៉ុណ្ណា? ជាក់ស្តែង ចរាចរណ៍ជារួមនៅតែមានកម្រិតតិចតួចប៉ុណ្ណោះបើធៀបនឹងចំនួននាវាប្រចាំថ្ងៃជាមធ្យម ១២៥ គ្រឿងឆ្លងកាត់ច្រកនេះមុនពេលមានសង្គ្រាម។ ទន្ទឹមនឹងនេះដែរ គ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡាកាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ ក៏បានបង្កើនក្ដីព្រួយបារម្ភអំពីការផ្គត់ផ្គង់ផងដែរ ដោយសារកង្វះខាតថាមពលអគ្គិសនីអាចធ្វើឲ្យពួកគេរក្សាទិន្នផលប្រេងក្នុងកម្រិតមួយ ដោយមុនពេលមានគ្រោះរញ្ជួយដីមានការរក្សាទុកក្នុងបរិមាណជិត ១,២ លានបារ៉ែលក្នុងមួយថ្ងៃ?
