បរទេស ៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល។

បរទេស ៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល។
នៅថ្ងៃព្រហស្បតិ៍នេះ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១,០២ ភាគរយ ពោលគឺមកនៅត្រឹម ៧០,៨៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,២១ ភាគរយមកនៅត្រឹម ៦៧,៧៥ ដុល្លារក្នុងមួយបារ៉ែល។ ទន្ទឹមនឹងនេះ កិច្ចចរចានេះបានផ្តោតសំខាន់ទៅលើបញ្ហាច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ជាង ២០ លានបារ៉ែលក្នុងមួយថ្ងៃ មុនពេលផ្ទុះសង្គ្រាម។ ក្រុមចរចារបស់អាម៉េរិក និងអ៊ីរ៉ង់ បានចំណាយពេល ២ថ្ងៃនៅទីក្រុងដូហា ដើម្បីពិភាក្សាអំពីចរាចរណ៍ផ្លូវទឹកនៅក្នុងច្រកសមុទ្រ Hormuz និង បញ្ឈប់ការបង្កកកញ្ចប់ថវិការបស់អ៊ីរ៉ង់។
អនុប្រធានាធិបតីអាម៉េរិក លោក JD Vance បានលើកឡើងថា លំហូរប្រេងឆ្លងកាត់ផ្លូវទឹកមួយនេះបានត្រឡប់ទៅរកកម្រិតមុនពេលមានសង្គ្រាមវិញហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ពីតួលេខជាក់លាក់នោះទេ។ យ៉ាងណាក៏ដោយ បើទោះបីជាចរាចរណ៍ចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗក៏ដោយ ប៉ុន្តែប្រទេសទាំងពីរទើបវាយប្រហារគ្នាកាលពីចុងសប្តាហ៍មុន ដែលបន្តឲ្យមានក្ដីព្រួយបារម្ភលើហានិភ័យ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីជាន់ខ្ពស់ចំនួន ២រូប របស់អ៊ីរ៉ង់ បានបង្ហើបថា ទីក្រុងតេអេរ៉ង់ បានប្តេជ្ញាចិត្តទាមទារឱ្យមានការទទួលស្គាល់ជាអន្តរជាតិលើការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រនេះ បើទោះបីជាត្រូវប្រើប្រាស់កម្លាំងយោធាក៏ដោយ។ អ៊ីរ៉ង់បានប្រកាសដដែលៗថា ខ្លួននឹងចាប់ផ្តើមប្រមូលកម្រៃសេវាពន្ធពីនាវាដឹកជញ្ជូនចាប់ពីពាក់កណ្តាលខែសីហាខាងមុខនេះតទៅ បន្ទាប់ពីផុតកំណត់លើរយៈពេលមិនគិតថ្លៃដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងលើកដំបូង។
ក្រុមហ៊ុន Haitong Futures បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា នៅពេលដែលច្រកសមុទ្របើកចំហ និងអនុញ្ញាតឲ្យប្រេងឆៅហូរចេញមកក្រៅ ការប្រកួតប្រជែងដណ្តើមចំណែកទីផ្សារនឹងធ្វើឱ្យតម្លៃប្រេងបន្តធ្លាក់ចុះ ខណៈដែលមានការរំពឹងទុកកាន់តែខ្ពស់ថា នឹងមានការផ្គត់ផ្គង់លើសតម្រូវការ។ បន្ថែមពីនេះ ក្រុមប្រទេសផលិតប្រេង និងសម្ព័ន្ធមិត្ត OPEC+ ទំនងជានឹងយល់ព្រមដំឡើងគោលដៅផលិតកម្មបន្ថែមទៀតចាប់ពីខែសីហាទៅ នៅក្នុងកិច្ចប្រជុំនាថ្ងៃអាទិត្យខាងមុខនេះ។ គោលដៅផលិតកម្មទំនងនឹងកើនឡើងប្រមាណ ១៨៨ ០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែសីហា៕
