បរទេស៖ ប្រធានាធិបតីអាម៉េរិកលោក Donald Trump អនុញ្ញាតឱ្យរុស្ស៊ីដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា បន្ទាប់ពីមានការបិទខ្ទប់មិនឱ្យប្រទេសនានាផ្គត់ផ្គង់ប្រេងចាប់តាំងពីខែមករា។ នេះបើយោងតាមការរាយការណ៍ពី France 24។

បរទេស៖ ប្រធានាធិបតីអាម៉េរិកលោក Donald Trump អនុញ្ញាតឱ្យរុស្ស៊ីដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា បន្ទាប់ពីមានការបិទខ្ទប់មិនឱ្យប្រទេសនានាផ្គត់ផ្គង់ប្រេងចាប់តាំងពីខែមករា។ នេះបើយោងតាមការរាយការណ៍ពី France 24។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិកលោក Donald Trump បាននិយាយថា
“ប្រសិនបើប្រទេសណាចង់បញ្ជូនប្រេងខ្លះៗទៅប្រទេសគុយបានាពេលនេះ ខ្ញុំគ្មានបញ្ហាអ្វីនោះទេ មិនថាមកពីរុស្ស៊ី ឬអត់។ គុយបានឹងដួលរលំក្នុងពេលឆាប់ៗនេះ ដោយសារកំពុងស្ថិតនៅក្នុងរបបដឹកនាំដ៏អាក្រក់ និងពុករលួយ។ ខ្ញុំមិនខ្វល់នោះទេថា តើពួកគេទទួលបានប្រេង ឬអត់?”
នេះមានន័យថា ទីក្រុងមូស្គូអាចបញ្ជូនប្រេងទៅកាន់គុយបា ដែលកំពុងរងគ្រោះពីវិបត្តិថាមពលតាំងពីខែមករា ហើយការផ្គត់ផ្គង់ភាគច្រើនគឺជាប្រេងឆៅ។ ទោះបីជាការផ្គត់ផ្គង់នៃនឹងផ្តល់ភាពធូរស្រាលដល់គុយបាមួយកម្រិតក៏ដោយ ប៉ុន្តែលោក Trump បន្តប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្តរបស់ប្រទេសមួយនេះ ដោយគំរាមថា គុយបានឹងដួលរលំក្នុងរយៈពេលដ៏ខ្លី។
បន្ទាប់ពីកងកម្លាំងអាម៉េរិកបានចាប់ខ្លួនអតីតមេដឹកនាំវេណេស៊ុយអេឡា Nicolas Maduro ចាប់តាំងពីខែមករាមក គុយបាបាត់បង់សម្ព័ន្ធមិត្តក្នុងតំបន់ និងអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់ខ្លួន។ ចាប់តាំងពីពេលនោះ លោក Trump បានគំរាមដាក់ពន្ធលើប្រទេសទាំងឡាយណាដែលផ្គត់ផ្គត់ប្រេងទៅឲ្យគុយបា ដែលធ្វើឱ្យប្រធានាធិបតី Miguel Diaz-Canel ដាក់វិធានការបន្ទាន់ដើម្បីសន្សំសំចៃប្រេង និង គ្រប់គ្រងប្រេងក្នុងស្រុកយ៉ាងតឹងរឹង។
ក្នុងរយៈពេល ៣ ខែកន្លងមកនេះ តម្លៃប្រេងឥន្ធនៈនៅគុយបាឡើងថ្លៃ ខណៈដែលការដឹកជញ្ជូនសាធារណៈបានធ្លាក់ចុះប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានផ្អាកជើងហោះហើរទៅកាន់គុយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនគុយបារស់នៅក្នុងភាពលំបាកដោយសារការដាច់ភ្លើងជាប្រចាំ ខណៈដែលកន្លែងផលិតថាមពលអគ្គិសនីកាន់តែចាស់។ បញ្ហាទាំងនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចគុយបាយ៉ាងធ្ងន់ធ្ងរ។
កាលពីល្ងាចថ្ងៃអាទិត្យ នាវាដឹកប្រេងរុស្ស៊ី Anatoly Kolodkin ដែលកំពុងផ្ទុកប្រេងឆៅ ៧៣០ ០០០ បារ៉ែលបានចេញដំណើរពីភាគឦសាន និងអាចមកដល់កំពង់ផែភាគខាងលិចគុយបា Matanzas នៅថ្ងៃអង្គារ៍នេះ។ នាវាប្រេងរុស្ស៊ី Anatoly Kolodkin ជាប់ទណ្ឌកម្មរបស់អាម៉េរិកជាច្រើនខែមកហើយ។ នេះគឺជាការដឹកជញ្ជូនប្រេងទៅគុយបាជាលើកដំបូងចាប់តាំងពីខែមករា ដែលជាការផ្គត់ផ្គង់បណ្តោះអាសន្ន ខណៈដែលពលរដ្ឋគុយបាប្រហែល ៩,៦ លាននាក់រស់នៅក្នុងវិបត្តិថាមពល និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទៅៗ។
លោក Jorge Pinon អ្នកជំនាញផ្នែកថាមពលនៅសាកលវិទ្យាល័យ Texas លើកឡើងថា នៅពេលដែលប្រេងឆៅរបស់ Anatoly Kolodkin ទៅដល់គុយបា វានឹងចំណាយពេលប្រហែល ១៥ ទៅ ២០ ថ្ងៃដើម្បីចម្រាញ់ជាផលិតផលប្រេង និង ៥ ទៅ ១០ ថ្ងៃទៀតដើម្បីចែកចាយ។ ក្នុងពេលឥឡូវនេះ តម្រូវការបន្ទាន់របស់គុយបាគឺ ប្រេងម៉ាស៊ូត។ ប្រេងឆៅរបស់រុស្ស៊ីអាចចម្រាញ់ទៅជាប្រេងម៉ាស៊ូតប្រហែល ២៥០ ០០០ បារ៉ែល ដែលអាចបំពេញតម្រូវការរបស់គុយបាបានរយៈពេលប្រហែល ១២ ថ្ងៃ។ ដូច្នោះហើយ រដ្ឋាភិបាលគុយបានឹងត្រូវពិចារណាថា តើត្រូវប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ថាមពលអគ្គិសនី ឬ វិស័យដឹកជញ្ជូន?៕
