ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) បានអះអាងថា បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល។
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) បានប្រាប់ AMS Economy ថា អ្វីដែលជាចំណុចខ្លាំងរបស់សហគ្រាសនៅកម្ពុជាគឺមានវត្ថុធាតុដើមល្អ (កសិផល) និងផលិតផលដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់បែបវប្បធម៌។ ប៉ុន្តែចំពោះបញ្ហាប្រឈមគឺតម្លៃថ្លៃដើមនៃផលិតកម្មនៅខ្ពស់ រួមមានថាមពលអគ្គិសនី និងការដឹកជញ្ជូន ហើយងាកទៅបច្ចេកទេសវេចខ្ចប់ក៏នៅមានកម្រិត ពោលគឺអ្នកដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារអន្តរជាតិ (ISO, HACCP) មានតិចតួច។
លោកឧកញ៉ាបានបន្តថា ៖
«មុនពេលប្រកួតប្រជែងនៅខាងក្រៅត្រូវពង្រឹងនៅក្នុងស្រុកជាមុនតាមរយៈការសាកល្បងគុណភាពផលិតផលដែលទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅ។ បើឈ្នះក្នុងស្រុក ទើបមានដើមទុន និងបទពិសោធន៍ទៅប្រកួតក្រៅប្រទេស ហើយត្រូវធ្វើឱ្យស្របគ្នាដោយផ្ដោតលើ Standardization (ការធ្វើស្តង់ដារ)។ បើផលិតផលមានស្តង់ដារ ទោះលក់ក្នុងស្រុកក៏ចំណេញ ហើយនាំចេញក៏ងាយស្រួល»។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តគាំទ្រ និងជំរុញវិស័យ SME យ៉ាងពេញទំហឹង តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប រួមជាមួយនឹងស្ថាប័ន សហគ្រិនខ្មែរ (Khmer Enterprise) ផ្តល់ការបណ្តុះបណ្តាល និងថវិកាជំនួយ។ ក្រៅពីនេះ ក្នុងនាមវិស័យឯកជន និងក្នុងនាម សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម FASMEC បានជួយអភិវឌ្ឍសមត្ថភាព ដោះស្រាយបញ្ហាប្រឈម ជួយរកទីផ្សារ និងតភ្ជាប់ទំនាក់ទំនង។ ដោយឡែក ចំពោះអង្គការអន្តរជាតិមួយចំនួនទៀត ដូចជា UNDP, USAID, និង JICA ជាដើម បានជួយលើផ្នែកបច្ចេកទេស និងស្តង់ដារនាំចេញ។
សូមជាម្រាបដែរថា ពាក់ព័ន្ធទៅនឹងវិស័យ SME នៅកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាគ្នា ស្វែងរកគន្លឹះពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍលើវិស័័យសហគ្រាសធុនមីក្រូ តូច និងមធ្យម។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្របខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការអាស៊ាន ហើយកម្ពុជានៅតែបន្តខិតខំប្រឹងប្រែថជំរុញគំនិតផ្តួចផ្តើមនានា ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងសមាហរ័ណសហគ្រាសធុនមីក្រូ តូច និងមធ្យមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់។
ឯកឧត្តមបញ្ជាក់ថា ៖
«កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានសហការជិតស្និទ្ធជាមួយអាស៊ាន ដើម្បីគាំទ្រឧស្សាហូបនីយកម្ម និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។បន្ថែមពីនេះ កម្ពុជាបានត្រៀមលក្ខណៈក្នុងការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងសារសំខាន់នៃសុខដុមនីយកម្មស្តង់ដាអាស៊ាន ដើម្បីកាត់បន្ថយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម»។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា នេះជាឆ្នាំទី១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរយៈពេល១០ឆ្នាំរបស់អាស៊ាន ហើយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាន់តែមានសារសំខាន់នៅក្នុងបរិវត្តកម្មសេដ្ឋកិច្ចតំបន់។
ឯកឧត្តមបានបន្ថែមថា៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីគន្លឹះក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសក្នុងការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃអាស៊ាន និងសកល៕