បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្រូវការ​កម្លាំងពលកម្មជំនាញ​នៅកម្ពុជា​កើនឡើង​ជា​លំដាប់ ស្រប​នឹង​កំណើន​វិនិយោគថ្មីៗចូលមកជា​បន្តបន្ទាប់​

តម្រូវការ​កម្លាំងពលកម្មជំនាញ​នៅកម្ពុជា​កើនឡើង​ជា​លំដាប់ ស្រប​នឹង​កំណើន​វិនិយោគថ្មីៗចូលមកជា​បន្តបន្ទាប់​

ភ្នំពេញ ៖ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើន​នៃកា​រវិនិយោគនៅក្នុងប្រទេស​កម្ពុជា​ទាំង​ការ​វិនិយោគមកពីបរទេស និងការ​វិនិយោគពីសំណាក់​វិនិយោគិនក្នុងស្រុក បានកើនឡើង​ជា​លំដាប់ ។ តាមរយៈកំណើន​នៃការ​វិនិយោគទាំងនេះដែរ បានធ្វើឱ្យតម្រូវការ​កម្លាំងពលកម្មជំនាញនៅកម្ពុជា​កើនឡើងជា​បន្ត​បន្ទាប់ដែរ ស្រ​បគ្នានឹងពលករ​កម្ពុជា​វិល​ត្រលប់មកពីប្រទេស​ថៃក៏កាន់តែច្រើន ។

Advertisement

ថ្លែងក្នុងវេទិកា​វិនិយោគកម្ពុជាឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី០៧ ឧសភា ២០២៦ ឯកឧត្តម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ការ​វិនិយោគថ្មីៗមកកាន់ប្រទេស​កម្ពុជា​មានកំណើនជា​លំដាប់ ដូច្នេះ​តម្រូវការ​កម្លាំងពលកម្ម​ ទាំង​ជំនាញ និងមិនជំនាញ ក៏មានការកើនឡើង​ស្រប​គ្នាដែរ​ ។ ការ​វិល​ត្រលប់របស់ពលករ​កម្ពុជា​មកពីប្រទេសថៃ ចូលមក​ប្រទេសកម្ពុជា​​វិញ​នាពេលនេះ ពោលគឺក្នុងពេលកម្ពុជា​​កំពុង​មានតម្រូវការកម្លាំង​ពលកម្ម​​ស្រាប់ គឺជា​ឱកាស​ល្អទាំង​ពលករ និង​វិនិយោគិន ។ ឯកឧត្តមបញ្ជាក់ថា ៖

« ការ​ធ្វើមាតុភូមិនិវត្តន៍​របស់ពលករ​កម្ពុជាមកពីថៃ ក្នុងពេល​កំណើន​វិនិយោគ​ថ្មីៗកើនឡើងជា​លំដាប់​នេះ បានបំពេញ​នូវ​តម្រូវការ​កម្លាំងពលកម្មដល់សហគ្រាសដែល​ខ្វះបានមួយ​ផ្នែកធំ » ។

ឯកឧត្តម​បន្តថា កន្លងមកឯកឧត្តមមានក្ដីព្រួយបារម្ភខ្លាច​ខ្វះខាតកម្លាំងពលកម្មនៅពេលមានកំណើន​វិនិយោគិន​ចូលមកវិនិយោគនៅកម្ពុជា​កាន់តែច្រើន ប៉ុន្តែនៅពេល​មាន​ជម្លោះព្រំដែនជាមួយប្រទេសថៃ ធ្វើឱ្យពលករ​កម្ពុជា​ត្រលប់មកពីប្រទេសថៃច្រើន ដែលនាំកម្លាំង​ពលកម្មក្នុងស្រុក​លែង​ខ្វះខាត​ទៀត ។ ចំណែកក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបំពេញភារៈកិច្ចរបស់ខ្លួន​បានយ៉ាងល្អឥតខ្ចោះ ជាក់ស្ដែង​ក្រសួង​បានរៀបចំចាំទទួលពលករ​ត្រលប់មកពីប្រទេស​ថៃ នៅមាត់ច្រក​ព្រំដែនតែម្ដង និង​បាននាំយកឱកាស​ការងារល្អៗ ដល់ពលករ សម្ភាសន៍​នៅនឹង​កន្លែង ក្នុងនោះមានពលករ​ខ្លះទទួលបានការ​ងារ​ភ្លាមៗ បន្ទាប់ពីចូលមកកម្ពុជា​ ដោយមិនទាន់ទាំង​បានដល់ផ្ទះផង ហើយពលករ​ខ្លះទៀត រង់ចាំដល់ផ្ទះសិន​ទើប​ស្វែងរកការងារ​ធ្វើ ។​

ឯកឧត្តម​បន្ថែមថា ៖

«កម្ពុជានៅតែ​បន្ត​ទាក់ទាញវិនិយោគិនបរទេស​ចូលមក​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា​ តាមរយៈការ​លើក​ចិត្តពិសេស​ដល់​វិនិយោគិន​ ដូច្នេះវិនិយោគិន​​គួរតែចាប់ឱកាស​នេះ ក្នុងការ​បណ្ដាក់ទុនវិនិយោគ​ដើម្បីទទួលបាន​ប្រាក់ចំណេញ និង​ទាន់ឱកាស​មានការ​លើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាល»។

លោក​ ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានថ្លែ​ងប្រាប់បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា មកដល់ពេលនេះ ពលក​រកម្ពុជា​ត្រលប់មកពីប្រទេសថៃ សរុបជាង ​៦៥ម៉ឺននាក់​ហើយ​ទទួលបានការងារ​ធ្វើ​ ក្នុង​ចំណោម​ពលករសរុបត្រលប់មកវិញប្រមាណ១លាននាក់ ។ ក្នុងចំណោមពលករ​មកពីថៃជាង​៦៥​ម៉ឺននាក់ដែលទទួលបានការងារធ្វើក្នុងស្រុកនេះ បានបង្ហាញពីការផ្ដល់កម្លាំងពលកម្មដល់​សហគ្រាស​នានា​ទូទាំង​ប្រទេស និងបានរួម​ចំណែក​បម្រើដល់​ខ្សែច្រវាក់ផលិតកម្ម​នៅកម្ពុជា ។

លោក​បន្តថា ឆ្លើយតបទៅនឹង​កំណើន​នៃការ​វិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ក្រសួង​ការងារ​ដែលជាសេនាធិការ​របស់រាជរដ្ឋាភិបាល បានត្រៀម​ខ្លួនរួចជាស្រេច ក្នុងការ​ផ្ដល់ជំនាញជូន​បងប្អូនកម្ពុជា ទាំង​អតីតពលករ​មកពីប្រទេសថៃ និង​យុវជន​នៅក្នុងស្រុក​ ដែលពិសេស​នោះគឺ​យុវជនក្រីក្រ និង​ងាយរង​ហានិភ័យ​ តាម​​រយៈការ​បណ្ដុះបណ្ដាល​ជំនាញ ជាពិសេស​កម្មវិធី TVET 1.5លាននាក់​ ដែលមកដល់​ពេលនេះ បានបណ្ដុះបណ្ដាល​យុវជន​សរុបជាង​២៧ម៉ឺននាក់ និងកំពុង​ត្រៀមខ្លួន​បណ្ដុះបណ្ដាលជំនាញបន្ថែមដល់យុវជនកម្ពុជា​ឱ្យមានជំនាញ ដើម្បីឆ្លើយតបនឹង​ទីផ្សា​រការងារ​នៅពេលបច្ចុប្បន្ន​និងអនាគត ។

គួរ​រម្លឹកថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​គម្រោង​ចំនួន ៦៣០គម្រោ​ង​ជាមួយនឹងទុនវិនិយោគចំនួន ១០ពាន់លានដុល្លារអាម៉េរិក ។ គម្រោងវិនិយោគទាំង​នេះ នឹងត្រូវ​ការកម្លាំងពលកម្ម ឬបង្កើតជា​ឱកាស​ការងារ​សរុប​ចំនួនជិត​៤៤ម៉ឺននាក់ ។ ដោយឡែក​ក្នុង​រយៈពេល១ត្រីមាស​ឆ្នាំ២០២៦នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានអនុម័តគម្រោងវិនិយោគសរុប​ចំនួន១៤៦​គម្រោង​ជាមួយ​នឹងទុនវិនិយោគចំនួន២,៥ពាន់លានដុល្លារ​ ដែល​នឹង​ត្រូវការ​កម្លាំង​ពលកម្ម​ចំនួន​៨ម៉ឺន២ពាន់នាក់ ៕​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា