ភ្នំពេញ ៖ ឧបករណ៍និស្សន្ទ ជាទីផ្សារថ្មីមួយនៃវិស័យហិរញ្ញវត្ថុ បានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយមានទំហំជួញដូរត្រឹមតែ ៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ ហើយបានកើនឡើងជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ២០២៤ ទំហំជួញដូរឧបករណ៍មានទំហំ ៣០០លានដុល្លារអាម៉េរិក ។ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ទំហំជួញដូរមានទំហំទឹកប្រាក់ ១១៣លានដុល្លារអាម៉េរិក។ នេះបើតាម ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ថ្លែងក្នុងសិក្ខាសាលាស្ដីពីឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ កាលពីព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ ។
ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា ទីផ្សារឧបករណ៍និស្សន្ទត្រូវបានឡើង និងដាក់ឱ្យដំណើរការតាមរយៈប្រកាសស្ដីពីការផ្ដល់អាជ្ញាបណ្ណ និងការគ្រប់គ្រងការជួញដូរឧករណ៍និស្សន្ទ ត្រូវបានអនុម័តក្នុងខែកក្កដា ឆ្នាំ២០១៥ និងបានផ្ដល់អាជ្ញាបណ្ណដល់តួអង្គសំខាន់ៗ ដូចជា ក្រុមសមភាគីកណ្ដាល និងឈ្មួញជើងសារឧបករណ៍និស្សន្ទ និងអនុញ្ញាតឱ្យមានការជួញដូរឧបករណ៍និស្សន្ទក្នុងអំឡុងឆ្នាំ២០១៦ ។
ឯកឧត្តមបន្តថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវប្រកាស និងបទប្បញ្ញត្តិចំនួន ១០៧ ដើម្បីគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រដែលឆ្លើយតបនឹងតម្រូវការ និងបរិបទនៃវិស័យនេះ ។ គិតមកដល់បច្ចុប្បន្ននេះ និយ័តករមូលបត្រកម្ពុជា បានផ្ដល់អាជ្ញាបណ្ណ អនុញ្ញាត និងការទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្ដល់សេវាក្នុងវិស័យមូលបត្រប្រមាណ ១៣០ក្រុមហ៊ុន ដែលក្នុងនោះ មានក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទចំនួន ២៤ក្រុមហ៊ុន, ក្រុមហ៊ុនសមភាគីកណ្ដាលចំនួន៥ និងឈ្មួញជើងសារឧបករណ៍និស្សន្ទមានចំនួន ១៩ក្រុមហ៊ុន ។
លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសារឧបករណ៍និស្សន្ទនៅកម្ពុជា និងជានាយិកាប្រតិបត្តិក្រុមហ៊ុន ប៊ីអេហ្វអិក ខាភីថល បានមានប្រសាសន៍ថា បច្ចុប្បន្នមនុស្សកំពុងរស់នៅក្នុងយុគសម័យមួយដែលពិភពលោកមានទំនាក់ទំនងយ៉ាងស្អិតល្មួត ។ សង្គ្រាមនៅអ៊ុយក្រែន ឬភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាលនៅតំបន់មជ្ឈិមបូព៌ា ដូចជានៅប្រទេសអ៊ីរ៉ង់ មិនមែនជារឿងដែលឆ្ងាយពីយើងទៀតទេ ។ ព្រឹត្តិការណ៍ទាំងនេះបានបង្កើតឱ្យមានរលកនៃវិបត្តិអតិផរណា និងធ្វើឱ្យតម្លៃហាងឆេងនៃទ្រព្យសកម្មមូលដ្ឋានដូចជាមាស ប្រាក់ និងប្រេង ឡើងចុះក្នុងកម្រិតមួយដ៏គំហុក ដែលពិបាកនឹងប៉ាន់ស្មាន ។
លោកស្រីបន្តថា សម្រាប់អ្នកជំនួញ និងម្ចាស់អាជីវកម្មនៅក្នុងខេត្តបាត់ដំបង ដែលកាន់កាប់ទ្រព្យសកម្មទាំងនេះ ការប្រែប្រួលនេះ អាចជាហានិភ័យដ៏ធំមួយ ។ ដូច្នេះហើយ ទីផ្សារឧបករណ៍និស្សន្ទ ដើរតួនាទីយ៉ាងសំខាន់ ដែលមិនមែនត្រឹមតែជាកន្លែងសម្រាប់ការវិនិយោគយកចំណេញនោះទេ ប៉ុន្តែជាខែលការពារហិរញ្ញវត្ថុដ៏រឹងមាំ ដើម្បីធានាថា តម្លៃទ្រព្យសកម្មរបស់លោកអ្នកត្រូវបានការពារយ៉ាងសុវត្ថិភាព ពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ៕