បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការផលិតជីកសិកម្មក្នុងស្រុកជួយកាត់បន្ថយចំណាយលើការនាំចូលជាង ១៧លានដុល្លារ

ការផលិតជីកសិកម្មក្នុងស្រុកជួយកាត់បន្ថយចំណាយលើការនាំចូលជាង ១៧លានដុល្លារ

ភ្នំពេញ ៖ វត្តមានក្រុមហ៊ុនផលិតជីកសិកម្មក្នុងស្រុក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយលើចំ​ណាយនៃការនាំចូលជីកសិកម្មពីក្រៅប្រទេសបានប្រមាណជាង ១៧លានដុល្លារនៅឆ្នាំ២០២៥។

Advertisement

លោកបណ្ឌិត​ សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានជីកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិតជីកសិកម្មលក្ខណៈសិប្បកម្មខ្នាតតូចចំនួន ២៥ ក្រុមហ៊ុន ដែលមានសមត្ថភាពផលិតជីសរីរាង្គបានសរុបរហូតដល់ ១៨ម៉ឺនតោនក្នុងមួយឆ្នាំ។ ដោយឡែក នៅក្នុងឆ្នំា២០២៥ ក្រុមហ៊ុនខាងលើផលិតជីតាមការបញ្ជាទិញរបស់កសិករក្នុងស្រុកសរុប ៧០ ០០០តោន មានតម្លៃប្រមាណជា ១៧.៥លានដុល្លារ​ ដែលភាគច្រើនជាជីសរីរាង្គ។

លោកបញ្ជាក់ថាដូច្នេះថា ៖

«ការផលិតជីកសិកម្មក្នុងស្រុកនេះ គឺជាការចូលរួមចំណែកដ៍សំខាន់ក្នុងការកាត់បន្ថយចំណាយលើការនាំចូលជីកសិកម្មពីក្រៅប្រទេសបានមួយចំណែក ហើយក៏ជាការបង្កើនការប្រកួតប្រជែងក្នុងស្រុកផងដែរ»។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតជីកសិកម្មខ្នាតតូចខាងលើ ភាគច្រើនមានលក្ខណៈជាសិប្បកម្មផលិតជីសរីរាង្គ និងពាក់កណ្តាលសរីរាង្គ​ ដោយមិនរាប់បញ្ចូលក្រុមហ៊ុនខ្នាតមធ្យម និងធំ ដូចជា ក្រុមហ៊ុន ម៉ុង ឬទ្ធី និងក្រុមហ៊ុន វីរៈ ប៊ុនថំា នៅឡើយ។

លោក យន់ សុផាត ស្ថាបនិកក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឆ័របានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០២៥ ក្រុមហ៊ុនរបស់លោកផលិតជីសរីរាង្គលក់ឱ្យកសិករក្នុងស្រុកសរុបចំនួន ៥០​ ០០០ ម៉ឺនតោន ដែលភាគច្រើនត្រូវបានប្រើប្រាស់លើដំណាំកៅស៊ូ ធុរេន ស្វាយចន្ទីរ និងដំណាំអនុផលផ្សេងៗទៀត។​ ដោយឡែកកសិករដែលប្រកបរបរដាំដុះដំណាស្រូវ ពោត សណ្តែក ជាដើម នៅមិនទាន់មានទំនោរប្រើជីសរីរាង្គនៅឡើយ។

លោកបញ្ជាក់ថា ៖

«បច្ចុប្បន្ន ខ្ញុំកំពុងកែច្នៃចង្វាក់ផលិតកម្មរោងចក្រផលិតជាជីពាក់កណ្តាលសរីរាង្គមួយផ្នែកបន្ថែមទៀត និងដាក់ផែនការលក់ឱ្យបានដល់ ១០ម៉ឺនតោនក្នុងឆ្នាំ២០២៦ តាមរយៈការបញ្ជ្រាបចូលទីផ្សារទៅកាន់កសិករធ្វើស្រូវ ពោត ណ្តែក និងដំណាំផ្សេងៗទៀត»។   

អ្នកជំនាញកសិកម្មបានអះអាងថា ការប្រើប្រាស់ជីសរីរាង្គធ្វើឱ្យដំណាំកសិកម្មមានការរីកលូតលាស់យឺតជាងការប្រើប្រាស់ជីគីមី ប៉ុន្តែជីសរីរាង្គផ្តល់អត្ថប្រយោជន៍ច្រើនដល់កសិករ រួមមានការកែប្រែគុណភាពដី កែប្រែគុណភាពផលិតផលកសិកម្ម និងជួយដល់សុខភាពមនុស្សដែលជាអ្នកទទួលទានទៀតផង។

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានចំណាយថវិកាប្រមាណជា ៦៤០លានដុល្លារ សម្រាប់ការនាំចូលជី និងថ្នាំកសិកម្មពីក្រៅប្រទេស ដោយក្នងនោះនាំចូលពីប្រទេសវៀតណាម ថៃ កូរ៉េ ជប៉ុន និងចិន ជាដើម៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា