បរទេស៖ តាមរយៈរបាយការណ៍បង្ហាញពីទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុ កាតព្វកិច្ចប្រចាំឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២៥ អាចរកចំណូលបានជាង ១ ពាន់លានដុល្លារពីការធ្វើអាជីវកម្មគ្រីបតូ រួមជាមួយនឹងប្រាក់ចំណូលជាច្រើនលានដុល្លារទៀតពីការប្រកបអាជីវកម្មចម្រុះរបស់លោក។
តាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានរាយការណ៍ពីប្រាក់ចំណូលរបស់លោកកាលពីឆ្នាំ២០២៥កន្លងទៅ លោកទទួលបានលុយចំនួន ៦៣៥លាន ពីកាក់ Trump Meme Coin ហើយទឹកប្រាក់ជាង ៥០០ លានដុល្លារបន្ថែមទៀតបានពីក្រុមហ៊ុន គ្រីបតូ World Liberty Financial ដែលបង្កើតឡើងដោយកូនប្រុសបង្កើតរបស់លោកផ្ទាល់ សហការជាមួយកូនរបស់លោក Steve Witkoff ដែលជាបេសកជនពិសេស។ ក្រៅពីចំណូលដែលមានប្រភពពីគ្រីបតូ លោក ដូណាល់ ត្រាំ ក៏អាចរកលុយបានរាប់លានដុល្លារបន្ថែមទៀតពីអាជីវកម្មអចលនទ្រព្យ និងការលក់ផលិតផលម៉ាក Trump ផងដែរ។
ទោះជាយ៉ាងណាក្តី សេតវិមានបានបដិសេធចំពោះការចោទប្រកាន់ទាំងឡាយណាដែលលើកឡើងថា លោក ត្រាំ កំពុងទាញយកផលប្រយោជន៍ហិរញ្ញវត្ថុពីតំណែងប្រធានាធិបតី ដោយសារតួលេខចំណូលដែលបានលាតត្រដាងចុងក្រោយនេះ មានចំនួនច្រើនខ្លាំងបើធៀបនឹងប្រាក់ចំណូលជាង ៦០០ លានដុល្លាររបស់គាត់នៅក្នុងឆ្នាំ២០២៤។ សេតវិមានបានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា លោក ត្រាំ បានផ្ទេរអាជីវកម្មទាំងអស់របស់លោកទៅឱ្យសហគ្រាសដែលគួរឱ្យទុកចិត្តបំផុត ក្រោមការគ្រប់គ្រងដោយកូនប្រុសរបស់លោក និងមិនធ្លាប់មានបញ្ហាទំនាស់ផលប្រយោជន៍ណាមួយកើតឡើងនោះឡើយ។
កាលពីមុន លោក ដូណាល់ ត្រាំ ធ្លាប់រិះគន់រូបិយប័ណ្ណគ្រីបតូយ៉ាងខ្លាំង ដោយហៅកាក់ Bitcoin ថាជា ការបោកប្រាស់ និងជាគ្រោះមហន្តរាយដែលរង់ចាំតែថ្ងៃផ្ទុះឡើងប៉ុណ្ណោះ។ ប៉ុន្តែ ផ្ទុយទៅវិញ របាយការណ៍ហិរញ្ញវត្ថុដែលបានលាតត្រដាងកាលពីថ្ងៃអង្គារ៍កន្លងទៅនេះបង្ហាញថា ប្រាក់ចំណូលពីគ្រីបតូរបស់លោក ត្រាំ មានចំនួនលើសពីចំណូលពីអាជីវកម្មអចលនទ្រព្យ ដែលជាវិស័យធ្លាប់ធ្វើឱ្យលោកល្បីល្បាញដំបូងគេទៅទៀត។
លោក ដូណាល់ ត្រាំ រកចំណូលបានប្រហែល ៧៧ លានដុល្លារពីក្លឹបកម្សាន្តឯកជន Mar-a-Lago និង ១២២ លានដុល្លារពីក្លឹបវាយកូនហ្គោលនៅតំបន់ Doral រដ្ឋផ្លរីដា។ លើសពីនេះ លោក ត្រាំ ក៏រកបានជាង ៣០ លានដុល្លារពីក្លិបវាយកូនហ្គោលនៅ Bedminster, Jupiter, និង Turnberry ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោក ត្រាំ ក៏អាចរកប្រាក់បានរាប់លានដុល្លារពីការបណ្តាក់ទុនអាជីវកម្មផ្សេងទៀតរួមមាន ប្រាក់កម្រៃសិទ្ធិអ្នកនិពន្ធចំនួន ៤,៧ លានដុល្លារពីការលក់នាឡិកាម៉ាក Trump, គម្ពីរប៊ីប, ស្បែកជើងប៉ាតា, ទឹកអប់ និងហ្គីតា ដែលប្រើប្រាស់ក្រោមម៉ាកសញ្ញារបស់លោក។
ក្រៅពីប្រាក់ចំណូលពីអាជីវកម្ម លោក ដូណាល់ ត្រាំ ក៏បានចុះបញ្ជីប្រាក់ចំណូលរាប់លានដុល្លារពីការដោះស្រាយវិវាទផ្លូវច្បាប់ផងដែរ រួមមាន៖ ១៦ លានដុល្លារពីការប្តឹងផ្តល់ប្រឆាំងនឹងទូរទស្សន៍ ABC, ១៦ លានដុល្លារពីក្រុមហ៊ុន CBS Broadcasting និង CBS Interactive, ២៤,៥ លានដុល្លារពីក្រុមហ៊ុន Meta, ២២ លានដុល្លារពី YouTube និង ៨ លានដុល្លារពីបណ្តាញសង្គម។ យ៉ាងណាមិញ សេតវិមានបានបញ្ជាក់ថា ទឹកប្រាក់ភាគច្រើនដែលទទួលបានពីការដោះស្រាយក្តីផ្លូវច្បាប់ទាំងនោះ ត្រូវបានបង្វែរទៅប្រើប្រាស់សម្រាប់មូលនិធិបណ្ណាល័យប្រធានាធិបតីរបស់លោក ត្រាំ ទៅថ្ងៃអនាគត ឬ ជូនទៅអង្គការមិនស្វែងរកប្រាក់ចំណេញដែលថែទាំឧទ្យាននានានៅក្នុងវ៉ាស៊ីនតោន៕