បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Donald Trump គំរាមដំឡើងពន្ធ ១០០% លើបណ្តាប្រទេសអឺរ៉ុបណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនអាម៉េរិក

លោក Donald Trump គំរាមដំឡើងពន្ធ ១០០% លើបណ្តាប្រទេសអឺរ៉ុបណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនអាម៉េរិក

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក Donald Trump គំរាមដាក់ពន្ធនាំចូលរហូតដល់ ១០០ ភាគរយលើបណ្តាប្រទេសនៅអឺរ៉ុបទាំងឡាយណា ដែលអនុវត្តការយកពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនអាម៉េរិក។ នេះបើយោងតាមការរាយការណ៍ពី The Guardian។

Advertisement

កាលពីពេលថ្មីៗនេះ លោក Trump សរសេរបង្ហោះលើ Truth Social ថា៖ “មានប្រទេសអឺរ៉ុបជាច្រើនកំពុងពិភាក្សាគ្នាអំពីការដាក់ពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនអាម៉េរិក ហើយប្រទេសមួយចំនួនជិតឈានដល់ការអនុវត្តជាក់ស្តែងហើយ។ សូមឱ្យសេចក្តីប្រកាសនេះក្លាយជាការព្រមានថា ប្រទេសណាទាំងឡាយណាដែលអនុវត្តពន្ធបែបនេះ នឹងត្រូវប្រឈមមុខជាមួយការដំឡើងពន្ធ ១០០ ភាគរយភ្លាមៗលើទំនិញទាំងអស់ដែលនាំចេញមកកាន់អាម៉េរិក។”

ការគំរាមបែបនេះអាចនឹងផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្មសកល ដោយសារ ប្រសិនបើលោក Trump ធ្វើតាមការព្រមាននេះមែន នោះសហភាពអឺរ៉ុបត្រៀមនឹងចាត់វិធានការសងសឹកទៅវិញ។ បច្ចុប្បន្ននេះ បារាំង អេស្ប៉ាញ និងអ៊ីតាលីកំពុងអនុវត្តការយកពន្ធលើសេវាកម្មឌីជីថលក្នុងកម្រិត ៣ ភាគរយលើក្រុមហ៊ុនធំៗដែលដំណើរការនៅក្នុងប្រទេសរបស់ពួកគេ ខណៈដែលសមាជិកជាច្រើនទៀតបានស្នើឡើងនូវគោលនយោបាយស្រដៀងគ្នានេះដែរ។

ដោយឡែក ចក្រភពអង់គ្លេសយកពន្ធ ២ ភាគរយលើសេវាកម្មឌីជីថល ដែលអនុវត្តលើបណ្តាញផ្សព្វផ្សាយសង្គម, ម៉ាស៊ីនស្វែងរកធំៗ ឬ Search engines, និងទីផ្សារអនឡាញ។ យោងតាមក្រសួងហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ពន្ធលើសេវាកម្មឌីជីថលនេះត្រូវបានអនុវត្តលើក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកធំៗ ដូចជា Apple, Google និង Amazon ជាដើម និងប្រមូលចំណូលចូលថវិកាជាតិលើសពី ៨០០ លានផោន (ជិត ១ ពាន់លានដុល្លារ) ក្នុងអំឡុងឆ្នាំ ២០២៤-២០២៥។

មូលហេតុទាំងនេះធ្វើឱ្យលោក Donald Trump ខឹងសម្បា និងគំរាមចង់ដំឡើងពន្ធ ១០០ ភាគរយលើការនាំចូលទំនិញពីសហភាអឺរ៉ុប។

កន្លងមក លោក Trump តែងតែរិះគន់ខ្លាំងៗចំពោះបណ្តាប្រទេសដែលព្យាយាមដាក់ពន្ធ ឬគ្រប់គ្រងលើក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិក ហើយលោកធ្លាប់គំរាមដាក់ពន្ធលើប្រទេសណាដែលហ៊ានធ្វើបែបនេះជាច្រើនលើកមកហើយ។ កាលពីខែមេសាកន្លងទៅនេះ លោក Trump រិះគន់ប្រទេសទាំងនោះថា ពួកគេបានកេងចំណេញពីអាម៉េរិក និងរកលុយបានយ៉ាងងាយស្រួល។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យសហភាពអឺរ៉ុបឆ្លើយតបថា ពួកគេនឹងរក្សាសិទ្ធិក្នុងការការពារខ្លួនប្រឆាំងនឹងការដំឡើងពន្ធបែបនេះ។

លោក Olof Gill អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប​ លើកឡើងថា “វិធានការឯកតោភាគីបែបនេះ គឺជារឿងគ្មានហេតុផលទាល់តែសោះ។ ប្រសិនបើនៅតែបន្តចាត់វិធានការបែបនេះ សហភាពអឺរ៉ុបនឹងឆ្លើយតបវិញយ៉ាងរហ័ស និងម៉ឺងម៉ាត់បំផុត ដើម្បីការពារសិទ្ធិ និងស្វ័យភាពបទប្បញ្ញត្តិរបស់ខ្លួន។ ពន្ធលើសេវាកម្មឌីជីថលមិនបានកំណត់គោលដៅលើក្រុមហ៊ុនមកពីប្រទេសណាមួយជាក់លាក់នោះទេ ពោលគឺអនុវត្តចំពោះក្រុមហ៊ុនធំៗទាំងអស់ ដោយមិនគិតពីប្រភពដើមរបស់ពួកគេឡើយ៕”

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា