បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកសេដ្ឋកិច្ច ៖ យ៉ាងហោចណាស់ទឹកប្រាក់ជាង ៦០០លានដុល្លារបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចនាអំឡុងបុណ្យចូលឆ្នាំខ្មែរ

អ្នកសេដ្ឋកិច្ច ៖ យ៉ាងហោចណាស់ទឹកប្រាក់ជាង ៦០០លានដុល្លារបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចនាអំឡុងបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា យ៉ាងហោចណាស់មានថវិកាសរុបប្រមាណជាង ៦០០លានដុល្លារអាម៉េរិក ត្រូវបានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចសង្គម អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ នៃឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ ការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចបែបនេះត្រូវបានធ្វើឡើងក្រោយពីក្រសួងទេសចរណ៍បង្ហាញស្ថិតិពលរដ្ឋដែលជាទេសចរជាតិ និងទេសចរអន្តរជាតិចេញដើរកម្សាន្ត​ក្នុងអំឡុងពេលចូលឆ្នាំថ្មី២០២៦ កន្លងទៅ ក្នុងចំនួនប្រមាណជា ២១ ០៩២ ៤៤៦ នាក់នៅទូទាំងប្រទេសកម្ពុជា។

Advertisement

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ទោះបីជាតម្លៃប្រេងឥន្ធនៈមានសន្ទុះហក់ឡើងខ្ពស់ក៏ដោយ ក៏ពលរដ្ឋកម្ពុជានៅតែមានថវិកាសម្រាប់ដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ ឬកន្លែងកម្សាន្តនានានៅទូទាំងប្រទេស ដែលមានសន្ទុះកើនឡើងរហូតដល់ ២១ ០៩២ ៤៤៦ នាក់ឯណោះ។

លោកបណ្ឌិតអះអាងថា បើតាមការប៉ាន់ស្មានយ៉ាងហោចប្រជាពលរដ្ឋម្នាក់បានចំណាយថវិកា ១០ដុល្លារក្នុងមួយថ្ងៃសម្រាប់ដើរលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ហើយបើគិតសរុបជាង ២១លាននាក់ យ៉ាងហោចមានថវិការប្រមាណជា ៦៣០លានដុល្លារ ត្រូវបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចសង្គម ក្នុងរយៈពេល០៣ថ្ងៃនេះ។

លោកបញ្ជាក់ថា​​ ៖

«បើយើងនិយាយជាទូទៅថា ស្ថានភាពជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ត្បិតតែមិនសូវមានថវិកាច្រើន ឬចំណូលខ្ពស់ តែក៏យើងអាចនិយាយបានថា ពួកគាត់ចេះសន្សំសំចៃថវិការបស់គាត់ ចេះសន្សំទុកដើម្បីចាយវាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ»។

ទោះជាយ៉ាងណា ចំនួនថវិកាខាងលើនេះមិនរាប់បញ្ចូលសម្រាប់ពលរដ្ឋធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ឬធ្វើដំណើរកម្សាន្តពីក្រៅប្រទេសមកកម្ពុជា ឬការចំណាយផ្សេងៗនៅមុនថ្ងៃចូលឆ្នាំនោះទេ ដូចជាការទិញផ្លែឈើសម្រាប់សែនព្រេនទទួលទេវតា ហើយក្រោយចូលឆ្នាំនៅតំបន់មួយចំនួនពលរដ្ឋនៅតែបន្តការលេងកម្សាន្ត ដែលអូសបន្លាយរហូតដល់ថ្ងៃចុងសប្តាហ៍ថែមទៀត។

យោងតាមស្ថិតិក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងចំនួនភ្ញៀវទេសចរ ២១ ០៩២ ៤៤៦ នាក់នោះ មានភ្ញៀវទេសចរជាតិសរុបចំនួន ២១ ០២១ ២៥៥នាក់ និងភ្ញៀវទេចរអន្តរជាតិប្រមាណ ៧១ ១៩១នាក់។ ក្នុងនោះរាជធានីខេត្តចំនួន៥ ដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេរួមាន ១.រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរសរុបចំនួន ៤ ៤០២ ០៩២នាក់ ២.ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរសរុបចំនួន ៤ ១៧៨ ៦២៣នាក់ ៣.ខេត្តព្រៃវែងសរុបចំនួន ២ ៣២៣ ០៩៦ នាក់ ៤.ខេត្តសៀមរាបសរុបចំនួន ១ ៧៩២ ៤៣៨នាក់ និង៥.ខេត្តកំពង់ស្ពឺមានចំនួនសរុប ១ ៧១២ ០០០នាក់៕  

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា