បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

ភ្នំពេញ ៖ សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល។

Advertisement

កាលពីយប់ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះយ៉ាងគំហុកពីតម្លៃជិត ១២០ ដុល្លារ មកក្រោម ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយការថ្លែងរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ថា សង្រ្គាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឈានជិតដល់ទីបញ្ចប់ហើយ។

តម្លៃប្រេងសកលបានហក់ឡើងយ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកប្រតិបត្តិការយោធាលើប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងធំបំផុតមួយ​របស់​ពិភពលោក និងជាម្ចាស់ច្រកផ្លូវទឹកយុទ្ធសាស្ត្រដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក គឺ ច្រកសមុត្រ Hormuz

អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច បានព្យាករថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងធ្លាក់ចុះមកវិញ ក្រោយការប្រកាសតម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី១១ ខែមីនា ដោយយោងតាមសម្ពាធនៃការធ្លាក់ថ្លៃប្រេងលើទីផ្សារសកល។

កាលពីសប្តាហ៍មុន តម្លៃប្រេងសាំង​ និងម៉ាស៊ូតបានហក់ឡើងដល់ ៤,៤០០ រៀល និង ៥,១៥០ រៀល ក្នុងមួយលីត្រ ដែលការកើនឡើងនេះចន្លោះពី ៥៥០រៀល សម្រាប់ប្រេងសាំង និង ១,៣០០ រៀល សម្រាប់ប្រេងម៉ាស៊ូត។ អ្នកសេដ្ឋកិច្ចដដែលកត់សម្គាល់ថា ជានិច្ចកាលទីផ្សារប្រេងក្នុងស្រុកតែងមានសន្ទុះឡើងថ្លៃយ៉ាងរហ័ស ប៉ុន្តែការចុះថ្លៃវិញមានសភាពយឺតយ៉ាវ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ៖

«ខ្ញុំសង្ឃឹមថា ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការជាមួយក្រុមហ៊ុនប្រេង ឲ្យមានតម្លាភាពជាមួយទីផ្សារពិភពលោក ហើយនឹងតម្លៃនៅលើទីផ្សារកម្ពុជា»។

ក្រសួងពាណិជ្ជកម្មបានកំណត់​តារាងតម្លៃប្រេងឥន្ធនៈថ្មីរាងរាល់ ១០ថ្ងៃម្តង កាលពីពេលមុន។ ប៉ុន្តែទើបតែបាន​កែសម្រួល​ការកំណត់តម្លៃថ្មី​សម្រាប់រយៈ​ពេល​ត្រឹមតែ​ ៣ថ្ងៃ កាលពីថ្ងៃទី ៨​ ខែមីនា។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន AMS លោក អឿន សុខន អ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកតាមដានសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាអាចនឹងធ្លាក់ចុះមកវិញ ផ្អែកលើស្ថានភាពជាក់ស្ដែងនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន ប្រសិនបើទីផ្សារអន្តរជាតិបន្តនិន្នាការធ្លាក់ចុះបែបនេះ។ បន្ថែមលើនេះ លោកបានកត់សម្គាល់ថា កត្តាអត្រាប្តូរប្រាក់ដុល្លារអាម៉េរិក និងគោលនយោបាយពន្ធនាំចូល ក៏ជាកាតាលីករដ៏សំខាន់ក្នុងការកំណត់តុល្យភាពតម្លៃប្រេងក្នុងស្រុកផងដែរ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីសប្តាហ៍មុនថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈក្នុងស្រុក គឺផ្អែកទៅលើថ្លៃដើមនៃការនាំចូលជាក់ស្ដែង។

ឯកឧត្តមបានថ្លែងថា ៖

«ប្រេងដែលយកមកទាប គឺលក់ក្នុងតម្លៃទាប ព្រោះមានការកំណត់ហើយ ប្រេងថ្មីដែលមកដល់ថ្លៃខ្ពស់ យើងឲ្យលក់តាមថ្លៃខ្ពស់ជាក់ស្តែង មិនមែនបង្ខំឲ្យលក់ថ្លៃទាបទេ»។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា តម្លៃប្រេងសាំងនៅកម្ពុជា អាចនឹងមានការធ្លាក់ចុះមកវិញ នៅពេលក្រសួងប្រកាសតម្លៃលក់រាយថ្មី ស្របតាមនិន្នាការនៃការធ្លាក់ចុះនៃតម្លៃក្នុងទីផ្សារអន្តរជាតិ។

ឯកឧត្តមបានពន្យល់បន្ថែមថា មូលហេតុដែលតម្លៃប្រេងឡើងថ្លៃនៅថ្ងៃនេះ គឺដោយសារការលក់ចេញនូវស្តុកចាស់ដែលបាននាំចូលក្នុងតម្លៃខ្ពស់កាលពីពេលមុន។

បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ កម្ពុជា នៅពឹងផ្អែកទាំងស្រុង លើការនាំចូលថាមពលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកតាមរយៈក្រុមហ៊ុន អន្តរជាតិដែលផ្គត់ផ្គង់ឲ្យស្ថានីយកាល់តិច, ក្រុមហ៊ុនតូតាល់របស់បារាំង និងក្រុមហ៊ុនដៃគូផ្សេងៗទៀត៕ ដោយ ៖ ទួន សុផល AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា