បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក បង្កើនប្រសិទ្ធភាព តម្លាភាព និងល្បឿននៃនីតិវិធីហិរញ្ញវត្ថុសាធារណៈ

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក បង្កើនប្រសិទ្ធភាព តម្លាភាព និងល្បឿននៃនីតិវិធីហិរញ្ញវត្ថុសាធារណៈ


ភ្នំពេញ ៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា” (Cambodia E-Invoicing System)ជូនសិក្ខាកាមប្រមាណ ២៤០រូបមកពីអង្គភាពថវិកានៃក្រសួងស្ថាប័នចំនួន១៤នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

Advertisement

សិក្ខាសាលាត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានអំពីប្រព័ន្ធ Cambodia E-Invoicing ទៅកាន់តំណាងអង្គភាពថវិកានៃក្រសួង-ស្ថាប័នទាំង ១៤ ដើម្បីត្រៀមលក្ខណៈរួចរាល់ក្នុងការអនុវត្តវិក្កយបត្រអេឡិចត្រូនិកក្នុងកំឡុងត្រីមាសទី២ នៃឆ្នាំ២០២៦នេះ ។

លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានមានប្រសាសន៍លើកឡើងពីសាវតារ វឌ្ឍនភាព និងលទ្ធផលនៃការដាក់ឱ្យអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិច​ត្រូនិចកម្ពុជា។ ការអនុវត្តវិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចឯកជន និងរដ្ឋនាពេលបច្ចុប្បន្ននេះ ។ មានន័យថា គ្រប់អង្គភាពនៅថ្នាក់កណ្តាលនៃក្រសួង ស្ថាប័នរដ្ឋ ត្រូវតែទទួលតែវិក្កយបត្រអេឡិចត្រូនិកដែលបញ្ជាក់ត្រឹមត្រូវពីប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាតែប៉ុណ្ណោះ ដើម្បីអាចបន្តនីតិវិធីទូទាត់ចំណាយថវិកាបាន ហើយការអនុវត្តនេះគ្របដណ្តប់តែការចំណាយដែលឆ្លងកាត់ការអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈប៉ុណ្ណោះ។

លោកបានគូសរំលេចពីអត្ថប្រយោជន៍សំខាន់ៗដែលទទួលបានពីការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺ៖ សម្រួលដល់រំហូរនៃការប្រគល់ទទួលវិក្កយបត្ររវាងក្រុមហ៊ុន និងអង្គភាពរដ្ឋ នាំដល់ការបង្កើនប្រសិទ្ធភាព តម្លាភាព និងល្បឿននៃនីតិវិធីហិរញ្ញវត្ថុសាធារណៈ បង្កើនប្រសិទ្ធភាព និង ផលិតភាពការងាររបស់ក្រុមហ៊ុន ចូលរួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការលើកកម្ពស់តម្លាភាពសង្គមនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ចូលរួមក្នុងការទាក់ទាញការវិនិយោគ និងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ ជួយសម្រួលដល់ធុរជនទៅលើទិដ្ឋភាពអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ រួមចំណែកពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថល និងសម្រួលនីតិវិធីពាណិជ្ជកម្មឆ្លងដែន កាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈកាត់បន្ថយការប្រើប្រាស់ក្រដាស ជាដើម។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានថ្លែងក្នុងពិធីបើកសិក្ខាសាលាថា៖ ថ្នាលឌីជីថលគ្រឹះ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសំខាន់ៗ ត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ មានជាអាទិ៍ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX, ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល e-KYC (CamDigiKey), ប្រព័ន្ធកំណត់អត្ត- សញ្ញាណសហគ្រាស e-KYB, ប្រព័ន្ធទូទាត់បាគង, ថ្នាលផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវ នៃឯកសារឌីជីថល verify.gov.kh, ប្រព័ន្ធផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច, ប្រព័ន្ធ អេឡិចត្រូនិកពន្ធដារ, ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយនិងអេឡិច​ត្រូនិកគយ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ Data EF ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្តចូលរួមកសាង និងអភិវឌ្ឍថ្នាលឌីជីថលគ្រឹះនានាសម្រាប់អភិវឌ្ឍជាតិ។ ក្នុងនោះ ការផ្តួចផ្តើមកសាង និងអភិវឌ្ឍ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាផ្នែកមួយនៅក្នុងរបៀបវារៈនៃការកសាងផ្ទាលឌីជីថលគ្រឹះក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៅកម្ពុជា ដែលបានតម្រង់ទិសពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា រួមចំណែកគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម។ ជាមួយគ្នានេះ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ក៏ចូលរួមគាំទ្រដល់គោលដៅនៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។កាលពីឆ្នាំ ២០២៥ កន្លងទៅ មានអង្គភាពថ្នាក់កណ្តាលនៃក្រសួងចំនួន ១៤ រួចហើយ ត្រូវបានតម្រូវឱ្យអនុវត្តការទទួលវិក្កយបត្រអេឡិចត្រូនិកតាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកម្ពុជាជាកាតព្វកិច្ច ដើម្បីបន្តការទូទាត់ផ្នែកលទ្ធកម្ម។

សូមជម្រាបថា៖ បន្ទាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការមក គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ ៖ ចំនួនសមាជិកជាអ្នកប្រើប្រាស់សរុបចំនួន ២៥៥ ស្ថាប័ន/អង្គភាព ក្នុងនោះសមាជិកជាអង្គភាពរដ្ឋមានចំនួន ១៣០ ជាសមាជិកស្វ័យប្រវត្តិ និងសមាជិកជាក្រុមហ៊ុន ឬសហគ្រាសមានចំនួន ១២៥។ សម្រាប់ចំនួនវិក្កយបត្រអេឡិចត្រូនិកដែលបានចេញសរុបមានចំនួន ១៦៣០ ក្នុងនោះ វិក្កយបត្រប្រភេទ B2G ដែលអនុវត្តជាកាតព្វកិច្ច មានចំនួន ៦៣០ វិក្កយបត្រ និងវិក្កយបត្រ ប្រភេទ B2B ដែលអនុវត្តជាការស្ម័គ្រចិត្តមានចំនួន ១ ០០០ វិក្កយបត្រ។ ចំណែកឯ, ការងារ ភ្ជាប់សន្ធានកម្មជាមួយប្រព័ន្ធវិក្កយបត្រនានា របស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធក្នុងវិស័យឯកជន គឺភ្ជាប់បានជោគជ័យជាស្ថាពរបានចំនួន ៧ ស្ថិតក្នុងដំណាក់កាលធ្វើតេស្តចំនួន ៤ និងកំពុង បន្តការអភិវឌ្ឍចំនួន ១០៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា