បរទេស៖ តម្លៃប្រេង និងឧស្ម័ននៅតែបន្តឡើងចុះមិនច្បាស់លាស់ ខណៈដែលអ៊ីរ៉ង់បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗក្នុងតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

បរទេស៖ តម្លៃប្រេង និងឧស្ម័ននៅតែបន្តឡើងចុះមិនច្បាស់លាស់ ខណៈដែលអ៊ីរ៉ង់បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗក្នុងតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។
ថ្មីៗនេះ អ៊ីរ៉ង់ បានបន្តវាយប្រហាររោងចក្រឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់ពិភពលោក Ras Laffan ស្ថិតនៅក្នុងប្រទេសកាតា ហើយថែមទាំងបានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើតំបន់ឧស្ម័ន South Pars របស់ខ្លួន។
យោធាអ៊ីរ៉ង់បានលើកឡើងថា វាគឺជាការកំហុសដ៏ធំមួយរបស់អ៊ីស្រាអែលក្នុងការវាយប្រហារលើតំបន់ South Pars ដោយសារទីតាំងនេះបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិប្រហែល ៧០% នៅក្នុងស្រុក។ មេបញ្ជាការប្រតិបត្តិការ Khatam Al-Anbiya បានថ្លែងថា ប្រសិនបើវាកើតឡើងម្តងទៀត នោះនឹងមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីថ្រាអែល ព្រមទាំងសម្ព័ន្ធមិត្តវិញជាមិនខាន។

លោកបញ្ជាក់ថា ៖
«ការឆ្លើយតបរបស់យើងនឹងកាន់តែធ្ងន់ធ្ងរទៅៗ ហើយការវាយប្រហារនេះនឹងមិនបញ្ឈប់ឡើយរហូតដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង»។
ជាការកត់សម្គាល់ បន្ទាប់ពីសេចក្ដីថ្លែងការណ៍បញ្ចប់មិនទាន់បានប៉ុន្មានផងនោះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១០% ខណៈដែលតម្លៃឧស្ម័ននៅអឺរ៉ុបឡើងថ្លៃ ៣៥%។ ដោយឡែក នៅថ្ងៃសុក្រនេះ តម្លៃប្រេងបានធ្លាក់ចុះបន្តិចវិញ ប៉ុន្តែស្ថិតក្នុងតម្លៃថ្លៃដដែល ដោយ Brent មានតម្លៃ ១១៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែល West Texas Intermediate (WTI) មានតម្លៃ ៩៦ ដុល្លារក្នុងមួយបារ៉ែល។
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបង្ហាញពីក្ដីខឹងសម្បាថាយ៉ាងខ្លាំង ហើយអះអាងថា អាម៉េរិកនឹងបំផ្ទុះតំបន់ឧស្ម័នអ៊ីរ៉ង់វិញ ប្រសិនបើទីក្រុងតេអេរ៉ង់មិនបញ្ឈប់ការវាយប្រហារលើប្រទេសកាតា។ កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា ប្រសិនបើសមត្ថភាពផលិតថាមពលនៅមជ្ឈិមបូព៌ាបន្តរងការបំផ្លាញ ឥទ្ធិពលពីសង្គ្រាមនឹងមានរយៈពេលយូរ។ លោកបានអំពាវនាវឲ្យមានការចរចាផ្ទាល់រវាងអាម៉េរិក និងអ៊ីរ៉ង់លើបញ្ហានេះ។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer ក៏បានព្រមានដែរថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនឹងកាន់តែជំរុញឱ្យតំបន់នេះធ្លាក់ចូលវិបត្តិ។
បណ្តាប្រទេសឈូងសមុទ្រក៏បានព្រមានពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ឧស្ម័ន South Pars របស់អ៊ីរ៉ង់ផងដែរ ដោយសារផ្នែកមួយនៃតំបន់ South Pars/North Dome ចែកគ្នាជាមួយនឹងកាតា និងជាទុនបំរុងឧស្ម័នធំជាងគេនៅលើពិភពលោក។ ដោយឡែក អារ៉ាប់រួម បានលើកឡើងថា ការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល បង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខថាមពលពិភពលោកទាំងមូល។ យ៉ាងណាមិញ អារ៉ាប៊ីសាអូឌីត អះអាងដែរថា ខ្លួនរក្សាសិទ្ធិក្នុងការធ្វើសកម្មភាពយោធាប្រសិនបើចាំបាច់បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកម្តងហើយម្តងទៀតពីអ៊ីរ៉ង់។

គួរឲ្យបញ្ជាក់ដែរថា កាតា គឺជាប្រទេសផលិតឧស្ម័នធម្មជាតិរាវ (LNG) កំពូលមួយរបស់ពិភពលោក ខណៈដែលតំបន់ Ras Laffan គឺជាមជ្ឈមណ្ឌលដ៏សំខាន់បំផុតរបស់ប្រទេស ។ ចាប់តាំងពីមានសង្រ្គាមមក តំបន់នេះត្រូវបានក្លាយជាគោលដៅម្តងហើយម្តងទៀតរបស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យអគ្គីភ័យឆាប់ឆេះធ្ងន់ធ្ងរ និងការខូចខាតដល់កន្លែងផលិត LNG ជាច្រើនទៀត៕
