ភ្នំពេញ ៖ កម្ពុជា មានសក្ដានុពលខ្ពស់ និងឱកាស ក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេស មានលទ្ធភាពក្នុងការប្រែក្លាយខ្លួនទៅជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី។ ការណ៍នេះមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និងសកលទៀតផង។ នេះបើតាមការលើកឡើងរបស់ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA)បានជម្រាបជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ក៏ដូចជាការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។ នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីលទ្ធផលនៃការស្រាវជ្រាវស្ដីពី «ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)»ផងដែរ។
លោកសាស្ត្រាចារ្យ បានបន្តជម្រាបជូនសម្តេចធិបតីថា ៖
« បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-location)នៅក្នុងតំបន់ ហើយបាន និងកំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត»។
ជាការឆ្លើយតប សម្ដេចធិបតីបានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោតការយកចិត្តទុកដាក់លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រទេស និងឧស្សាហកម្មជាក់លាក់។ ក្នុងន័យនេះ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យលោកសាស្ត្រាចារ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងវិស័យឯកជន ទាំងនៅជប៉ុន និងកម្ពុជា សំដៅពិនិត្យលទ្ធភាពក្នុងការជ្រើសរើសនូវម៉ូដែលសម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទ្វេភាគី ឬត្រីភាគី។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោង Green Sez គឺជាការបង្កើតនូវមជ្ឈមណ្ឌលផលិតទំនិញនាំចេញបែបបៃតង ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងគោលដៅជំរុញឱ្យកម្ពុជាចាប់យកកាលានុវត្តភាពថ្មីនៃខ្សែស្រវ៉ាក់ផ្គត់ផ្គង់បៃតងនៃទីផ្សារសកល ដើម្បីអាចទាក់ទាញវិនិយោគិនធំៗពីបរទេស និងគាំទ្រទៅដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ រីឯសារៈសំខាន់នៃសមាសធាតុបៃតង គឺការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់ដោយចីរភាព និងគិតគូរផ្នែកបរិស្ថានចក្រា ចំពោះវិស័យសំខាន់ៗ រួមមានគ្រឿងអេឡិចត្រូនិក និងវាយនភណ្ឌសំលៀកបំពាក់៕






















