សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កផលប៉ះពាល់ដល់តម្លៃប្រេងសកល ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ ប៉ុន្តែការបង្កើតឱ្យមានមណ្ឌលសន្និធិ (ស្តុក) ប្រេងឥន្ធនៈច្រើន អាចជាដំណោះស្រាយមួយ ជួយធានាដល់ការផ្គត់ផ្គង់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារមិនឱ្យមានការប្រែប្រួលច្រើនផងដែរ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់បណ្តាញសារព័ត៌មាន AMS បន្ទាប់ពីកិច្ចសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក Peace Petroleum (Cambodia) Co., LTD កាលពីសប្តាហ៍មុនថា ក្រុមហ៊ុននេះ បានបោះទុន ៧,៥ លានដុល្លារ បង្កើតមណ្ឌលសន្និធិស្តុកប្រេងឥន្ឋនៈទុកនៅខេត្តព្រះសីហនុ ខណៈតម្លៃលើទីផ្សារសកលផ្តើមហក់ឡើងខ្ពស់។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា គម្រោងបង្កើតមណ្ឌលសន្និធិស្តុកប្រេងឥន្ធនៈខាងលើ ពិតជាមានសារៈសំខាន់ដល់ការផ្គត់ផ្គង់ប្រេងនៅក្នុងខេត្តព្រះសីហនុ និងនៅលើទីផ្សារទូទាំងប្រទេសក្នុងបរិបទនៃភាពមិនច្បាស់លាស់នៃកត្តាភូមិសាស្រ្តនយោបាយ ក៏ដូចជាសង្គ្រាមនៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេង។
លោកបានឱ្យដឹងថា៖
“ដរាបណាកម្ពុជា មានមណ្ឌលសន្និធិស្តុកប្រេងទុកបែបនេះកាន់ច្រើនកាន់តែល្អ ធានាដល់ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារ និងធានាដល់ស្ថិរភាពតម្លៃផងដែរ”។
លោកបានគូសបញ្ជាក់ថា៖
“ទីតាំងខេត្តព្រះសីហនុ គឺជាទីតាំងសក្កានុពលសម្រាប់ការធ្វើសន្និធិប្រេង ព្រោះប្រេងរបស់យើងភាគច្រើនគឺដឹកតាមកប៉ាល់ពីប្រទេសមួយចំនួនលើពិភពលោក ហើយតាមរយៈការដឹកនេះដែរ ចុងក្រោយ គឺមកដល់ឆ្នេរយើងតែម្តង ដែលជាទីតាំងស័ក្តិសមបំផុតសម្រាប់ស្តុកប្រេងនេះ”។
បច្ចុប្បន្ន ខេត្តព្រះសីហនុ មានមណ្ឌលសន្និធិប្រេងឥន្ឋនៈចំនួន ០៥ មានដូចជា ក្រុមហ៊ុន Chevron Caltex ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតេលា ក្រុមហ៊ុនតូតាល់ និងក្រុមហ៊ុន ភីធីធី។ តាមការប៉ាន់ស្មាន ស្ថានីយ៍ស្តុកប្រេងទាំងនោះ អាចផ្គត់ផ្គង់ប្រេងនៅលើទីផ្សាររយៈពេល ០១ ខែ។
លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សង្គ្រាមរវាងអាមេរិកបូកអ៊ីស្រាអែល និងអ៊ីរ៉ង់ បានជះឥទ្ឋិពលដល់ការឡើងថ្លៃប្រេងជាសកល ព្រោះអ៊ីរ៉ង់ជាប្រទេសផលិតប្រេងធំទី ២ លំដាប់ពិភពលោក បន្ទាប់ពីប្រទេសវេណស៊ុយអេឡា។
លោកបណ្ឌិត បានថ្លែងបន្តថា ករណីនេះ រដ្ឋាភិបាលគួរថ្លឹងថ្លែងឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាស្តុកប្រេងសម្រាប់ប្រើប្រាស់ឱ្យបានយ៉ាងហោចចាប់ពី ១ ខែ ដល់ ២ ខែ ដោយមានកិច្ចសហការជាមួយស្ថាប័ននានា បូករួមនឹងវិស័យឯកជន ដើម្បីរក្សាលំនឹងនៃតម្លៃប្រេងលើទីផ្សារ។
លោកបណ្ឌិត ស៊ឺន សំ បានថ្លែងដូច្នេះថា៖
“បទពិសោធន៍កន្លងមក នៅពេលដែលប្រេងឡើងថ្លៃ ដោយសារតែវិបត្តិសកល នៅក្នុងប្រទេសមួយចំនួន រដ្ឋាភិបាលតែងមានយន្តការដោះស្រាយ តាមរយៈនៃការជួយចេញខាតនៃតម្លៃទំនិញ ឬសាំង តាមរយៈការដាក់ប្រាក់ចូលទប់ស្កាត់ការឡើងថ្លៃ“។
តម្លៃប្រេងចាប់ផ្ដើមកើនឡើងខ្លាំង ពោលបានកើនឡើងដល់ជាង ៨៥ដុល្លារ ក្នុង១មួយបារ៉ែល។ បើតាមការប៉ានស្មានរបស់អ្នកជំនាញសេដ្ឋកិច្ច ការអូសបន្លាយជម្លោះនៅអ៊ីរ៉ង់ អាចនឹងធ្វើឲ្យតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបន្តហក់ឡើងចន្លោះពី ១០០ដុល្លារក្នុងមួយបារ៉ែល រហូតដល់ ១៥០ដុល្លារ ក្នុងមួយបារ៉ែល។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដោយសារតម្លៃប្រេងអន្តរជាតិកើនឡើង ធ្វើឱ្យតម្លៃប្រេងលក់រាយក្នុងស្រុកអាចនឹងកើនឡើងចន្លោះពី ៥% ទៅ ២៥%។
ករណីដែលតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិកើនឡើងចាប់ពី ៩០ ដុល្លារ ក្នុងមួយបារ៉ែល រដ្ឋាភិបាលនឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតម្លៃចាប់ពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល នឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ជួយកាត់បន្ថយការចំណាយពលរដ្ឋ។
យោងតាមស្ថិតិនាំចូលទំនិញរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងម៉ាស៊ូតមានតម្លៃសរុបចំនួន ១,២៥៩ លានដុល្លារអាមេរិក និងនាំចូលប្រេងសាំងមានតម្លៃសរុប ៨៤០ លានដុល្លារអាមេរិក៕