បរទេស៖ សហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។

បរទេស៖ សហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។
កាលពីថ្ងៃព្រហស្បតិ៍ និយ័តករបច្ចេកវិទ្យារបស់សហភាពអឺរ៉ុបប្រកាសពីការផាកពិន័យ Temu ជាទឹកប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារ) ដោយសារវេទិការមួយនេះមិនបានអនុវត្តគ្រប់គ្រាន់ក្នុងការបញ្ឈប់ការលក់ផលិតផលខុសច្បាប់។
ការពិន័យនេះគឺជាលទ្ធផលដំណាក់កាលដំបូងនៃការស៊ើបអង្កេតជិតពីរឆ្នាំផ្អែកលើច្បាប់ស្តីពីសេវាកម្មឌីជីថល ដែលតម្រូវឱ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ធំៗត្រូវតែបង្កើនការទទួលខុសត្រូវ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ក្នុងការកម្ចាត់រាល់មាតិកាបង្កគ្រោះថ្នាក់ និងផលិតផលខុសច្បាប់ចេញពីប្រព័ន្ធរបស់ពួកគេ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ក្រុមហ៊ុន Temu អាចនឹងប្រឈមមុខនឹងការពិន័យបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខ ប្រសិនបើរកឃើញថាមានកំហុសទៀត។
គណៈកម្មការអឺរ៉ុបបានកំណត់ពេល ២ ខែរហូតដល់ ថ្ងៃទី ២៨ ខែសីហា សម្រាប់ Temu ដើម្បីផ្តល់នូវផែនការសកម្មភាពដោះស្រាយបញ្ហា។ បន្ទាប់មក និយ័តករនឹងវាយតម្លៃផែនការនោះ ហើយធ្វើការសម្រេចចិត្តថា តើក្រុមហ៊ុននេះបានធ្វើការកែប្រែគ្រប់គ្រាន់ដើម្បីអនុលោមតាមច្បាប់ DSA ហើយឬនៅក្នុងរយៈពេល ២ ខែនេះ?
តាមច្បាប់ DSA ក្រុមហ៊ុនណាដែលបំពាន អាចនឹងត្រូវប្រឈមមុខនឹងការពិនិ័យជាប្រាក់រហូតដល់ ៦ ភាគរយ នៃចំណូលប្រចាំឆ្នាំសរុបនៅទូទាំងពិភពលោករបស់ក្រុមហ៊ុននោះ។ ការពិន័យក្រុមហ៊ុន Temu គឺជាករណីលើកទីពីរនៅក្រោមច្បាប់ DSA បន្ទាប់ពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ Elon Musk ត្រូវបានពិន័យជាប្រាក់ចំនួន ១២០ លានអឺរ៉ូកាលពីខែធ្នូឆ្នាំមុន។
ដើមហេតុនៃការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ដោយសារមានការដាក់ពាក្យបណ្តឹងពីអង្គការការពារអ្នកប្រើប្រាស់ប្រចាំតំបន់អឺរ៉ុប(BEUC) រួមជាមួយសមាជិកថ្នាក់ជាតិចំនួន ១៧ ប្រទេសទៀត។ គណៈកម្មការសហភាពអឺរ៉ុប បញ្ជាក់ថា Temu បរាជ័យក្នុងការកំណត់អត្តសញ្ញាណ វិភាគ និងវាយតម្លៃហានិភ័យលើផលិតផលខុសច្បាប់ដែលបានលក់នៅលើវេទិការបស់ខ្លួន និងជាលទ្ធផលដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប។ Temu មិនបានវាយតម្លៃត្រឹមត្រូវអំពីប្រព័ន្ធណែនាំផលិតផល និងកម្មវិធីផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមរយៈ Influencers នោះទេ ដែលវាអាចបង្កើនហានិភ័យនៃការលក់ផលិតផលខុសច្បាប់។
ទន្ទឹមនឹងនេះ Temu និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Temu គោរពនូវគោលបំណងនៃច្បាប់សេវាកម្មឌីជីថល (DSA) និងគាំទ្រឲ្យមានច្បាប់ច្បាស់លាស់នៅទូទាំងសេដ្ឋកិច្ចឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនយល់ស្របនឹងការសម្រេចចិត្តរបស់គណៈកម្មការសហភាពអឺរ៉ុបនោះទេ និងចាត់ទុកចំនួនទឹកប្រាក់ពិន័យមិនសមាមាត្រនឹងកំហុស។ ការសម្រេចចិត្តពិន័យផ្អែកលើការវាយតម្លៃចាស់់តាំងពីឆ្នាំ ២០២៤ មកម្ល៉េះ ដែលមិនឆ្លុះបញ្ចាំងគ្រប់គ្រាន់ពីស្ថានភាពប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នរបស់ក្រុមហ៊ុនទេ។
Temu ក៏បានចូលរួមជាមួយគណៈកម្មការសហភាពអឺរ៉ុបក្នុងដំណើរការស៊ើបអង្កេតដែរ ហើយចាប់តាំងពីពេលនោះមក ខ្លួនបានចាត់វិធានការបន្ថែមជាច្រើន ដើម្បីពង្រឹងការវាយតម្លៃហានិភ័យ គ្រប់គ្រងវេទិការឱ្យមានរបៀបរៀបរយ និងបង្កើនការការពារអ្នកប្រើប្រាស់៕
