បរទេស៖ នៅក្នុងសប្ដាហ៍នេះ សភាអឺរ៉ុប នឹងអនុម័តច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យរដ្ឋជាសមាជិកអាចនិរទេសជនចំណាកស្រុកទៅកាន់ប្រទេសទី៣ផ្សេងទៀតដែលនៅខាងក្រៅតំបន់របស់ខ្លួនក្នុងចំណោមទាំង២៧ប្រទេស នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera ។
កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ សមាជិកសភាអឺរ៉ុបបានអនុម័តវិធានការនេះបន្ទាប់ពីមានការបោះឆ្នោតគាំទ្រ ៣៩៦ សម្លេង និង ប្រឆាំង ២២៦ សម្លេង។ នៅក្រោមច្បាប់ថ្មីនេះ សមាជិកសហភាពអឺរ៉ុបអាចបញ្ជូនជនចំណាកស្រុកទៅកាន់ប្រទេសទី៣ ប្រសិនបើប្រទេសទាំងនោះបានគោរពតាមស្តង់ដារអន្តរជាតិដែលមានសុវត្ថិភាពសម្រាប់ជនចំណាកស្រុក និងមានការឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយម្ចាស់ផ្ទះ។ ក្នុងអំឡុងសម័យប្រជុំនោះដែរ សភាអឺរ៉ុបបានចុះហត្ថលេខាលើបញ្ជីប្រទេសទី៣ ដែលមានសុវត្ថិភាព រួមមាន បង់ក្លាដែស កូឡុំប៊ី អេហ្ស៊ីប ឥណ្ឌា កូសូវ៉ូ ម៉ារ៉ុក និងទុយនេស៊ី។ យ៉ាងណាមិញ ច្បាប់ថ្មីនេះតម្រូវឱ្យមានការអនុម័តជាផ្លូវការចុងក្រោយពីរដ្ឋាភិបាលរបស់ប្រទេសជាសមាជិកអឺរ៉ុបទាំង ២៧ ហើយអាចនឹងចូលជាធរមាននៅក្នុងខែមិថុនាខាងមុខនេះ។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីមានបញ្ហាប្រឆាំងនឹងលំហូរនៃជនអន្តោប្រវេសន៍នៅទូទាំងសហភាពអឺរ៉ុបជាងមួយទសវត្សរ៍កន្លងមកនេះ។ កាលពីខែឧសភាឆ្នាំ២០២៥ សហភាពអឺរ៉ុបធ្លាប់បានអនុម័តលើកំណែទម្រង់យ៉ាងទូលំទូលាយចំពោះប្រព័ន្ធសុំសិទ្ធិជ្រកកោននៃជនចំណាកស្រុក។ កតិកាសញ្ញាជំរុញឱ្យមានការនិរទេស និងបង្កើតប្រព័ន្ធបញ្ជូនពួកគេត្រឡប់មកវិញ។

ក្រុមសិទ្ធិមនុស្សព្រមានថា គោលនយោបាយនេះអាចត្រូវបានប្រើប្រាស់ដើម្បីនិរទេសជនចំណាកស្រុកទៅប្រទេសដែលពួកគេគ្មានទំនាក់ទំនង និងអាចត្រូវបានគេធ្វើបាប។
លោក Meron Ameha Knikman ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការសង្គ្រោះអន្តរជាតិ បានលើកឡើងថា ទោះបីជាច្បាប់ថ្មីអះអាងថាប្រទេសទី៣ មានសុវត្ថិភាពក៏ដោយ ប៉ុន្តែវាដូចជាបង្ខំមនុស្សទៅកាន់ប្រទេសដែលពួកគេមិនធ្លាប់ទៅ និងមិននិយាយភាសាដូចគ្នា ដែលធ្វើឲ្យពួកគេប្រឈមហានិភ័យនៃការរំលោភបំពាន និងការកេងប្រវ័ញ្ច។
លោកស្រី Cecilia Strada សមាជិកសភាអ៊ីតាលី និង បានបោះឆ្នោតប្រឆាំងនឹងចំណាត់ការនេះ និងបានលើកឡើងថា ប្រទេសដែលសភាអឺរ៉ុបចាត់ទុកថាមានសុវត្ថិភាព ប៉ុន្តែមែនទែនទៅគឺមិនមានសុវត្ថិភាពនោះទេ ខណៈដែលសភាអឺរ៉ុបធ្លាប់អនុម័តដំណោះស្រាយជាច្រើនលើប្រទេសទាំងនេះពាក់ព័ន្ធនឹងភាពយ៉ាប់យ៉ឺននៃនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិជាមូលដ្ឋាន ដែលធ្វើឲ្យការបោះឆ្នោតគាំទ្រខុសពីស្ថានភាពពិតជាក់ស្តែង។
លោកស្រី Melissa Camara សមាជិកសភា French Green ក៏បានលើកឡើងពីការព្រួយបារម្ភដែរថា ប្រទេសដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាព ប៉ុន្តែជាក់ស្តែងបែរជាមិនមានវិញនោះ នឹងធ្វើឱ្យមនុស្សរាប់សែននាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង និងមានហានិភ័យដល់សិទ្ធិមនុស្សខ្ពស់បំផុត៕
























