បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ ប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក បានឯកភាពគ្នាដើម្បីពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដែលមានសក្តានុពល​សម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និង លោកជំទាវ Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាបានជួបពិភាក្សាការងារជំរុញកិច្ចសហ​ការ​លើវិស័យវិនិយោគកាលពីពេលថ្មីៗនេះ។ ក្នុងជំនួបនេះ ភាគីកម្ពុជាបានគូសរំលេចអំពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​កម្ពុជា និងសហរដ្ឋអាម៉េរិក ពិសេសតួនាទីដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី Donald J. Trump ។

Advertisement

លោកជំទាវ Bridgette Walker បានសង្កត់ធ្ងន់ចំពោះការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ចំពោះការសន្ទនាដោយបើកចំហររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងសហរដ្ឋអាម៉េរិក ដោយលោកជំទាវបានបន្តលើកឡើងថា ថ្វីត្បិតកម្ពុជាបានជួបប្រទះបញ្ហាប្រឈមជាច្រើនតួយ៉ាងដូចជាជម្លោះព្រំដែននាពេលថ្មីៗនេះ ក៏សហរដ្ឋអាម៉េរិកមានបំណងចង់ឃើញ​ទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងភាពជាដៃគូក្នុងកិច្ចពិភាក្សាអំពីបញ្ហាតំបន់។

លោកជំទាវបានបន្តថា៖

« កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក លើកទី៤ ដែលនឹងប្រព្រឹត្តក្នុងរយៈពេលដ៏ខ្លីខាងមុខនេះនឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជួយបង្កើតឱ្យមានបរិយាកាសធុរកិច្ចដ៏ប្រសើរ និងការប្រកួតប្រជែងដោយស្មើភាពគ្នា (level playing field) ដែលនឹងទាក់ទាញវិនិយោគិនអាម៉េរិកបន្ថែមទៀត»។



ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា៖

«កម្ពុជាចង់បានវិនិយោគិនសហរដ្ឋអាម៉េរិកដែលមានគុណភាព និងចម្រុះបែប ដែលមានតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញវិស័យឧស្សាហកម្ម និងផលិតកម្ម ជាពិសេសជំរុញការចូលរួមរបស់ឧស្សាហកម្មកម្ពុជា ​ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងសកល»។

 ឯកឧត្តមបានលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សាត្រង់ទៅត្រង់មកជាមួយវិនិយោគិន ដើម្បីស្វែងយល់អំពីតម្រូវការរបស់វិនិយោគិន និងឧបសគ្គរាំងស្ទះនានា រួមមាន បទប្បញ្ញត្តិ បរិយា​កាស​ធុរកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញកម្លាំងពលកម្មជាដើម ។ល។ ដោយសង្កត់ធ្ងន់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាផ្នែកមួយនៃការកសាងភាពធន់របស់ប្រទេស។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS Economy ថា ៖ ជាការល្អដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតែងតែអនុញ្ញាតឱ្យពាណិជ្ជករ វិនិយោគិនអាម៉េរិកជួបពិភាក្សាការងារក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគទុនអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ កម្ពុជា និងអាម៉េរិក មានទំនាក់ទំនងល្អ និងបានបន្ថយពន្ធបដិការចុះមកទាបដែលជាចំណុចគន្លឹះសម្រាប់ទាក់ទាញវិនិយោគិន។

អ្នកឧកញ៉ា បានលើកឡើងថា៖

« ទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយនៃប្រទេសទាំងពីរកំពុងតែល្អ ។ ទំហំពាណិជ្ជកម្មក្រោយពន្ធគយសូន្យភាគរយចំពោះទំនិញនាំចូលពីអាម៉េរិកនោះ មានការកើនឡើងគួរឱ្យកត់សម្គាល់នៅចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។ ចំណែកការនាំចេញពីកម្ពុជាទៅអាម៉េរិក ក៏មានការកើនឡើងដែរ។ នេះជាឱកាសមួយសម្រាប់ទាក់ទាញវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជាលើវិស័យផលិត កែច្នៃ សម្រាប់នាំចេញទៅអាម៉េរិក និងអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត»។


ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា៖ ពន្ធគយបដិការដែលអាម៉េរិកកំណត់លើទំនិញកម្ពុជាក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិកសេចក្តីសម្រេចកាលពីពេលថ្មីៗ ដូច្នេះកម្ពុជារំពឹងថា ពន្ធថ្មីដែលអាមេរិកដាក់មកលើទំនិញកម្ពុជានឹងស្ថិតនៅក្រោម១៩%។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានបញ្ជាក់ថា៖

«បន្ទាប់ពីពន្ធគយបដិកា១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ បច្ចុប្បន្ននេះ ក្រោមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្ម ឆ្នាំ១៩៧៤ សហរដ្ឋអាម៉េរិក បានអនុវត្តពន្ធបន្ថែមថ្មីក្នុងអត្រា ១៥% បូកបន្ថែមលើអត្រាពន្ធមូលដ្ឋាន MFN មកលើកម្ពុជា និងប្រទេសផ្សេង ក្នុងរយៈពេល១៥០ថ្ងៃ។យ៉ាងណាមិញ ក្រោយ១៥០ថ្ងៃនេះ កម្ពុជារង់ចាំ ការសម្រេចបន្ថែមរបស់ លោកប្រធានាធិបតី ដូណាល់ ដែលនឹងមានការកំណត់ទៅលើប្រទេសនានា»។

សូមជម្រាបថា៖ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)បង្ហាញថាកម្ពុជា-អាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្ម១៣.១៤ពាន់ដុល្លារ កើនឡើង២៩.២​៤%​បើធៀបនឹងរយៈពេលដូចគ្នា កាល​ពីឆ្នាំ២០២៤​ដែលមានទំហំ ១០.១៧ពាន់លានដុល្លារ។ កម្ពុជានៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ១២.៧៣ពាន់លានដុល្លារ កើនឡើង២៨.៤៨​% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំ ៩.៩ពាន់លានដុល្លារ។ ចំណែកការនាំចូលពីអាម៉េរិកមកវិញ មានទំហំជាង៤១៧លានដុល្លារ​ កើនឡើង ៥៧.៨៣%។

ប្រភពដដែលបានឱ្យដឹងថា៖ ​នៅ​ក្នុង​ខែមករា ឆ្នាំ ២០២៦ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគី​កម្ពុជា-អាម៉េរិក សម្រេចបាន ១,៣២ ពាន់លានដុល្លារ កើនឡើង ៤៨% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក មានទំហំ ១,២៨ ​ពាន់លានដុល្លារ កើន ៤៧,៦% ចំណែកអាម៉េរិកនាំចូលមកវិញ មានតម្លៃជិត ៣៩ លានដុល្លារ កើន ៦៣,៥%។​ ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អាម៉េរិក​មាន​ដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើ​ប្រាស់មួយចំនួនទៀត។ ​ចំណែកឯ​អាម៉េរិក​នាំចូល​មកវិញ មាន​ដូច​ជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿង​សំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។ ​

មុខទំនិញដែលកម្ពុជា នាំចេញទៅអាម៉េរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាម៉េរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

​​

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា