ភ្នំពេញ ៖ នៅក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online មានអគារពាណិជ្ជកម្មជាច្រើនបានរងផលប៉ះពាល់ពីការប្រព្រឹត្តបទល្មើសរបស់ក្រុមជនឆបោកទាំងនោះ ។ ប៉ុន្តែ អ្នកជំនាញវិស័យអចលនទ្រព្យបានមើលឃើញថា អគារទាំងនោះ នឹងមានតម្រូវការជួល ឬប្រើប្រាស់ឡើងវិញក្នុងពេលឆាប់ៗ ហើយអ្នកប្រើប្រាស់ទាំងនោះ នឹងសុទ្ធតែជាអ្នកមានតម្រូវការពិតប្រាកដ ដែលអាចនិយាយបានជាទីផ្សារដែលមានគុណភាព ។
អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ពិតណាស់នឹងធ្វើឱ្យមានផលប៉ះពាល់ ប៉ុន្តែតាមរយៈការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ នឹងឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជា ក្លាយជាទីផ្សារដែលមានគុណភាព និងជាទីផ្សារដែលមានសក្ដានុពលសម្រាប់អ្នកប្រើប្រាស់ពិតប្រាកដ ។
អ្នកស្រីបានបញ្ជាក់ថា ៖
« ពីមុនយើងជួលអគារបាន១០០ភាគរយ ដោយទាំងក្រុមជនឆបោកផងដែរ ប៉ុន្តែក្រោយពេលបង្ក្រាបអនឡាញ នៅសល់អ្នកជួលត្រឹមតែ ២០ ទៅ ៣០ភាគរយ ហើយក្នុងចំណោម ២០ ឬ ៣០ភាគរយនេះ សុទ្ធតែជាអ្នកជួលពិតប្រាកដ អ្នកជួលដែលមានគុណភាព ពោលគឺជាទីផ្សារមួយដែលមានគុណភាព» ។
អ្នកស្រីបន្ថែមថា ក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគ ឬអ្នកពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យទាំងអស់គ្នា ដល់ពេលវេលាដែលរួមគ្នាជំរុញទីផ្សារដែលមានគុណភាព មិនថាតម្រូវពីអ្នកនៅក្នុងស្រុក ឬតម្រូវពីអ្នកនៅខាងក្រៅប្រទេសនោះទេ ។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរីវិមានសំណាង និងជាអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមួយរូប បានមានប្រសាសន៍ថា ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬការបង្ក្រាបនូវការធ្វើជំនួញមិនស្មោះត្រង់ វានឹងរងផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ តែវានឹងផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជារយៈពេលវែង ។
លោកថា ៖
« នៅពេលបង្ក្រាបការឆបោកតាមអនឡាញ ឬកម្ចាត់ក្រុមអ្នករកស៊ីមិនស្មោះត្រង់ភ្លាមៗ វានឹងប៉ះពាល់ដូចជាម្ចាស់អគារ ម្ចាស់ទីតាំងដែលជួលឱ្យក្រុមនេះដោយមិនបានដឹងខ្លួននោះត្រូវបាត់បង់ចំណូល ប៉ុន្តែនៅក្នុងរយៈពេលវែង ឬនៅពេលអនាគតខាងមុខ យើងនឹងទទួលបានមកវិញនូវអ្នកវិនិយោគដែលមានសក្ដានុពល អ្នកវិនិយោគពិតប្រាកដនិងយូរអង្វែង » ។
លោកឧកញ៉ាបន្តថា ការសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការកម្ចាត់នូវវិនិយោគិនដែលមានភាពមិនស្មោះត្រង់ចេញពីកម្ពុជា គឺប្រៀបដូចជាកំពុងសម្អាតទឹកក្នុងពាង ឬក្នុងអាងដែលវាល្អក់កករចេញ ហើយដាក់ទឹកស្អាតចូលជំនួសវិញយ៉ាងដូច្នោះ ។
លោកបន្ថែមថា នៅពេលដែលកម្ពុជាលុបបំបាត់ ឬកម្ចាត់ចោលនូវការរកស៊ី ការធ្វើជំនួញដែលមិនស្របច្បាប់អស់ពីប្រទេស នឹងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិ ហើយទទួលបានតែអ្នកវិនិយោគ និងអ្នករកស៊ីដែលល្អៗជំនួសមកវិញ ដូច្នេះនៅពេលអនាគតសេដ្ឋកិច្ចកម្ពុជានឹងកាន់តែរឹងមាំ ៕