បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញប្រាប់ឱ្យពលរដ្ឋ​​ប្រុ​ងប្រយ័ត្នចំពោះការទិញសម្ភារៈ​ដោយបង់រំលស់ ជាពិសេស ​រថយន្ត​ និងម៉ូតូ

អ្នកជំនាញប្រាប់ឱ្យពលរដ្ឋ​​ប្រុ​ងប្រយ័ត្នចំពោះការទិញសម្ភារៈ​ដោយបង់រំលស់ ជាពិសេស ​រថយន្ត​ និងម៉ូតូ

ភ្នំពេញ ៖ ក្នុ​ងរយៈពេលប៉ុន្មាន​ឆ្នាំមកនេះ និន្នាការ​នៃការ​ទិញសម្ភារៈដោយបង់រំលស់ ជាពិសេស រថយន្ត​ និងម៉ូតូ​ នៅកម្ពុជា ​ហាក់មានសកម្មភាព​ផុស​ផុល​ ដែលធ្វើឱ្យ​ពលរដ្ឋ​​មានប្រាក់ចំណូលទាប និងមធ្យម ​មានឱកាស​ក្នុងការទិញ​សម្ភារៈទាំង​នោះយកមក​ប្រើប្រាស់ ។ ទន្ទឹមនឹងនោះដែរ ក៏មាន​ពលរដ្ឋជាច្រើន​ត្រូវ​បានក្រុមហ៊ុនបង់រំលសដក​ហូតយក​សម្ភារៈប្រើប្រាស់មកវិញដោយសារខ្វះលទ្ធភាពក្នុងការបង់សង់ត្រឡប់បន្ត ខណៈដែលអ្នកជំនាញហិរញ្ញវត្ថុបានក្រើនរំលឹកដល់ពលរដ្ឋដែលមានបំណងចង់ទិញដោយវិធីរំលស់នេះ គប្បីប្រុងប្រយ័ត្ន និងពិចារណាឱ្យបានច្បាស់ទៅលើលទ្ធភាពដែលខ្លួនមាន។​

Advertisement

លោក​ ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ​កម្ពុជា បានមានប្រសាសន៍ប្រាប់សារព័ត៌មាន​ AMS Economy ឱ្យដឹងថា ​កម្ចីសម្រាប់​ម៉ូតូ​ និងរថយន្ត​ គឺជាការ​ចំណាយ​ដែលមានចរឹតជា​ Lifestyle មិនមែន​ជា​ការ​ខ្ចីសម្រាប់បង្កើនទ្រព្យនោះទេ ដូច្នេះ សម្រាប់ពលរដ្ឋដែលមាន​ចំណូលមិនឋិតថេរ​ ឬមិនមានប្រាក់សល់ពីការ​ចំណាយ​ប្រចាំថ្ងៃនោះទេ មិនគួរ​ប្រើប្រាស់​កម្ចីសម្រាប់ទិញ​សម្ភារៈដោយបង់​រំលស់​នោះទេ ជាពិសេស​អ្នកដែលមានប្រភពចំណូលតែមួយគួរតែជៀស​វាង​ ព្រោះអ្នកដែលមានចំណូលតែមួយ​ នៅពេលស្ថានភាពសេដ្ឋកិច្ច​ធ្លាក់ចុះ ឬការងារបាត់បង់ នឹងធ្វើឱ្យបាត់បង់ប្រាក់ចំណូល​ទាំងស្រុង និងមិនមានលទ្ធភាពសងត្រលប់ទៅកាន់​ក្រុមហ៊ុន​កម្ចី ឬធនាគារ​ផ្ដល់​សម្រាប់ទិញ​សម្ភារៈនោះទេ ។

អ្នកជំនាញរូបនេះបញ្ជាក់ថា ៖

«​ ទាក់ទ​ងនឹង​កម្ចីនេះ បើសិនជាអាច​គួរតែកុំ​ខ្ចីតែម្ដង​ក្នុងស្ថានភាពសេដ្ឋកិច្ច​ដូច​បច្ចុប្បន្ន​នេះ​ ហើយចាំសន្សំប្រាក់​បាន​ចាំទិញ ឬក៏យ៉ាង​ហោច​ណាស់ អាច​សន្សំបាន​៥០ភាគរយ​នៃតម្លៃសម្ភារៈ ចាំទិញ ដើម្បីឱ្យចំនួន​កម្ចីនោះកាន់តែតិច ដែលមិនធ្វើឱ្យមានហានិភ័យ​នៃការ​សង​ត្រលប់ ។​ សម្រាប់អ្នកដែលមានតម្រូវការ​ប្រើប្រាស់​សម្ភារៈជា​ចាំបាច់​ដោយជៀស​មិនបានសម្រាប់​មុខរបរ ឬក៏ការងាររកចំណូល​ប្រចាំថ្ងៃ ប៉ុន្តែមិនមានលទ្ធភាព អាច​ស្វែងរក​ម៉ូតូ ឬរថយន្ត​ណាដែល​មានតម្លៃទាប មិនចាំបាច់​ទិញ​របស់ដែលមានតម្លៃខ្ពស់​នោះទេ»។​

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សម្រាប់ការទិញរថយន្ត​ ម៉ូតូ ឬសម្ភារៈ​ ដោយបង់រំលស់​មិនមែនជា​រឿង​ថ្មីសម្រាប់​កម្ពុជា​នោះទេ ។ នៅលើពិភពលោក​ និងនៅបណ្ដាប្រទេស​រីកចម្រើន​គេនៅបន្ត​ប្រើប្រាស់​មធ្យោបាយនេះ ដើម្បីទិញសម្ភារៈ​​នៅឡើយ។

លោក​បណ្ឌិត​បន្តថា​ នៅពេល​មានករណី​ក្រុមហ៊ុន​ ឬម្ចាស់​បំណុលរឹបអូសយកទ្រព្យ​សម្បត្តិ​ពីអតិថិជនមកទិញ ដោយសារតែមិនមានលទ្ធភាពសង មនុស្ស​មួយចំនួន​គិតថា ​ម្ចាស់ទ្រព្យ​ជាអ្នក​រង​គ្រោះទៅវិញ ប៉ុន្តែអ្នកដែលរង​គ្រោះពិត​ប្រាកដ​គឺក្រុមហ៊ុន​ ធនាគារ ឬម្ចាស់​បំណុលនោះទេ​ដែលជាអ្នក​រង​គ្រោះ ដោយសារតែ មុននឹងផ្ដល់​កម្ចីសម្រាប់ទិញសម្ភារៈទាំង​នោះ គឺបានព្រមព្រៀង​គ្នា​ថា​នឹង​សងត្រលប់ប្រចាំខែក្នុងរយៈពេលណា​មួយ ហើយនៅពេលមិនមានលទ្ធភាព​សង​គឺខុស​នឹង​កិច្ច​សន្យា​ដែលអាចឱ្យ​ម្ចាស់បំណុល​អនុវត្ត​តាមកិច្ចសន្យា​បាន ។

លោកបណ្ឌិត​ ហុង វណ្ណៈ បាន​ផ្ដល់​ជា​យោបល់​ថា ៖

«មុនពេលដែល​សម្រេច​ចិត្តទិញរថយន្ត ម៉ូតូ ឬសម្ភារៈមក​ប្រើប្រាស់ដោយបង់រំលស់ ត្រូ​វគិតពីប្រាក់ចំណូល​របស់យើង​ ថា​តើអាច​មានស្ថិរភាពរយៈពេលណាមួយ​ និ​ងត្រូ​វប្រាកដថា ប្រាក់ចំណូល​ ឬការងារ​អាច​រ៉ាប់រង​ការ​ចំណាយ​ប្រចាំថ្ងៃបាន រួមជាមួយនឹងការ​បង់រំលស់ទៅធនាគារ ឬក្រុមហ៊ុន​វិញបាន​ ទើបមិនមានហានិភ័យកើតឡើង»។

យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​ ស៊ីប៊ីស៊ី បាន​បង្ហាញថា​ គិតត្រឹម​ដំណាច់​ឆ្នាំ២០២៥ ឥណទាន​សម្រាប់លក់​រាយ​ ( Retail Loan ) ក្នុ​ងប្រព័ន្ធធនាគារ​មានរហូតដល់ ២,៥លានគណនី ក្នុងនោះ​ចំនួន​អ្នក​ខ្ចី​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដែលរួមមាន​ការ​ទិញ​រថយន្ត ម៉ូតូ ផងដែរនោះមានច្រើនជាង​គេ រហូតដល់​ ៨៤,២៤ភាគរយ ។ ចំណែក​ទឹកប្រាក់​ដែលផ្ដល់​ជូន​អតិថិជន​តាមរយៈ​​ឥណទាន​លក់រាយ​នេះ Retail Loan នេះ​មានចំនួន ១៦,៣៩​ពាន់​លានដុល្លារអាមេរិក ក្នុងនោះ​កម្ចីសម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​មានរហូតដល់​ ៤៩,៦៤ភាគរយ ដែលមានន័យថា​ទាំង​ចំនួន​អ្នកខ្ចី និងចំនួន​ឥណទាន​សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន​ច្រើន​ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា