បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញជំរុញឱ្យពលរដ្ឋគួរចេះត្រៀមខ្លួនចំពោះហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល

អ្នកជំនាញជំរុញឱ្យពលរដ្ឋគួរចេះត្រៀមខ្លួនចំពោះហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល

ភ្នំពេញ ៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានជំរុញឱ្យពលរដ្ឋកម្ពុជាគួរចេះប្រុងប្រយ័ត្នខ្ពស់ចំពោះវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខ ខណៈដែលសញ្ញាណនៃភាពមិនប្រាកដប្រជា​នៅ​តែបន្ត។  

យោងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ធនាគារពិភពលោក ស្តីពី កំណើនសកល ចេញផ្សាយក្នុងខែមករា ឆ្នាំ២០២៦ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនឹងធ្លាក់ចុះមកនៅត្រឹម ២.៦% នៅឆ្នាំ២០២៦ មុននឹងងើបឡើងដល់ ២.៧% ក្នុងឆ្នាំ២០២៧។ ជាមួយគ្នានេះ ប្រសិនបើការព្យាករទាំងនេះនៅ​រក្សាបាន​ដដែល ទសវត្សរ៍ឆ្នាំ២០២០ នឹង​ត្រូវ​បាន​កត់​ត្រាទុក​ថា ​ជាទសវត្សរ៍ដែល​ពិភពលោកមាន​កំណើន​សេដ្ឋកិច្ច​ខ្សោយ​បំផុត គិត​ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០។

ស្រដៀងគ្នានេះ របាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះបានបង្ហាញថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៥ % ក៏ដោយ ប៉ុន្តែកម្ពុជានៅមានភាពប្រឈមចំពោះសេដ្ឋកិច្ចសកលនៅឡើយ។ ភាពប្រឈមទាំងនោះរួមមាន ការ​ថមថយនៃសេដ្ឋកិច្ចសកល ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដោយសារសង្គ្រាម កាបែកខ្ញែកភូមិសាស្រ្តសេដ្ឋកិច្ច ដែលបន្ទុចបង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងមានសម្ពាធបំណុលសាធារណៈ រួមជាមួយនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត ឆេង គឹមឡុង អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានចក្ខុអាស៊ី បានមានប្រសាសន៍ថា ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែត្រដាបត្រដួស ពលរដ្ឋកម្ពុជាត្រូវចេះចាយវាយដោយការសន្សំសំចៃ កាត់បន្ថយចំណាយមិនចាំបាច់ ពិសេសត្រូវពង្រីកអាជីវកម្ម និងចង្វាក់ផលិតកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំ។

លោកបញ្ជាក់ថា ៖

«កាត់បន្ថយចំណាយដែលមិនចាំបាច់ ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាពរវាងចំណូល និងចំណាយ ដែលគេហៅថាការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនខ្នាតគ្រួសារ ដើម្បីកុំឱ្យជាប់បំណុលគេច្រើនពេក ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងត្រដាបត្រដួស»  ។

លោក សេក ភារម្យ ប្រធានស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍នៃក្រុមហ៊ុន BFX Capita ក៏បានជំរុញឱ្យពលរដ្ឋកម្ពុជាត្រូវចេះរក្សាប្រាក់បម្រុងទុកក្នុងគ្រួសារឱ្យបានច្រើន ដោយមិនត្រូវចាយខ្ជះខ្ជាយ ឬទិញសម្ភារៈនិយមដោយការបង់រំលស់ជាដើម។

លោកសង្កត់ធ្ងន់ថា ៖

«ដូច្នេះបងប្អូនដែលមានប្រាក់ចំណូលទាប គួរតែចាត់ចែងការចាយវាយប្រាក់កាសឱ្យ​បានត្រឹមត្រូវ ដូចជា ការចំណាយអាទិភាពលើចំណីអាហារ ផ្ទះសម្បែង សុខនិងភាពជាដើម»។ 

លោកបញ្ជាក់ថា សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ត្រូវមានភាពបត់បែនក្នុងដំណើរការសេដ្ឋកិច្ចរបស់ខ្លួន ​ចៀសវាងពឹងផ្អែកលើប្រតិបត្តិការសេដ្ឋកិច្ចដដែលៗ ដែលអាចជួបបញ្ហាដោយប្រការណាមួយជាយថាហេតុ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា