បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញជំរុញឱ្យពលរដ្ឋប្រើប្រាស់កម្ចីឥណទានដោយទំនួលខុសត្រូវខ្ពស់ ខណៈចំនួនអ្នកប្រើប្រាស់នៅកម្ពុជាមានដល់ជាង ៥ លាននាក់

អ្នកជំនាញជំរុញឱ្យពលរដ្ឋប្រើប្រាស់កម្ចីឥណទានដោយទំនួលខុសត្រូវខ្ពស់ ខណៈចំនួនអ្នកប្រើប្រាស់នៅកម្ពុជាមានដល់ជាង ៥ លាននាក់

អ្នកជំនាញបានជំរុញឱ្យពលរដ្ឋ ប្រើប្រាស់កម្ចីឥណទានប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្របពេលចំនួនអ្នកប្រើប្រាស់ឥណទាន និងសមតុល្យឥណទាននៅកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង ប្រជាជនប្រើប្រាស់ជាង ៥ លាននាក់នៅទូទាំង ២៥ រាជធានី ខេត្ត បាននិងកំពុងប្រើប្រាស់ឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

Advertisement

របាយការណ៍របស់ក្រុមហ៊ុនក្រេឌីតប្យ៊ូរ៉ូកម្ពុជា (CBC) ដែលបណ្តាញសារពត៌មាន AMS ទទួលបានកាលពីថ្មីៗនេះ បានបង្ហាញថា សមតុល្យឥណទាននៅក្នុងឆ្នាំ ២០២៥ មានចំនួនប្រមាណ ៦២ ពាន់លានដុល្លារ កើនឡើងលើសឆ្នាំ ២០២៤ មានប្រមាណ ៦០ ពាន់ដុល្លារ។​

បើតាមរបាយការណ៍ ក្នុងចំណោមសមតុល្យឥណទានសរុបប្រមាណ ៦២ ពាន់លានដុល្លារ មានប្រជាជនប្រើប្រាស់ចំនួន ៥.១៣ លាននាក់នៅទូទាំង២៥ រាជធានី ខេត្ត។  ក្នុងនោះរាជធានី ខេត្តចំនួន ០៣ មានដូចជារាជធានីភ្នំពេញ​ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានផ្តល់ឥណទានសរុបប្រហែល ៦១ ភាគរយ នៃកម្ចីឥណទានសរុបទូរទាំងប្រទេស។

រាជធានីភ្នំពេញត្រូវគេដឹងថា មានកម្ចីឥណទានច្រើនជាងគេប្រមាណ ​ ៣១,៧ ពាន់លានដុល្លារ ស្មើនឹង ៥១ ភាគរយ នៃទំហំឥណទានទូទាំងប្រទេស ដោយ​មានអ្នកខ្ចី​សរុប​ចំនួន ៧២,៣ ម៉ឺននាក់។​ បន្ទាប់មក​ខេត្តកណ្ដាល​មានអ្នកប្រើប្រាស់ប្រាក់កម្ចី ៤០,៩ ម៉ឺននាក់ មានទំហំឥណ​ទាន​ប្រមាណ​ ៣,៣៦ ពាន់លានដុល្លារ ស្មើនឹង ៥,៤ ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស និងខេត្តកំពង់ស្ពឺមានទំហំឥណទាន​ប្រមាណ ​២,៦ ​ពាន់លានដុល្លារ ស្មើនឹង ៤,៣% នៃសមតុល្យឥណទានទូទាំងប្រទេស​និងមានអ្នកខ្ចី ៣៩,២ ម៉ឺននាក់​។

លោក កាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា មានប្រសាសន៍ថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់ និងបញ្ហាព្រំដែន បានបង្កជាសម្ពាធប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋ ដែលត្រូវមានការយកចិត្តទុកដាក់ ទាំងកម្ចី កម្ចីគ្រួសារ និងកម្ចីអាជីវកម្ម។

លោកបានថ្លែងថា៖

ទី១. សូមយកចិត្តទុកដាក់បញ្ហាហិរញ្ញវត្ថុទាំងផ្ទាល់ខ្លួន ទាំងក្នុងក្រុមគ្រួសារទាំងកម្រិតអាជីវកម្ម ទី២.បើសិនជាបង​ប្អូនត្រូវការប្រើប្រាស់កម្ចី សូមធ្វើការសិក្សាដោយប្រុងប្រយ័ត្នមុនប្រើប្រាស់កម្ចី ហើយសូមប្រើប្រាស់កម្ចីណាដែលមានអាជ្ញាប័ណ្ណស្របច្បាប់។”

ទោះជាកម្ចីកើនឡើងក៍ដោយ បើក្រឡេកមើលទៅលើប្រាក់សន្សំ ឬប្រាក់បញ្ញើរបស់ពលរដ្ឋ មានការកើនឡើងខ្លាំងលើស ១០ ភាគរយ នៅឆ្នាំ ២០២៥ បើធៀបនឹង ឆ្នាំ២០២៤ រីឯការសងត្រឡប់មានការកើនឡើងជិត ១ ភាគរយ ដែលនេះបង្ហាញថា កម្ចីឥណទាននៅកម្ពុជានៅតែមានគុណភាពល្អ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា កំណើនឥណទានខាងលើមានប្រមាណជា ៣ ភាគរយ ប៉ុណ្ណោះ ប៉ុន្តែប្រាក់សន្សំក្នុងធនាគារមានការកើនឡើង ១៤ ភាគរយ ជាតូលេខបង្ហញថា កំណើនឥណទានកម្ពុជានៅតែមានភាពធន់។

យ៉ាងណាលោក អះអាងថា វិបត្តិប្រាក់ចំណូលនៅកម្ពុជា ជាកត្តាមួយដែលអាចធ្វើឱ្យពលរដ្ឋមានប្រឈមក្នុងការសងប្រាក់ក្នុងវិស័យធនាគារ ក្នុងនោះការលេចចេញនូវរូបភាពឥណទានក្រៅប្រព័ន្ឋ និងជះឥទ្ឋិពលដល់ពលរដ្ឋជួបការលំបាកក្នុងការសងបំណុល។

លោកបណ្ឌិត បានឱ្យដឹងថា៖

ឧទាហរណ៍ទិញឡានបង់រំលោះ ទិញផ្ទះបង់រំលោះ ចឹងការបង់រំលស់ជាមួយបូរី និងក្រុមហ៊ុនឡាន ក្រុមហ៊ុនម៉ូតូគឺជាកម្ចីដែលមិនបានកត់ត្រាទេ ហើយក៍យើងមិនដឹងថាតើគាត់មានលទ្ឋភាពសងកម្រិតណា?”

ដោយឡែក លោក សេក ភារម្យ ប្រធានស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍នៃក្រុមហ៊ុន BFX Capita  មានប្រសាសន៍ថា កំណើនកម្ចី ៣ ភាគរយ បើធៀបនឹងចំណូលសរុប (GDP) របស់ពលរដ្ឋកម្ពុជាក្នុងម្នាក់ជាមធ្យមកើនឡើង​ ២៣១០ ដុល្លារ  នៅក្នុងឆ្នាំ ២០២៥ ស្មើនឹង ៤.៨៥ ភាគរយ ធៀបនឹងឆ្នាំ២០២៤ ដែលមិនមានអ្វីគួរព្រួយបារម្ភខ្លាំងនោះទេ ប៉ុន្ទែអ្វីដែលជាការព្រួយបារម្ភនោះ ប្រសិនបើវិបត្តិសេដ្ឋកិច្ចសកល ជាពិសេសបញ្ហាសង្ក្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយ នឹងបង្ករផលប៉ះពាល់ដល់ចំណូលពលរដ្ឋ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា