ដើម្បីអាចទទួលបានផលចំណេញ និងជៀសផុតពីការខាតបង់លើមុខរបរធ្វើកសិកម្ម កសិករគួរពិចារណាឱ្យបានច្បាស់លាស់មុននឹងធ្វើការដាំដុះ ជាពិសេស គណនាទៅលើការចំណាយថ្លៃដើមផលិតនៅដើមរដូវ ធៀបទៅនឹងប្រាក់ចំណូលដែលទទួលបាននៅពេលប្រមូលផលនៅចុងរដូវ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងឱកាសជួបសំណេះសំណាលជាមួយកសិករ និងមន្រ្តីកសិកម្មឃុំ នៅក្រុងបានលុង ខេត្តរតនគិរី រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ។ ចំណេញ ឬខាត គឺអាស្រ័យទៅលើទិន្នផលប្រចាំឆ្នាំតែប៉ុណ្ណោះ ដូច្នេះ គួរគិតគូរឱ្យច្បាស់លាស់ដើម្បីជៀសវាងការខាតបង់ ឬអាចឈានដល់ជាប់បំណុល។
ឯកឧត្តមបន្តថា ៖
«បើជ្រុលនឹងនឿយហត់ហើយ គួរប្រឹងឡើងវិញ រកវិធីសាស្រ្តបែបថ្មី ចេះគិតពីថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ការចំណាយក្នុង១ឯកតា បើមិនដូច្នោះទេ កសិករយើងនឹងបន្តជាប់អន្ទាក់បំណុលដដែលជាដដែល»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា កសិករខ្នាតតូច គួរចេះកែច្នៃរបរដាំដុះ ឬប្រកបរបរចិញ្ចឹមសត្វ ឬធ្វើរបរវារីវប្បកម្មបន្ថែមលើសពីរបរប្រពៃណីដែលមានស្រាប់ ដើម្បីបំពេញកង្វះខាតក្នុងជីវភាពគ្រួសារ។ លោកមានប្រសាសន៍ដូច្នេះថា ៖
«កសិករខ្នាតតូច គួរដាំដុះល្មមសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ហើយបើដីនោះមានប្រភពទឹកគ្រប់គ្រាន់ គួរពិចារណាដាំបន្លែដែលមានតំលៃខ្ពស់រយៈពេលខ្លី ទើបមានផលសេដ្ឋកិច្ចជាងដាំដុះស្រូវ»។
លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា(CFAP) បានមានប្រសាសន៍ថា កសិករខ្នាតតូច គួរតែប្តូរផ្នត់គំនិតក្នុងការធ្វើផលិតកម្មដោយមិនអាចផ្តេកផ្តួលទៅតាមការធ្វើកសិកម្មបែបប្រពៃណីដូចកាលពីមុនបានឡើយ ដោយសារតែទីផ្សារបច្ចុប្បន្នមានតម្រូវការលើគុណភាព និងតម្លៃផលិតកម្មកាន់តែកើនឡើង ដូច្នេះកសិករត្រូវចេះគិតគូរឱ្យបានច្បាស់លាស់ពីការគណនាថ្លៃដើមផលិត ថាតើអាចទទួលបានផលចំណេញដែរ ឬទេ?
លោកថា ៖
«បើសិនជាគាត់អនុវត្តទៅតាមប្រពៃណី ឬតាមទម្លាប់ធម្មតា ពេលដែលយកទៅលក់នៅលើទីផ្សារ ប្រាកដជាមានសំនួរសួថា តើអនុវត្តតាមស្តង់ដារកសិកម្មអ្វី ដើម្បីបញ្ជាក់ទៅអ្នកទិញឱ្យគាត់បានដឹងអំពីគុណភាពនៃផលិតកម្ម ធ្វើបែបនឹងទើបអាចផ្លាស់ប្តូរតម្រូវការផង ផ្លាស់ប្តូររបៀបនៃការធ្វើកសិកម្មផង និងអាចឆ្លើយតបទៅតម្រូវការផងដែរ»។
អ្នកជំនាញកសិកម្មខាងលើបានអះអាងថា ស្ថិតក្នុងតំណាក់កាលផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណីទៅកសិកម្មបែបស្តង់ដារ ឬគំរូកសិកម្មនេះ ទាមទារឱ្យមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ដូចជាការផ្តល់រឧបត្ថម្ភធន ការលើកទឹកចិត្ត ដើម្បីឱ្យដំណើរផ្លាស់ប្តូរមានភាពរលូន ព្រោះការផ្លាស់ប្តូរផ្នត់គំនិតកសិកម្មនេះជាការអនុវត្តមួយបែបថ្មី និងអាចជួយបញ្ហាលើសង្វាក់ផលិតកម្មខ្លះៗក្នុងដំណាក់កាលដំបូង៕