បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ភ្នំពេញ៖ លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល។

Advertisement

លោក ឃឹម ពិសិដ្ឋ ឈ្មួញទិញលាមកប្រចៀវពីអ្នកទៅប្រមូលនៅល្អាងមកលក់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា បច្ចុប្បន្នលាមកប្រចៀវ ត្រូវបានប្រមូលក្នុងរវាងបីខែម្ដង។ ដោយក្នុងការប្រមូលម្ដងៗ បានប្រមាណ មួយពាន់  ការ៉ុង ដែលក្នុងមួយការ៉ុងមានទម្ងន់ចន្លោះពី ១៥ ទៅ ១៧ គីឡូក្រាម។

លោកបានបន្តថា លាមកប្រចៀវនៅតែជីដែលពេញនិយមសម្រាប់កសិករ ក្នុងខេត្តបាត់ដំបង ជាពិសេសកសិករនៅជុំវិញភ្នំសំពៅ បើទោះបីជាជីលាមកប្រចៀវនេះ មានតម្លៃខ្ពស់ជាងជីគីមី និងជីកំប៉ុសក៏ដោយ។ បច្ចុប្បន្ន ជីលាមកប្រចៀវសុទ្ធ អាចលក់បានក្នុងតម្លៃ ៤០០០ រៀលក្នុងមួយគីឡូក្រាម ហើយមានតម្រូវខ្ពស់ណាស់ មិនខ្វះកសិករមករកទិញទេ។

លោកបានបញ្ជាក់ថា បើតាមការកត់សម្គាល់ ជីលាមកប្រចៀវក៏ត្រូវបានគេយកទៅលាយជាមួយនឹងជីកំប៉ុសដែរ ដើម្បីបំប៉នសារជាតិសម្រាប់ដំណាំរបស់កសិករ ។ សម្រាប់កសិករខ្លះទៀត បានប្រើប្រាស់ជីលាមកប្រចៀវសុទ្ធដោយមិនលាយជាមួយជីផ្សេងៗទៀតទេ ក្នុងករណីពួកគាត់អាចប្រមូលទិញបានច្រើន។ ការប្រើប្រាស់ជីលាមកប្រចៀវ វាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ទាំងដាំ និងអ្នកបរិភោគផលិតផលកសិកម្ម ដែលដាំដុះដោយប្រើជីលាមកប្រចៀវទេ។

អ្នកស្រី អាន រស្មី ជាកសិករ និងជាអ្នកលក់លាមកប្រចៀវ នៅភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងតំបន់របស់អ្នកស្រី មានកសិករជាច្រើននៅតែបន្តប្រើប្រាស់ជីលាមកប្រចៀវ សម្រាប់ដាក់ដំណាំរបស់ពួកគាត់ ហើយការប្រើប្រាស់ជីនេះដែរ គឺមិនមែនទើបតែឥឡូវទេ គឺប្រើយូរមកហើយតាំងពីជំនាន់ដូនតាមកម្ល៉េះ។

អ្នកស្រី បានបញ្ជាក់ថា អ្នកដែលធ្លាប់ប្រើប្រាស់លាមកប្រចៀវ ធ្វើជីដាក់ដំណាំបានប្រាប់ថា គុណភាពរបស់ជីលាមកប្រចៀវ ល្អជាងជីធម្មជាតិដទៃទៀត ហើយបើលាយជាមួយជីគីមីនោះ គុណភាពរបស់វាកាន់តែប្រសើរ ។

អ្នកជំនាញកសិកម្ម នៃភាពធន់បម្រែបម្រួលអាកាសធាតុ នៃអង្គការ IDE លោកទួត សេង ហ័ង បានប្រាប់បណ្តាញព័ត៌មាន AMS ថា ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន បើនិយាយអំពីធ្វើកសិកម្មឱ្យបានទិន្នផល កសិករ មិនអាចបោះចោលជីគីមីបានទេ ហើយគេក៏មិនអាចខ្វះជីធម្មជាតិបានដែរ តែគេអាចជ្រើសយកការប្រើលាយគ្នាដែលប្រជាកសិករបច្ចុប្បន្នកំពុងតែអនុវត្ត។

លោក ទួត សេង ហ័ង បានបន្តថា សម្រាប់លាមកប្រចៀវ តំបន់ខ្លះសម្បូរសត្វប្រចៀវ ជីលាមកប្រចៀវ នៅតែត្រូវបានប្រើប្រាស់ច្រើន ដូចជា នៅបាត់ដំបង ដោយសារតែតំបន់នោះ មានបង្កើនចំនួន ផលិតកម្ម និងល្អាងធម្មជាតិដែលអាចផ្ដល់លាមកសម្រាប់យកធ្វើជាជី។ ប៉ុន្តែតំបន់ខ្លះ ដូចជាខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ពុំសូវសំបូរ ប្រជាកសិករ គាត់ងាកទៅប្រើ ជីលាមកគោ ឬជីកំប៉ុសជំនួសវិញ។ ការប្រើមិនច្រើននេះ ដោយសារជីនោះមិនមានផលិតកម្មបន្ថែម ហើយតម្លៃខ្ពស់។

បើតាមលោក ថៃ លី ប្រធានការិយាល័យផលិតកម្មនៅខេត្តតាកែវ បានឱ្យដឹងថា លាមកប្រចៀវនៅខេត្តតាកែវ ទោះបីជាមិនមានការបង្កើនផលិតកម្មបន្ថែម តែអ្វីដែលជាការកត់សម្គាល់ប្រជាកសិករ ក៏នៅប្រើលាមកសត្វប្រចៀវនេះនៅឡើយ។

ដូច្នេះ ជីលាមក​​​ប្រចៀវ​​​ត្រូវ​បាន​​មជ្ឈដ្ឋាន​​កសិករ​​​​ទូ​ទៅ នៅ​​​ទទួល​ស្គាល់​​​​ថា ជា​ជី​ធម្ម​ជាតិ​​​មួយ​ប្រភេទ​​​ ដែល​មាន​​គុណភាព​​អាច​ធ្វើ​​ឱ្យ​​ដំណាំ​​​លូត​លាស់​​បាន​​យ៉ាង​​ល្អ ​ដូច​ជា​​ដំណំ​​​​ហូប​ផ្លែ​​ ​ដំណាំ​​ហូប​ស្លឹក​ ​ពិសេស​​ដំណាំ​ស្រូវ​។ ម៉្យាង​ទៀត​ ​ជី​លាម​ក​ប្រចៀវ​​​​នេះ​​មិន​បង្ក​​ឱ្យ​ខូច​​​ ឬ​ខ្សោះ​​​​ដី​​​ដូច​ជី​​​គី​មី​ឡើយ​​៕   

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា