កំពត៖ បងប្អូនប្រជាកសិករ នឹងទទួលបានចំណេះដឹងហិរញ្ញវត្ថុកាន់តែប្រសើរ ពិសេសទាក់ទងការសម្រេចចិត្ត និងការចាត់ចែងសាច់ប្រាក់ ឬលុយកាក់ សម្រាប់របរបង្កបង្កើនផលដំណាំរបស់ខ្លួន តាមរយៈការចូលរួមស្តាប់ និងសិក្សាពីកិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ រដូវកាលទី ៣។ កិច្ចពិភាក្សាខាងនេះ នឹងប្រព្រឹត្តទៅនៅលើទឹកដីស្រុកបន្ទាយមាស ខេត្ដកំពត ក្រោមប្រធានបទ «ការចាត់ចែងទុនសម្រាប់កសិករឱ្យមានប្រសិទ្ធភាព» នាព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ។
តាមរយៈព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងទុកថានឹងក្លាយជាវេទិកាជួបជុំមួយក្រោមស្លាកកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» ដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុឯកជន ជាតិ-អន្តរជាតិ សមាគម អង្គការសង្គមស៊ីវិល និងសាធារណជន អាចចូលរួមបានដោយសេរី ដើម្បីផ្លាស់ប្ដូរចំណេះដឹង ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។ គោលបំណងរបស់កម្មវិធី វិថីហិរញ្ញវត្ថុ រដូវកាលទី ៣ មិនមែនត្រឹមតែបង្កើនការយល់ដឹងនោះទេ ប៉ុន្តែគឺដើម្បីជំរុញសកម្មភាពជាក់ស្ដែង អាចជួយពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុទៅដល់គ្រប់ស្រទាប់នៃសង្គម។
សូមបញ្ជាក់ថា កម្មវិធី «វិថីហិរញ្ញវត្ថុ» ជាវេទិកាថ្នាក់ជាតិមួយ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា (CBC) និងក្រុមហ៊ុន អប្សរា មេឌា ស៊ឺវីស (AMS) ដោយមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា (NBC)។ តាមរយៈវេទិកានេះ កម្ពុជាកំពុងកសាងកិច្ចសហការកាន់តែរឹងមាំ ដើម្បីធានាថា អក្ខរកម្មហិរញ្ញវត្ថុនឹងក្លាយជាការទទួលខុសត្រូវរួម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើននៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
សម្រាប់វេទិកានៃកិច្ចពិភាក្សាចំណេះដឹងហិរញ្ញវត្ថុ ក្រោមប្រធានបទ «ការចាត់ចែងទុនសម្រាប់កសិករឱ្យមានប្រសិទ្ធភាព» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំតួអង្គគ្រប់ភាគីសំខាន់ៗទាំងអស់ ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញសកម្មភាពអប់រំផ្នែកហិរញ្ញវត្ថុឱ្យបានទូលំទូលាយបន្ថែមទៀតទៅកាន់ប្រជាកសិករ។
វេទិកានេះ ក៏ចង់លើកទឹកចិត្តដល់ប្រជាកសិករឱ្យស្វែងយល់កាន់តែច្បាស់អំពីរបៀបនៃការគ្រប់គ្រងបែងចែកទុន ធ្វើយ៉ាងណាទទួលបានប្រសិទ្ធភាពខ្ពស់ ចៀសវាងពីកម្ចីក្រៅផ្លូវការ និងអាចសម្រេចចិត្តច្បាស់ថាតើគួរប្រើប្រាស់កម្ចីប្រភេទណាដែលស័ក្ដិសម ដោយមានការចែករំលែកចំណេះដឹងពីសំណាក់មន្ត្រីមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, កសិករគំរូ និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលអញ្ជើញមកពីស្ថាប័នផ្សេងៗគ្នា។
សូមជម្រាបថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្ដល់លទ្ធភាពឱ្យប្រជាកសិករអាចធ្វើការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវទៅលើការចាត់ចែងទុន ការចេះប្រើកម្ចីប្រកបដោយឆ្លាតវៃ ការគ្រប់គ្រងបំណុល ការៀបចំផែនការហិរញ្ញវត្ថុ និងការសន្សំ ជាពិសេស ជួយឱ្យប្រជាកសិករចៀសវាងពីបំណុលលើសលប់ អាចកសាងសុខសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ច។ បន្ថែមពីលើនេះ បើគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុនោះទេ គ្រួសារជាច្រើននឹងនៅតែងាយរងគ្រោះដោយសារវិបត្តិហិរញ្ញវត្ថុ ហើយមិនអាចទទួលបានផលប្រយោជន៍ពេញលេញពីការផ្ដល់ឱកាសដោយប្រព័ន្ធហិរញ្ញវត្ថុផ្លូវការនោះឡើយ។
សូមចូលរួមទាំងអស់គ្នា នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីទទួលបានចំណេះដឹងហិរញ្ញវត្ថុ និងបទពិសោធន៍ក្នុងការគ្រប់គ្រង បែងចែកសាច់ប្រាក់ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងទទួលបានផលប្រយោជន៍សម្រាប់ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ៕