បរទេស ៖ លោក Robert Kiyosaki ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ (Rich Dad Poor Dad) និងជាអ្នកជំនាញអប់រំផ្នែកហិរញ្ញវត្ថុផងដែរនោះ បានចេញសេចក្ដីព្រមានទៅកាន់សាធារណជនកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត។
នៅក្នុងសារដាស់តឿនដែលត្រូវបានចេញផ្សាយដោយ Money Wise លោក Robert Kiyosaki បានបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់គ្រានេះ មិនមែនគ្រាន់តែជាការគំរាមកំហែងនោះទេ ប៉ុន្តែវាជាតថភាពសេដ្ឋកិច្ចដ៏អាក្រក់មួយដែលបានកើតឡើងរួចទៅហើយ និងកំពុងបន្តនៅពេលបច្ចុប្បន្ន។
លោក Kiyosaki ក៏បានសង្កត់ធ្ងន់ និងចង្អុលបង្ហាញអំពីចំណុចខ្សោយជាប្រព័ន្ធនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ ដែលកំពុងជំរុញប្រព័ន្ធហិរញ្ញវត្ថុឱ្យកៀកទៅនឹងការដួលរលំនៃរចនាសម្ព័ន្ធទាំងស្រុង។ បញ្ហាចម្បងៗសម្រាប់សហរដ្ឋអាម៉េរិករួមមានទាំង កម្រិតបំណុលជាតិ ដែលឡើងខ្ពស់បំផុតជាប្រវត្តិសាស្ត្រ កំណើនបំណុលកាតឥណទាន (Credit Card) របស់អតិថិជន និងការកើនឡើងយ៉ាងខ្ពស់នៃអត្រាអ្នកអត់ការងារធ្វើ។ មនុស្សរាប់លាននាក់នឹងត្រូវប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់មួយ ក្រោយពេលបញ្ចប់មូលនិធិសោធននិវត្តន៍ក្នុងកម្រិតស្តង់ដារ ដែលនាំឱ្យមនុស្សបាត់បង់ចំណូល បាត់បង់ទ្រព្យសម្បត្តិ រហូតដល់ថ្នាក់មានការរឹបអូសផ្ទះសម្បែងក្នុងទ្រង់ទ្រាយធំផងដែរ។
ទោះជាយ៉ាងណាក្តី លោកក៏បានលើកឡើងអំពីយុទ្ធសាស្ត្ររស់រានមានជីវិត និងឱកាសសម្រាប់ក្លាយជាអ្នកមានស្តុកស្តម្ភក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលនេះដែរ។
លោកថា មាស ប្រាក់ និង Bitcoin គឺជាវិនិយោគដែលគួរឲ្យទុកចិត្តបំផុត ខណៈពេលដែលទីផ្សារប្រពៃណីកំពុងប្រឈមមុខនឹងហានិភ័យមិនធ្លាប់មានពីមុនមក។ លោកបានជំរុញឱ្យបុគ្គលម្នាក់ៗគួរបញ្ឈប់ការសន្សំជាប្រាក់ក្រដាសភ្លាមៗ ដែលលោកតែងតែហៅវាថាជា លុយក្លែងក្លាយ ហើយងាកមកផ្តោតលើទ្រព្យសកម្មរឹងមាំ និងមានលក្ខណៈជាមូលដ្ឋានគ្រប់គ្រងច្បាស់លាស់វិញ។ មានន័យថា ការសន្សំគួរផ្តោតទៅលើមាស (Gold) , ប្រាក់ (Silver) និងលុយគ្រីបតូ Bitcoin វិញ។
លោក Kiyosaki បានបញ្ជាក់ថា៖អ្នកដែលបានត្រៀមខ្លួនរួចរាល់ នឹងក្លាយជាអ្នកមានស្តុកស្តម្ភ ដោយលោកបានជំរុញឱ្យវិនិយោគិនគួរស្វែងយល់បន្ថែមពីទីផ្សារមាស ប្រាក់ និងគ្រីបតូ ដែលកំពុងនៅមានកម្រិតនៅនៅឡើយ ដើម្បីបង្កើនឱកាសក្តោបក្តាប់ទ្រព្យសកម្មជាក់ស្តែង និងចាប់ផ្តើមធ្វើសកម្មភាពតាំងពីពេលនេះ ដើម្បីធានាបាននូវសេរីភាពហិរញ្ញវត្ថុមុនពេលទីផ្សារឈានដល់ចំណុចត្រូវកំណត់ឡើងវិញ៕