ភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២២៥ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៣,៣ ពាន់លានដុល្លារអាម៉េរិកនិងបង្កើតឱកាសការងារបានរាប់ម៉ឺនកន្លែង ហើយក្នុងចំណោមគម្រោងវិនិយោគទាំងជាង ២២០គម្រោងនេះ ឃើញថាមានខេត្ត ៥ទទួលបានគម្រោងវិនិយោគច្រើនជាងគេ ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យឃើញថា ខេត្តចំនួន៥ បានទាក់ទាញគម្រោងវិនិយោគច្រើនជាងគេ ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០២៦នេះ ដោយក្នុងនោះខេត្តកំពង់ស្ពឺ ទាក់ទាញបានគម្រោងវិនិយោគច្រើនជាងគេ មានរហូតដល់ ៥៨គម្រោង ។ បន្ទាប់ពីខេត្តកំពង់ស្ពឺ ខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេលំដាប់ទី២ គឺខេត្តកណ្ដាល ដោយទទួលបានគម្រោងចំនួន ៣៧គម្រោង ចំណែកលំដាប់ថ្នាក់ទី៣ ជាខេត្តដែលមានវ័យចំណាស់ជាងគេរបស់កម្ពុជាគឺខេត្តតាកែវ ដោយទទួលបានគម្រោងវិនិយោគចំនួន ២៨គម្រោង។
តាមរបាយការណ៍បង្ហាញឱ្យដឹងទៀតថា ខេត្តស្វាយរៀង ក៏ស្ថិតនៅក្នុងចំណោមរាជធានីខេត្ត ដែលមានសក្ដានុពលទាំង៥ដែរ ដោយក្នុងរយៈពេល៥ខែកន្លងមកនេះ ខេត្តជាប់ព្រំដែនប្រទេសវៀតណាមមួយនេះ ទទួលបានគម្រោងវិនិយោគចំនួន ២៤គម្រោង ។ ចំណែកខេត្តជាប់មាត់សមុទ្រមួយរបស់កម្ពុជា ខេត្តព្រះសីហនុទទួលបានគម្រោងចំនួន២២គម្រោង គឺដូចគ្នានឹងរាជធានីភ្នំពេញដែរ ។
ដោយឡែក ចំពោះប្រភពទុនវិនិយោគដែលបានបោះទុនវិនិយោគក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ ភាគច្រើនមកពីប្រទេសចិន ដោយផ្ដោតលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប៉ុន្តែក្នុងនោះវិស័យឧស្សាហកម្មទាក់ទាញបានទឹកប្រាក់វិនិយោគច្រើនជាងគេ ក្នុងចំនោមទឹកប្រាក់វិនិយោគទាំង ៣,៣ពាន់លានដុល្លារអាម៉េរិក ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺបា នមានប្រសាសន៍ឱ្យដឹងថា វិស័យឧស្សាហកម្ម មានការកើនឡើងឥតឈប់ឈរ ក្នុងនោះកាលពីឆ្នាំ២០២៥កន្លងទៅ ក្នុងវិស័យឧស្សាហកម្ម ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគក្រោម ៥លានដុល្លារ ចំនួន ១២៦គម្រោង និងតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ១៣០គម្រោង ។ ដោយឡែកគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោងវិនិយោគក្រោម ៥លានដុល្លារ ចំនួន ៣៥គម្រោងបន្ថែមទៀត ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកឧកញ៉ា សំ សុខនឿន បានថ្លែងថា កំពង់ស្ពឺ ជាខេត្តមួយដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ និងទាក់ទាញវិនិយោគិនទៅសិក្សាឈ្វេងយល់ពីសក្ដានុពលចាហូរហែ។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពង់ស្ពឺបានទទួលគម្រោងវិនិយោគច្រើនជាងគេ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ហើយថ្មីៗនេះដែរ ពឺក៏មានការវិនិយោគបន្ថែមលើតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម ដែលអាចទាក់ទាញគម្រោងវិនិយោគថ្មីៗបន្ថែមទៀតចូលមកកាន់ខេត្តមួយនេះ ៕