បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

បរទេស៖ បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។

Advertisement

ប្រធានាធិបតីបារាំង លោក Emmanuel Macron ចង់ជំរុញរបៀបវារៈលើប្រធានបទដ៏រសើបមួយចំនួនចាប់ពីការកំណត់អតុល្យភាពសេដ្ឋកិច្ចសកល រហូតដល់ការបង្កើនការគ្រប់គ្រងក្នុងវិស័យឌីជីថល ជាពិសេស បញ្ញាសិប្បនិម្មិត (AI)។ លើសពីនេះ បារាំងមានបំណងចង់ពង្រីកវិសាលភាពនៃក្រុម G7 លើសពីសមាជិកភាព ដោយអញ្ជើញមេដឹកនាំសំខាន់ៗផ្សេងទៀតផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងអញ្ជើញមកដល់នៅថ្ងៃអង្គារដើម្បីជជែកពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi នឹងមានវត្តមានដើម្បីពិភាក្សាលើបញ្ហាអ៊ីរ៉ង់។ មេដឹកនាំមកពីប្រទេសផ្សេងៗដូចជា ប្រេស៊ីល កេនយ៉ា និងកូរ៉េខាងត្បូង ក៏ចូលរួមផងដែរ។ ជាមួយគ្នានេះ ស្របពេលដែលមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរវាងអាម៉េរិក-អ៊ីរ៉ង់ បណ្តាមេដឹកនាំរបស់ក្រុម G7 នឹងជជែកពិភាក្សាគ្នាដើម្បីវិភាគទៅលើផលវិបាក និងលទ្ធផលបន្តបន្ទាប់ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងនេះ។ មិនត្រឹមតែប៉ុណ្ណោះ ចិនដែលមិនមែនជាសមាជិក G7 និងគ្មានវត្តមាននៅក្នុងកិច្ចប្រជុំមួយនេះទេ ប៉ុន្តែមហាអំណាចមួយនេះនៅតែជាប្រធានបទដ៏រសើបដែលលើកយកមកជជែកដេញដោលមិនអាចរំលងបានឡើយ ជាពិសេសឥទ្ធិពលរបស់ទីក្រុងប៉េកាំងលើទីផ្សារ៉ែកម្រ។ ក្រៅពីបញ្ហានយោបាយ លោក Sam Altman ប្រធានក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI, លោក Dario Amodei ប្រធានក្រុមហ៊ុនបញ្ញាសិប្បនិម្មិតអាម៉េរិក Anthropic, និង លោក Arthur Mensch ប្រធានក្រុមហ៊ុនបញ្ញាសិប្បនិម្មិតបារាំង Mistral AI នឹងចូលរួមនៅថ្ងៃពុធខាងមុខនេះ ស្តីពីការការពារអនីតិជនក្នុងវិស័យឌីជីថល។

យ៉ាងណាមិញ កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅនេះ មានការផ្ទុះហិង្សារវាងក្រុមបាតុករប្រឆាំងកិច្ចប្រជុំ G7 និងប៉ូលិសនៅជិតទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ដែលធ្វើឲ្យមានការពង្រាយប៉ូលិស និងទាហានរាប់ពាន់នាក់ ដើម្បីការពារសុវត្ថិភាពជុំវិញកិច្ចប្រជុំមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ បារាំងសុខចិត្តប្តូរថ្ងៃបរិច្ឆេទនៃកិច្ចប្រជុំកំពូល G7 ទាំងមូល ដើម្បីសម្របសម្រួលទៅតាមពេលវេលារបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ដោយគាត់ប្រារព្ធពិធីគម្រប់ខួបឈានចូលវ័យ ៨០ ឆ្នាំកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

ស្របពេលដែលប្រធានាធិបតីអាម៉េរិកទើបមកដល់ថ្ងៃចន្ទនេះ បណ្តាមេដឹកនាំ G7 ផ្សេងទៀតកំពុងព្យាយាមស្វែងរកចំណុចរួមជាមួយលោក Trump ដោយសារពួកគេចង់ឃើញច្រកសមុទ្រ Hormuz បើកឡើងវិញឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយសម្ពាធតម្លៃទំនិញ និងប្រេងដែលកំពុងឡើងថ្លៃពេញពិភពលោក។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងថា ក្រៅពីការអបអរកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម មេដឹកនាំទាំងអស់ត្រូវជជែកគ្នាពីការជួយជ្រោមជ្រែងដល់ប្រទេសលីបង់ និងការបង្កើតកិច្ចព្រមព្រៀងច្បាស់លាស់មួយដើម្បីគ្រប់គ្រងសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់។ លើសពីនេះ ពួកគេនឹងពិភាក្សាស្វែងរកផ្លូវដឹកជញ្ជូនថ្មីៗ និងការធ្វើពពិធកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើតំបន់មជ្ឈិមបូព៌ា។ មេដឹកនាំអឺរ៉ុប និងកាណាដាក៏នឹងចង់រំលឹកលោក Trump អំពីសារៈសំខាន់នៃការជំរុញឱ្យរុស្ស៊ីទទួលយកសន្តិភាពមួយតាមលក្ខខណ្ឌរបស់អ៊ុយក្រែន ខណៈដែលសង្គ្រាមអូសបន្លាយជាងបួនឆ្នាំមកហើយ។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បញ្ជាក់ថា លោកនឹងជួបជាមួយលោក Trump ដើម្បីពិភាក្សាអំពីគំនិតល្អៗមួយចំនួនដែលអាចជួយជំរុញសន្តិភាព និង ការពារជីវិត៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា