បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

Advertisement

ការចុះផ្សាយរបស់សារព័ត៌មាន Theedgemalaysia បានឱ្យដឹងថា ចាប់តាំងពីខែសីហា ឆ្នាំ២០២៥ ការនាំចេញទឹកដោះគោប្រចាំខែរបស់ក្រុមហ៊ុនម៉ាឡេស៊ីចូលមកកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់។ កំណើននៃការនាំចេញទឹកដោះគោចូលទីផ្សារកម្ពុជា បានធ្វើឱ្យប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Farm Fresh របស់​ប្រទេសម៉ាឡេស៊ី បានកើនឡើងជិត ២៥ ភាគរយ នៅត្រីមាសទី ៣ ឆ្នាំ ២០២៥។

ថ្នាក់ដឹកនាំក្រុមហ៊ុន Farm Fresh បានបញ្ជាក់ថា ការជំរុញយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា បានផ្តល់​លទ្ធផលវិជ្ជមាន ដូច្នេះក្រុមហ៊ុននឹងពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា តាមរយៈការជ្រៀតចូលហាងពាណិជ្ជកម្មទំនើបធំៗនៅក្នុងទីក្រុងភ្នំពេញ និងទូទាំងប្រទេសកម្ពុជា ពិសេសរោងចក្រផលិតទឹកដោះគោក្នុងប្រទេសកម្ពុជា គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅពាក់កណ្តាលឆ្នាំ ២០២៦ នេះ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ការនាំចូលទឹកដោះគោពីប្រទេសម៉ាឡេស៊ី ចូលក្នុងទីផ្សារកម្ពុជា ជំនួសទឹកដោះគោនាំចូលពីថៃ ផ្ដល់ផលវិជ្ជមានសម្រាប់កម្ពុជា ព្រោះជាក់ស្ដែង កម្ពុជាមិនទាន់អាចផ្គត់ផ្គង់ទឹកដោះគោខ្លួនឯងបាន ១០០ ភាគរយ នោះទេ។

ប្រទេស​កម្ពុជា​ត្រូវការ​ទឹកដោះគូស្រស់ជាង ៣៦ លានលីត្រ ក្នុងមួយឆ្នាំ ឬស្មើ​នឹង ១០ ម៉ឺនលីត្រ​ ក្នុងមួយថ្ងៃ។ ដោយ​ការ​ផលិត​ក្នុងស្រុក​នៅមានកម្រិត ទឹកដោះគោ​ភាគច្រើន​ ត្រូវ​នាំចូល​ពីក្រៅប្រទេសដូចជា​ប្រទេស ម៉ាឡេស៊ី វៀតណាម អាមេរិក សិង្ហបុរី អូស្រ្តាលី ឥណ្ឌូនេស៊ី ជប៉ុន បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន ដាណឺម៉ាក ប្រទេសថៃ និងកូរ៉េខាងត្បូង ជាដើម។

ប្រទេសថៃ​ គឺជាអ្នកផ្គត់​ផ្គង់​ទឹកដោះគោស្រស់​ច្រើនជាងគេបំផុតដល់ប្រទេសកម្ពុជា នៅមុន​ការផ្ទុះ​សង្គ្រាម​តាម​បណ្តោយព្រំដែន។ ក៏ប៉ុន្តែ​បន្ទាប់​ពី​ប្រទេសថៃ​ត្រូវមើលឃើញថា បាន​ដឹក​នាំសង្គ្រាម​ឈ្លានពាន​លើ​តំបន់ព្រំដែន​របស់​ប្រទេស​កម្ពុជា ហើយ​ប្រទេស​នេះ​បាន​សម្រេច​បិទច្រក​ព្រំដែនគោកជាឯកតោភាគី កម្ពុជាបាន​សម្រេចចិត្ត​ហាមឃាត់ការនាំចូលទំនិញមួយចំនួន​ពីប្រទេសគូបដិបក្ខនេះ ពិសេសឧស្ម័ន និងប្រេងឥន្ធនៈ។ ដំណាល​គ្នានោះ ប្រជាពលរដ្ឋ​កម្ពុជា​ចាប់​ផ្តើម​ធ្វើពហិការទំនិញ​ថៃយ៉ាងផុលផុស​ រាប់ទាំងការធ្វើពហិការ​ប្រេងសាំងរបស់ប្រទេសថៃ PTT ផងដែរ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្រោយមានការបិទច្រកព្រំដែនគោករវាងកម្ពុជា-ថៃ ការដោះដូរទំនិញរបស់ប្រទេសគូជម្លោះនេះ ស្ទើរតែគ្មានសកម្មភាពទាល់តែសោះ លើកលែងតែប្រភេទទំនិញ ដូចជា គ្រឿងបង្គុំ និងគ្រឿងបន្លាស ជាដើម ដែលនាំចូលតាមផ្លូវទឹក។

ឯកឧត្តម បានថ្លែងថា៖

“នៅមានការធ្វើពាណិជ្ជកម្មជាមួយគ្នាមួយចំនួនតាមផ្លូវទឹក។ ដោយសារមានការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ”។

នៅក្នុងពេលនេះ អ្នកវិនិយោគក្នុងស្រុក​កំពុងជំរុញ​ការ​ផលិតទឹកដោះគោ​ស្រស់​ក្នុងស្រុក ​ដើម្បីបំពេញ​តម្រូវការ និង​កាត់បន្ថយ​ការនាំចូលពីក្រៅប្រទេស។

របាយការណ៍ផ្លូវការបង្ហាញថា នៅក្នុងខែមករា ឆ្នាំ២០២៦នេះ កម្ពុជា បាននាំចូលទឹកដោះគោស្រស់ ក្នុងទំហំទឹកប្រាក់ជាង ១០ លានដុល្លារ។

លោក សៅ ណារ៉ុង នាយកប្រតិបត្តិស្ដីទីក្រុមហ៊ុន Khmer Fresh Milk ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ទឹកដោះគោក្នុងស្រុកធំមួយ បានឱ្យដឹងថា តម្រូវការទីផ្សារទឹកដោះគោ និងសន្ទុះគាំទ្រទឹកដោះគោក្នុងស្រុកពីប្រជាពលរដ្ឋកម្ពុជា បានហក់ឡើងខ្លាំង ក្រោយមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។

បច្ចុប្បន្ន កសិដ្ឋានគិរីសួគ៌ មានសមត្ថភាពផលិតទឹកដោះគោស្រស់ចន្លោះពី ១ ម៉ឺន ៣ ពាន់លីត្រទៅ ១ម៉ឺន ៥ ពាន់លីត្រ ក្នុងមួយថ្ងៃ ដែលផ្គត់ផ្គង់បានប្រមាណ ២០ ភាគរយ នៃចំណែកទីផ្សារកម្ពុជា។ បើតាមលោក សៅ ណារ៉ុង នៅដើមឆ្នាំ២០២៧ ក្រុមហ៊ុនមានផែនការបង្កើនផលិតកម្មទឹកដោះគោឱ្យបានលើសពី ៣ ម៉ឺនលីត្រ ក្នុង ១ ថ្ងៃ។

លោក សៅ ណារ៉ុង បានថ្លែងដូច្នេះថា៖

“ក្រោយពីមានជម្លោះទឹកដោះរបស់យើងមានការលក់កើនឡើង ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិត ដោយសារបរិមាណគោរបស់ក្រុមហ៊ុននៅមានកម្រិត”។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់ឱ្យបណ្តាញព័ត៌មាន AMS ក្នុងឆ្នាំ ២០២៥ កម្ពុជា បាននាំចូលទឹកដោះគោស្រស់​គិតជាទឹកប្រាក់ជាង ៥៦ លានដុល្លារ កើនឡើង ១៩ ​លាន​ដុល្លារ ធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ខន ណារី

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាប្រធានក្រុមអ្នកព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា