ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ។

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ។
នេះជាការលើកឡើងរបស់លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី ក្នុងអំឡុងពេលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣៥ អាស៊ាន-រុស្ស៊ី នៃកិច្ចសហប្រតិបត្តិការ ចាប់ពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងជំនួបនោះលោក Leonid បានលើកឡើងអំពីវត្តមានយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន GAZ Group នៅទូទាំងពិភពលោក ដោយបានបញ្ជាក់ពីបទពិសោធន៍ ៩០ ឆ្នាំរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មរថយន្ត។ បច្ចុប្បន្នក្រុមហ៊ុនផលិតនេះដំណើរការរោងចក្រចំនួន ១៥ នាំចេញទៅកាន់ ៤៣ប្រទេស និងរក្សាបណ្តាញអ្នកចែកចាយចំនួន ២៤០ នាក់នៅទូទាំងពិភពលោក។
ផលិតផលរថយន្តចម្រុះរបស់ក្រុមហ៊ុន GAZ Group រួមមាន រថយន្តពាណិជ្ជកម្ម រថយន្តដឹកទំនិញធុនមធ្យម រថយន្តក្រុង រថយន្តសង្គ្រោះបន្ទាន់និងគ្រឿងបន្លាស់រថយន្តជាច្រើន។ ដោយចង្អុលបង្ហាញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងរឹងមាំរបស់ប្រទេសកម្ពុជា លោក Leonid បានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ក្រុមហ៊ុនក្នុងការស្វែងរកប្រតិបត្តិការថ្មីៗ នៅប្រទេសកម្ពុជា ដើម្បីពង្រឹងវត្តមានដែលមានស្រាប់របស់ខ្លួននៅក្នុងតំបន់អាស៊ាន។
លោកបណ្ឌិត សួន ម៉ិ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា មើលឃើញថា ការចាប់អាំរម្មណ៍ចូលមកបណ្តាក់ទុន វិនិយោគបន្ថែមរបស់ក្រុមហ៊ុនខាងលើ ជាសញ្ញាវិជ្ជាមានដ៍ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបទាញវិនិយោគចូលមកបណ្តាក់ទុនថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យៗសំខាន់ ដែលមានវិស័យឧស្សាកម្មជាវិស័យឈានមុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញទៅកាន់ទីផ្សារអាស៊ាន។
លោកបណ្ឌិត បានថ្លែងថា៖
“ការត្រៀមខ្លួនចូលមកបណ្តាក់ទុនរបស់ក្រុមហ៊ុនខាងលើ គឺដោយសារមានទំនុកលើរដ្ឋាភិបាល ក៍ដូចជា គោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគចូលមកបណ្តាក់ទុនកាន់តែច្រើន ពិសេសរោងចក្រឧស្សាហកម្ម ទាំងផ្នែកផលិតផ្គង់ផ្គង់ទីផ្សារក្នុងស្រុកនិងសម្រាប់នាំចេញ។”
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចមើលឃើញថា ចំណាប់អារម្មណ៍ចូលមកបណ្តាក់ទុនរបស់ក្រុមហ៊ុន GAZ Group ដោយមើលឃើញសក្តានុពលវិនិយោគ ក៍ដូជាទីផ្សារផ្នែកលក់ទាំងក្នុងប្រទេសនិងសម្រាប់នាំចេញចេញ ។
លោកបណ្ឌិត បានឱ្យដឹងថា
“ការចូលមកវិនិយោគក្រុមហ៊ុនខាងលើនឹងជួយបំពេញចន្លោះប្រហោងនៃខ្សែច្រវាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រភពផ្គត់ផ្គង់ដ៍មានសក្តានុពល នៃឧស្សាហកម្មយានយន្តថែមមួយកម្រិតទៀត។”
ការចាប់អារម្មណ៍ចូលមកវិនិយោគរបស់ក្រុមហ៊ុនខាងលើ ត្រូវគេមើលឃើញថា ធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការប្តេជ្ញាជាថ្មីជំរុញបង្កើនពាណិជ្ជកម្មជាមួយកម្ពុជាឡើងវិញ ក្រោយធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីមានសង្គ្រាមជាមួយអ៊ុយក្រែន។
គួរបញ្ជាក់ថា ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៊ី នាប៉ុន្មានឆ្មាំចុងក្រោយនេះ បានធ្លាក់ចុះយ៉ាងគំហុកពី ២៣៩ លានដុល្លារអាម៉េរិកនៅឆ្នាំ ២០២១ មកនៅត្រឹម ៥៥ លានដុល្លារអាម៉េរិក នៅឆ្នាំ ២០២៤ និងមានការកើនឡើងត្រឹម ២ ភាគរយ ប៉ុណ្ណោះនៅឆ្នាំ ២០២៥ ៕
