វិបត្តិថាមពលសកល បានជំរុញឱ្យកម្ពុជាពិភាក្សារកដំណោះស្រាយលើជម្លោះដែនសមុទ្រជាមួយប្រទេសថៃ ដើម្បីអាចបើកសោរទ្រព្យសម្បត្តិធម្មជាតិដែលកំពុងកប់ជ្រៅក្នុងបាតសមុទ្ររបស់ខ្លួន។

វិបត្តិថាមពលសកល បានជំរុញឱ្យកម្ពុជាពិភាក្សារកដំណោះស្រាយលើជម្លោះដែនសមុទ្រជាមួយប្រទេសថៃ ដើម្បីអាចបើកសោរទ្រព្យសម្បត្តិធម្មជាតិដែលកំពុងកប់ជ្រៅក្នុងបាតសមុទ្ររបស់ខ្លួន។
សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រដែលមានតម្លៃប៉ាន់ស្មានរហូតដល់ប្រមាណ ៣០០ ពាន់លានដុល្លារ។
សាព័ត៌មាន Business Time បានស្រង់សំដីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ ក្នុងបទសម្ភាសន៍មួយថា ប្រទេសកម្ពុជាកំពុងពឹងផ្អែកលើប្រភពថាមពលកកើតឡើងវិញ រួមទាំងវារីអគ្គិសនី និងសមត្ថភាពថាមពលពន្លឺព្រះអាទិត្យ ដែលកំពុងកើនឡើងដើម្បីទប់ទល់នឹងវិបត្តិថាមពលបច្ចុប្បន្ន ប៉ុន្តែក្តីសង្ឃឹមរបស់ខ្លួនសម្រាប់ឧស្សាហូបនីយកម្មបន្ថែមទៀត គឺអាស្រ័យលើទ្រព្យសកម្មឥន្ធនៈហ្វូស៊ីលបន្ថែមទៀត។
ឯកឧត្តមបានមានប្រសាសន៍ដូច្នេះថា ៖
«មុនពេលមានវិបត្តិនេះ ប្រហែលជាប្រទេសទាំងអស់អាចមើលស្រាលសន្តិសុខថាមពល ប៉ុន្តែវិបត្តិដែលកំពុងបន្តកើតមាន ជាពិសេសសម្ពាធពីច្រកសមុទ្រហ័រមូស បាននាំមកនូវការផ្តោតអារម្មណ៍កាន់តែច្បាស់ ទៅលើសន្តិសុខថាមពល»។
សូមជម្រាបថា ផ្ទៃដីប្រមាណ ២៧ ០០០ គីឡូម៉ែត្រការ៉េ នៅក្នុងឈូងសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ ដែលត្រូវបានទាមទារដោយប្រទេសទាំងពីរ ត្រូវបានប៉ាន់ប្រមាណថា មានឧស្ម័នធម្មជាតិប្រហែល ១១ ពាន់ពាន់លានហ្វីតគូប រួមជាមួយនឹងប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលបច្ចុប្បន្ននៅមិនទាន់មានសកម្មភាពបូមនៅឡើយ ត្បិតបញ្ហានៃទំនាស់ព្រំដែនមិនទាន់ដោះស្រាយបាននៅឡើយ៕
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនប្រេងនិងឧស្ម័នធំៗអន្តរជាតិ រួមទាំង TotalEnergies មានចំណាប់អារម្មណ៍ លើការចាប់ផ្តើមសកម្មភាពរុករកប្រេងនៅបាតសមុទ្រ ប្រសិនបើប្រទេសជិតខាងអាចដោះស្រាយការខ្វែងគំនិតគ្នាលើតំបន់សមុទ្រត្រួតស៊ីគ្នា ដែលការទាញយកធនធានប្រេង និងឧស្ម័ននឹងជាការឈ្នះទាំងពីរគឺសម្រាប់ប្រទេសថៃ និងកម្ពុជា។
បើទោះបីជាមានការតវ៉ាពីប្រទេសកម្ពុជាក៏ដោយ រដ្ឋាភិបាលថៃនៅខែនេះ បានបញ្ចប់កិច្ចព្រមព្រៀងរយៈពេល 25 ឆ្នាំជាឯកតោភាគី ដើម្បីធ្វើការរុករកថាមពលរួមគ្នានៅឯនាយសមុទ្រ ដោយអះអាងថាក្របខ័ណ្ឌនេះមិនមានវឌ្ឍនភាពអ្វីឡើយ។ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍ថាចលនារបស់ប្រទេសថៃមានន័យថា ប្រទេសកម្ពុជាឥឡូវនេះនឹងត្រូវពឹងផ្អែកលើដំណើរការផ្សះផ្សារជាកាតព្វកិច្ច ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (Unclos) ដើម្បីឈានដល់កិច្ចព្រមព្រៀងលើព្រំដែនសមុទ្រ៕
