បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

បណ្តាញអ្នកចិញ្ចឹមពពែក្នុងស្រុក បានសម្តែងក្តីរីករាយ ខណៈដែលសាច់ពពែកំពុងមានតម្រូវការខ្ពស់ និងលក់បានថ្លៃនៅលើទីផ្សារ បន្ទាប់ពីរការបិទច្រកព្រំដែន និងការសម្រេចផ្អាកការនាំចូលសាច់សត្វនិងបន្លែកសិកម្មពីប្រទេសថៃ។

Advertisement

លោក ចំរើន ម្ចាស់កសិដ្ឋានចិញ្ចឹមពពែ ចំរើន លាភ មានទីតាំងស្ថិតក្នុងភូមិ ០៥ យ៉ាង ឃុំ ០៥ យ៉ាង ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម បានប្រាប់បណ្តាញសារពត៌មាន AMS ដោយអះអាងថា សាច់ពពែពិតជាមានតម្រូវការខ្ពស់នៅលើទីផ្សារក្នុងស្រុកប្រាកដមែន ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន នៅតាមទីប្រជុំជន និងនៅក្នុងរាជធានីភ្នំពេញ ពិសេសកំពុងពេញនិយមខ្លាំងនៅតាមតុការតែ​ម្តង។

លោកបានឱ្យដឹងថា កាលពីឆ្នាំមុននៅពេលដែលកម្ពុជាបើកចរាចរណ៍ទំនិញចេញចូលជាមួយប្រទេសថៃ បានធ្វើឱ្យសាច់ពពែធ្លាក់ចុះជាខ្លាំង កសិករខ្លះបោះបង់អាជីពចិញ្ចឹមពពែទៀតផង។ លោកថា៖

កាលពីមុន ពពែមានតម្លៃថោក កសិករខ្លះគាត់លក់ម៉ៅទាំងទ្រុងមួយគីឡួតម្លៃចាប់ពី ២ ដុល្លារដល់ ៦ ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលបិទការនាំចូលពីប្រទេសថៃ ធ្វើឱ្យសាច់ពពែមានតម្លៃរហូតដល់ ១០ ដុល្លារក្នុង ១ គីឡូក្រាម។”

បច្ចុប្បន្នកសិដ្ឋាន ចំរើន លាភ មានពពែសរុបចំនួន ១០០ ក្បាល រាប់ទាំងមេ ទាំងបា និងកូនតូចៗ ដែលក្នុងចំណោម ១០០ ក្បាលនេះ លោកអាចទាញផលពីពពែតាមរយៈការលក់សាច់ បានចំណូលចន្លោះពី ១៥០០ ដុល្លារ ទៅដល់ ២០០០ ដុល្លារក្នុងមួយខែ។

កសិករ វន ចាន់ដេត​ ម្ចាស់កសិដ្ឋានចិញ្ចឹមពពែម្នាក់ទៀតនៅភូមិ ៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានបញ្ជាក់ដែរថា សាច់ពពែពិតជាមានតម្លៃខ្ពស់ជាងពេលមុនប្រាកដមែន ដោយកាលពីឆ្នាំមុនពពែកមួយក្បាលមានតម្លៃក្រោម ១០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នពពែមួយក្បាលអាចលក់ចេញបានក្នុងតម្លៃខ្ពស់ចន្លោះពី ១៥០ ដុល្លារទៅដល់ ៣០០ ដុល្លារក៍មាន អាស្រ័យទៅលើពពែតូចនិងពពែធំ។

លោកបញ្ជាក់ដូច្នេះថា៖

បច្ចុប្បន្ន សាច់ពពែលក់បានតម្លៃថ្លៃ ហើយមានតម្រូវការខ្ពស់ទៀតផង ហើយការផ្គត់ផ្គង់សាច់ពពែនៅតែមិនគ្រប់ចំនួន ទៅតាមការកម្ម៉ងរបស់អតិថិជន ពិសេសម៉ូយចិន និងម៉ូយចុងភៅយកទៅធ្វើម្ហូបនៅតាមតុការកំពុងពេញនិយមខ្លាំងតែម្តង។”​

បណ្តាញអ្នកចិញ្ចឹមពពែខាងលើអះអាងថា នេះជាឱកាសល្អសម្រាប់កសិករក្នុងស្រុក ក្នុងការចាប់ផ្តើមរបរចិញ្ចឹមសត្វពពែយកសាច់លក់ ដើម្បីរកចំណូលបន្ថែមចូលក្នុងគ្រួសារក្រៅពីរបរធ្វើស្រែចំការ តែយ៉ាងណា កសិករត្រូវមានទីតាំងធំទូលាយ សម្រាប់ធ្វើជាកសិដ្ឋានដាំស្មៅ ផ្គត់ផ្គង់ចំណីឱ្យបានគ្រប់គ្រាន់ ទើបពពែឆាប់ធំឆាប់បានលក់អាចរកផលចំណេញបានច្រើន។

អ្នកជំនាញអះអាងថា ការចិញ្ចឹមពពែរកផលចំណេញបានច្រើនជាងការចិញ្ចឹមគោក្របី ដោយសារពពែផ្តល់ផលលឿនកើតកូនម្តងចាប់ពី ០១ ក្បាលដល់ ០៣ ក្បាល មួយឆ្នាំមានកូនចំនួន ០២ ដង និងអាយុបាន ០៦ ខែ សកិករអាចលក់ពពែឈ្មោលរកចំណូលបានជាបណ្តើរៗហើយ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា