បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

បរទេស៖ បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត។

Advertisement

ក្រុមអ្នកវិភាគរបស់ Wall Street បច្ចុប្បន្ន កំពុងតែលើកឡើងពីតួលេខកំណត់ត្រាម្តងទៀត ដែលគ្រប់គ្នាគិតថា គ្រាន់តែជាការស្រមើស្រមៃ។ ពួកគេព្យាករណ៍ថាវានឹងអាចហក់ឡើមកវិញទៅដល់តម្លៃ ៦០០០ ដុល្លារក្នុងមួយអោន (Ounce) ឬប្រមាណជា ៧២០០ ដុល្លារក្នុងមួយតម្លឹងនៅក្នុងឆ្នាំនេះ។

សម្ពាធពីជម្លោះភូមិសាស្ត្រនយោបាយដែលកាន់តែតានតឹងឡើង បញ្ហាអតិផរណាដ៏តានតឹង និងរលកនៃការសម្រុកទិញពីស្ថាប័នធំៗផង ស្ថាប័នហិរញ្ញវត្ថុល្បីៗ ដូចជា JPMorgan ជាដើម បានព្យាករណ៍ដែរថា តម្លៃមាសអាចនឹងហក់ឡើងខ្ពស់ផុតរហូតដល់ ៦៣០០ ដុល្លារក្នុងមួយអោន នៅមុនដាច់ឆ្នាំ ២០២៦ នេះ។

តាមប្រវត្តិនាពេលកន្លងមក មាសតែងតែឡើងថ្លៃនៅពេលដែលពិភពលោកជួបភាពវឹកវរ ដោយសារតែវាដើរតួដូចជាអាវពោងសង្គ្រោះជីវិតផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកវិនិយោគ។ បច្ចុប្បន្ននេះ សម្ពាធម៉ាក្រូសេដ្ឋកិច្ចចំនួន ៣ កំពុងតែជួយជំរុញដល់ការកើនឡើងជាប្រវត្តិសាស្ត្រនេះ។

អស្ថិរភាពភូមិសាស្ត្រនយោបាយ៖ ភាពតានតឹង និងជម្លោះដែលកំពុងតែកើនឡើងនៅមជ្ឈិមបូព៌ា (ជាពិសេស ការប៉ះទង្គិចដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់) បានបង្កើតឱ្យមានរលកញ័ររន្ធត់ដល់ទីផ្សារថាមពល និងទីផ្សារភាគហ៊ុនទូទៅ។ គួបផ្សំនឹងវិបត្តិក្នុងតំបន់ដែលកំពុងបន្តកើតមាននៅទូទាំងអឺរ៉ុប និងអាម៉េរិកខាងត្បូង ភាពមិនច្បាស់លាស់ជាសកលនេះ កំពុងតែបង្ខំឱ្យមានការរំកិលទុនដ៏ធំសម្បើមចូលទៅក្នុងទីផ្សារលោហៈធាតុមានតម្លៃ។

របាំងការពារអតិផរណា៖ នៅពេលដែលអតិផរណាធ្វើឱ្យរូបិយប័ណ្ណជាតិធ្លាក់ថ្លៃ វិនិយោគិននឹងងាកទៅរកទ្រព្យសកម្មដែលមានការផ្គត់ផ្គង់មានកំណត់។ ទំនាក់ទំនងគ្នានេះគឺច្បាស់ណាស់ដោយឧទាហរណ៍ជាក់ស្តែង កាលពីឆ្នាំ ២០១៩ នៅពេលដែលអតិផរណាសកលស្ថិតនៅក្រោម ២ ភាគរយ តម្លៃមាសជាមធ្យមមានប្រហែល ១៣៩២ ដុល្លារក្នុងមួយអោន។ ប៉ុន្តែនៅត្រឹមឆ្នាំ ២០២២ នៅពេលដែលតួលេខអតិផរណាបានទម្លុះដល់កម្រិត ៩ ភាគរយ តម្លៃមាសបានឆ្លើយតបទៅវិញដោយស្វ័យប្រវត្តិ ដោយបានហក់ឡើង ២៩ ភាគរយឡើងទៅដល់ ១៨០០ ដុល្លារ។

តម្រូវការខ្ពស់ពីធនាគារកណ្តាល៖ មិនមែនមានតែអ្នកវិនិយោគរាយនោះទេដែលកំពុងសម្រុកទិញមាសទុក។ ធនាគារកណ្តាលនៅជុំវិញពិភពលោកបាននិងកំពុងទិញមាសរូបវន្តយ៉ាងសកម្ម ដើម្បីធ្វើពិពិធកម្ម (កាត់បន្ថយហានិភ័យ) ពីការពឹងផ្អែកលើរូបិយប័ណ្ណដែលមិនមានស្ថិរភាព ដែលសកម្មភាពនេះបានក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់តម្លៃរបស់មាស។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញទីផ្សារបានព្យាករណ៍ថានឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ ២០២៦ នេះ។ ដោយសារតែការព្រួយបារម្ភថ្មីៗជុំវិញផលិតផលធនាគារបែបប្រពៃណី និងស្ថិរភាពសេដ្ឋកិច្ច អ្នកវិនិយោគទូទៅប្រចាំថ្ងៃកំពុងស្វែងរកទិញមាសកាក់ មាសដុំ និងមាសបារកាន់តែច្រើនឡើងៗ។

បច្ចុប្បន្ន មាសលែងគ្រាន់តែជាជម្រើសវិនិយោគដ៏ស្ងប់ស្ងាត់ និងមានសុវត្ថិភាពសម្រាប់អ្នកសន្សំប្រាក់បែបអត់ធ្មតង់ទៀតហើយ ប៉ុន្តែវាបានផ្លាស់ប្តូរទៅជាទ្រព្យសកម្មមួយដែលមានការលោតចុះលោតឡើងខ្លាំងបំផុតនៅក្នុងទីផ្សារ។

គួរឱ្យដឹងដែរថា ការជួញដូរចាប់ផ្តើមមានភាពមិនទៀងទាត់នៅកាលពីដើមឆ្នាំនេះ។ ក្នុងនោះ នៅចុងខែមករា ឆ្នាំ ២០២៦ តម្លៃមាសបានហក់ឡើងដល់ចំណុចកំពូល ៥៤១៩ ដុល្លារក្នុងមួយអោន។ ប៉ុន្តែត្រឹមតែបីថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី ២ ខែកុម្ភៈ វាបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ ១៤ភាគរយ មកនៅត្រឹម ៤៦៦០ ដុល្លារ។

ក្រុមអ្នកវិភាគបានព្រមានថា នរណាក៏ដោយដែលចង់ចូលក្នុងទីផ្សារនេះ ត្រូវតែត្រៀមខ្លួនសម្រាប់ទប់ទល់នឹងការប្រែប្រួលតម្លៃយ៉ាងរហ័ស និងខ្លាំងក្លាបែបនេះតទៀតនាពេលអនាគត៕​ (១ អោន = ០.៨៣ តម្លឹង)

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា