ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយ៍សាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន។ គម្រោងការនេះធ្វើឡើងចំពេលដែលពិភពលោកកំពុងតែជួបវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីផ្ទុះសង្គ្រាមវាយប្រហារប្រទេសអ៊ីរ៉ង់។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ស្ថានីយ៍សាកយានយន្តអគ្គិសនីនេះគឺដើម្បីបំពេញតម្រូវការនៃការកើនឡើងចំនួនយានយន្តអគ្គិសនីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមហ៊ុន វីរៈ ប៊ុនថាំ គឺជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេមួយនៅកម្ពុជា ដែលបានប្រើប្រាស់រថយន្តអគ្គិសនីក្នុងវិស័យភស្តុភាកម្ម។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ ធ្លាប់បានបញ្ជាក់ថា ការវិនិយោគលើការប្រើប្រាស់រថយន្តអគ្គិសនី និងស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជា ដោយមើលឃើញពីផលចំណេញចាក់ចូលទៅក្នុងសេដ្ឋកិច្ច តាមរយៈការបន្ថយចំណាយលើការនាំចូលប្រេងឥន្ទនៈពីខាងក្រៅ ជំនួសដោយការប្រើប្រាស់អគ្គិសនី ដែលមាននៅក្នុងស្រុកស្រាប់។
ក្រុមហ៊ុន វីរៈប៊ុនថាំ មានផែនការសាងសង់ស្ថានីយ៍សាករថយន្តអគ្គិសនីបន្ថែមឱ្យបានគ្រប់រាជធានី-ខេត្ត នៅឆ្នាំ២០២៦នេះ ក្នុងនោះស្ថានីយ៍សាករថយន្តអគ្គិសនីចំនួន ៣០០ស្ថានីយ នៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុន វីរៈប៊ុនថាំ បានប្រើប្រាស់រថយន្តអគ្គិសនីក្នុងវិស័យដឹកជញ្ជូនទំនិញប្រមាណ ២០ភាគរយ និងជំរុញឲ្យបាន ៤០ភាគរយក្នុងឆ្នាំនេះ។
យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៥ កន្លងទៅ មានយានយន្តអគ្គសនីជិត ៨ពាន់គ្រឿងបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ រដ្ឋាភិបាលដាក់គោលដៅជំរុញការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០ភាគរយ និងរថយន្តអគ្គិសនីឱ្យបាន ៤០ភាគរយនៅត្រឹមឆ្នាំ២០៥០ ដើម្បីឈានទៅសម្រេចបាននូវអព្យាក្រឹត្យកាបូន និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានការអភិវឌ្ឍប្រកបដោយចីរភាព៕ ដោយ ៖ ខន ណារី AMS