ភ្នំពេញ ៖ ភ្នំពេញ គឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលសំបូរទៅដោយបឹងបួរ ប្រឡាយ ពោល គឺជាតំបន់លិចទឹក ប៉ុន្តែរាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍ ដើម្បីអាចប្រែក្លាយតំបន់ទាំងនោះទៅជាទីក្រុងដ៏ទំនើប និងគួរឱ្យទាក់ទាញ ដោយក្នុងនោះរួមមានទីក្រុងរណបជាច្រើននៅជុំវិញរាជធានីភ្នំពេញ ដូចជា ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបជ្រោយជ្រោយចង្វារ ក្រុងរណបតំបន់បឹងកក ក្រុងរណបកាំកូស៊ីធី តំបន់បឹងកេងកង និងតំបន់បឹងទំពុនជាដើម ។
នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចអគារទីស្ដីការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មីកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទីក្រុងភ្នំពេញពីបរមបុរាណមក គឺជាតំបន់ទឹកលិច ដែលត្រូវបានសាងសង់ជាបណ្ដើរៗដោយព្រះករុណាព្រះបាទបរមរតនកោដ សម្តេច នរោត្តម សីហនុ តាំងពីជំនាន់អាណានិគមនិយមបារាំង ដែលសូម្បីតែនៅម្តុំវិមានឯករាជ្យផ្ទាល់ក៏ជាបឹងដែរ ។
សម្ដេចតេជោបានមានប្រសាសន៍ថា មកដល់ជំនាន់សម្ដេចដឹកនាំប្រទេស សម្ដេចក៏បានកែប្រែតំបន់លិចទឹកមួយចំនួនក្លាយជាទីក្រុងដ៏ទំនើបគួរឱ្យទាក់ទាញ ជាក់ស្ដែង តំបន់ជ្រោយចង្វារផ្ទាល់ ពីមុនគឺជាតំបន់ដែលពលរដ្ឋដាំត្រកួន និងតំបន់ព្រៃត្រែង ប៉ុន្តែបច្ចុប្បន្ននេះ វាបានក្លាយជាទីក្រុងដែលពោរពេញដោយអគារលំនៅដ្ឋានបែបទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម បណ្តុំអាហារដ្ឋាន ភ្ជាប់ជាមួយផ្លូវខ្វែងខ្វាត់ ជាក់ស្ដែង អគារទីស្ដីការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មី ជាទីតាំងសម្រាប់ប្រជុំខ្នាតអន្តរជាតិ ដោយសម្ដេចក៏បានណែនាំឱ្យរាជរដ្ឋាភិបាលជ្រើសរើសយកអគារនេះធ្វើជាទីតាំងសម្រាប់កិច្ចប្រជុំធំៗរបស់រាជរដ្ឋាភិបាលផងដែរ ។
សម្ដេចបានបន្ថែមថា ទីក្រុងរណបមួយទៀតនៅក្នុងរាជធានីភ្នំពេញដែលពីមុនគឺជាតំបន់លិចទឹក បច្ចុប្បន្ននេះ បាន និងកំពុងក្លាយជាតំបន់ដែលគួរឱ្យទាក់ទាញ នោះគឺតំបន់បឹងទំពុន ។ តំបន់បឹងទំពុននេះ ពីមុនគឺជាកន្លែងដាំត្រកួនដូចនឹងតំបន់ជ្រោយចង្វារដែរ ប៉ុន្តែ ក្រោយពេលបានរៀបចំប្រព័ន្ធរំដោះទឹកចេញពីទីនោះ រដ្ឋាភិបាល សហការជាមួយវិស័យឯកជន រៀបចំតំបន់នោះឱ្យក្លាយជាបណ្ដុំសំណង់អគារ ដូចជា មណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប បុរី លំនៅឋានបែបទំនើបជាច្រើន ។
សម្ដេចបានបញ្ជាក់ថា ៖
«ទីក្រុងភ្នំពេញ បានពង្រីកជាបន្តបន្ទាប់ ពី ៣០០គីឡូម៉ែត្រការ៉េ ឱ្យទៅជា ៦០០គីឡូម៉ែត្រការ៉េ ហើយផែនការពង្រីកទីក្រុងភ្នំពេញនេះ ខ្ញុំក៏បានចុះហត្ថលេខាមិនតិចជាង ៥ដងទេ ខណៈដីក្នុងរាជធានីភ្នំពេញជាច្រើនកន្លែងនាពេលបច្ចុប្បន្ននេះ គឺជាអតីតទឹកដីនៃក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាល ជាក់ស្ដែង ទីតាំងអគារពន្ធដារនៅខណ្ឌជ្រោយចង្វារ ពីមុនគឺជាដែនដីរបស់រដ្ឋបាលខេត្តកណ្ដាលនោះទេ» ។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាសម្ព័ន្ធក្រុមហ៊ុន SAM SN Group ធ្លាប់បានលើកឡើងថា ការពង្រីកដែនដីរបស់រដ្ឋបាលរាជធានីភ្នំពេញ អាចធ្វើទៅបានមានតែការកាត់យកដែនដីមួយចំនួនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាល មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពីព្រោះថា ខេត្តកណ្ដាលមានផ្ទៃដីធំ និងព័ទ្ធជុំវិញរាជធានីភ្នំពេញ ដូច្នេះ ការពង្រីកដែនដីរាជធានីបន្តិចម្ដងៗ នឹងត្រូវកាត់យកផ្ទៃដីរបស់រដ្ឋបាលខេត្តកណ្ដាលបន្តិចម្ដងៗដូចគ្នា ។
អ្នកឧកញ៉ាបានបន្តថា ការពង្រីកផ្ទៃដីនៃរដ្ឋបាលរាជធានីភ្នំពេញ ធ្វើឱ្យតំបន់ដែលពីមុនជាវាលស្រែ ជាបឹងបួរ ជាព្រែក ក្លាយជាបណ្តុំសំណង់លំនៅឋាន អគាររោងចក្រ ឃ្លាំង និងសំណង់ផ្សេងទៀត និងមានបណ្តាញអគ្គិសនីព្រោងព្រាត មានផ្លូវខ្វាត់ខ្វែង ហើយក៏បានធ្វើឱ្យតម្លៃដីធ្លីនៅតាមតំបន់ទាំងនោះមានតម្លៃខ្ពស់ផងដែរ ៕