ការនាំចូលសម្ភារៈសំណង់ និងដែក សម្រាប់បម្រើក្នុងវិស័យសាងសង់នៅកម្ពុជា ឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់ តាំងពីឆ្នាំ ២០២៥ និងរំពឹងថានឹងបន្តកើនឡើងក្នុងឆ្នាំ ២០២៦ នេះ។ តាមរយៈកំណើននៃការនាំចូលសម្ភារៈសំណង់ និងដែក បានបង្ហាញពីការងើបឡើងវិញនៃវិស័យនេះ ប៉ុន្តែតាមការព្យាករណ៍ វិស័យនេះ នឹងបន្តមានកំណើនយឺត។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២៥ កន្លងទៅ កម្ពុជាបាននាំចូលសម្ភារៈ ដែក និងដែកថែប ក្នុងទំហំទឹកប្រាក់រហូតដល់ជិត ៤ ពាន់លានដុល្លារ ក្នុងនោះសម្ភារៈសំណង់មានទំហំទឹកប្រាក់ ២,៦៣ ពាន់លានដុល្លារ មានកំណើន ៣០,៤២ ភាគរយ ចំណែកដែក និងដែកថែបមានទឹកប្រាក់ ១,២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៤,១៩ ភាគរយ។
តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា តម្លៃគម្រោងសំណង់ទទួលបានការអនុម័តក្នុងឆ្នាំ ២០២៥ បានកើនឡើង ៤៨,៣ភាគរយ ដែលក្នុងនោះ សំណង់ក្នុងវិស័យកម្មន្តសាល មានប្រមាណ ៤៨,៩ ភាគរយនៃតម្លៃគម្រោងសំណង់សរុប កើនជាង ១ ដង សំណង់លំនៅឋាន មានប្រមាណ ៣២,៥ ភាគរយ កើនឡើង ៦៦,៥ ភាគរយ និងសំណង់ក្នុងវិស័យទេសចរណ៍ មានប្រមាណ ៥,១ ភាគរយ កើនឡើង ៧២,១ ភាគរយ ខណៈសំណង់ក្នងវិស័យពាណិជ្ជកម្មមានប្រមាណ ១១,១ ភាគរយ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានមានប្រសាសន៍ថា ការអភិវឌ្ឍនៅក្នុងប្រទេសទាំងវិស័យឯកជន និងរដ្ឋមិនបានបញ្ឈប់ទេ ទោះបីក្នុងស្ថានភាពពិភពលោកជួបវិបត្តិយ៉ាងណាក្ដី ជាក់ស្ដែង ដូចដែលបានឃើញស្រាប់ក្នុងឆ្នាំ ២០២៥ ការអភិវឌ្ឍសំណង់ទាំងសំណង់សាធារណៈ ដូចជាសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ នានាដែលចាំបាច់នៅតែបន្តជាហូរហែ ហើយវិស័យឯកជន ក៏ឃើញថាគម្រោងអគារខុនដូ លំនៅឋាននៅតែបន្តសាងសង់ទៅមុខដោយរលូន ។
លោកឧកញ៉ា បានថ្លែងថា៖
“ក្នុងឆ្នាំ ២០២៦ បើទោះបីជាមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាក៏មិនទាន់ឃើញសញ្ញាណាមួយ ធ្វើឱ្យបញ្ឈប់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាដែរ ផ្ទុយទៅវិញ កម្ពុជារំពឹងថាអាចនឹងទទួលការវិនិយោគបន្ថែមពីតំបន់អាស៊ាន និងតំបន់អាស៊ី ជាពិសេសទៅលើរោងចក្រឧស្សាហកម្ម កម្មន្តសាល ហើយការស្វែងរកអចលនទ្រព្យពីបណ្ដាជនបរទេស ដែលចូលមកកម្ពុជាក៏រំពឹងថានឹងកើនឡើងដូចគ្នាផងដែរ”។
លោកឧកញ៉ា បានបន្ថែមថា កម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយល្អ ដែលធ្វើឱ្យវិនិយោគិននៅតែចង់ចូលមកស្វែងរកការវិនិយោគ ជាពិសេសរដ្ឋភិបាលបានលើកទឹកចិត្តផ្នែកពន្ធមួយចំនួនដល់អ្នកវិនិយោគផងដែរ។ រឿងសង្គ្រាមឈ្លានពាននៅព្រំដែន គឹជារឿងមួយផ្នែក ប៉ុន្តែផ្នែកនយោបាយក្នុងប្រទេស គឺកម្ពុជារក្សាបានស្ថិរភាពល្អ មិនមានបញ្ហាទេ។
គួរបញ្ជាក់ថា ការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ នៅឆ្នាំ ២០២០ បានធ្លាក់ចុះយ៉ាងគំហុក រហូតដល់ -១៧,៣ ភាគរយ ហើយបានកើនឡើងវិញនៅឆ្នាំ ២០២១ និងធ្លាក់ចុះវិញនៅឆ្នាំ ២០២២។ ចាប់តាំងពីឆ្នាំ ២០២៣ រហូតដល់ដំណាច់ឆ្នាំ ២០២៥ កន្លងទៅនេះ ការនាំចូលសម្ភារៈសំណង់បានកើនឡើងវិញជាលំដាប់ ជាក់ស្ដែងនៅឆ្នាំ ២០២៣ បានកើន ៤,៣ ភាគរយ ឆ្នាំ ២០២៤ កើន ៣៣,២ ភាគរយ និងឆ្នាំ ២០២៥ បានកើនឡើងរហូតដល់ ៤០,១ ភាគរយ៕