បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង។

Advertisement

លោកស្រី ហេង សេងវង្ស ម្ចាស់ហាង (វង្សៗ កាហ្វេ) មានទីតាំងនៅភូមិទួល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បានឱ្យដឹងថា លោកស្រីបានកម្ម៉ង់ទិញទឹកឃ្មុំទុកក្នុងហាងជាប្រចាំ សម្រាប់ផលិតជាភេសជ្ជៈប៉ូវកម្លាំងជូនអតិជន មានដូចជា សូដាផាស៊ិនលាយទឹកឃ្មុំ មានរស់ជាតិឆ្ងាញ់ និងពេញនិយមក្នុងចំណោមភេសជ្ជៈផ្សេងៗទៀត។

លោកស្រីអះអាងថា៖

“ដើមឡើយ ហាងវង្សវង្សកាហ្វេមានលក់តែការហ្វេ និងភេសជ្ជៈផ្សេងៗធម្មតាប៉ុណ្ណោះ ប៉ុន្តែដោយសារភ្ញៀវតែងសួររកទឹកឃ្មុំជាបន្តបន្ទាប់ ទើបមានការកម្ម៉ង់ទិញសម្រាប់ផលិតជាភេសជ្ជៈទឹកឃ្មុំនេះតែម្តង ពិសេស សូដាផាសិនលាយទឹកឃ្មុំតែម្តង។”

ម្ចាស់ហាងកាហ្វេរាសី នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឱ្យដឹងស្រដៀងគ្នាដែរថា ហាងការហ្វេរាសីកម្ម៉ង់ទិញទឹកឃ្មុំទុកជាប្រចាំ ដើម្បីផលិតជាភេសជ្ជៈពិសាជូនភ្ញៀវ មានដូចជា កាហ្វេក្តៅទឹកឃ្មុំ កាហ្វេទឹកឃ្មុំទឹកកក និងផាសិនសូដាទឹកឃ្មុំ​ជាដើម ដែលមានភ្ញៀវកម្ម៉ង់ទិញជាបន្តបន្ទាប់ នៅមួយរយៈពេលចុងក្រោយនេះ។

អ្នកនាង ឆាយ ពុទ្ឋី បុគ្គលិកធ្វើការនៅក្រុមហ៊ុនឯកជន និងឆ្លៀតពេលលក់ទឹកឃ្មុំក្រៅម៉ោង បានលើកឡើងថា ក្រៅពីប្រើប្រាស់ជាភេសជ្ជៈ អតិថិជនមួយចំនួនទៀតទិញទុកតាមផ្ទះប្រើប្រាស់ទៅតាមតម្រូវការផ្សេងៗ ហើយមានអតិថិជនខ្លះ ទិញយកទៅផលិតជាសាប៊ូទឹកឃ្មុំមានគុណភាពល្អ សម្រាប់សុខភាព និងសម្រស់ទៀតផង។

ទឹកឃ្មុំដែលលក់នៅតាមហាងកាហ្វេ ភាគច្រើនជាប្រភេទឃ្មុំចិញ្ចឹម ប៉ុន្តែចិញ្ចឹមបែបលក្ខណៈធម្មជាតិ និងសុទ្ឋល្អ ដែលម្ចាស់កសិដ្ឋានដាក់ចិញ្ចឹមនៅតាមចំការមៀន ចំការតាង៉ែន ចំការកៅស៊ូ និងដាក់ចិញ្ចឹមក្នុងព្រៃទៅតាមតំបន់ និងភូមិសាស្រ្តនៃបណ្តាខេត្តនីមួយៗ។   

លោក ម៉ន ស៊ាងហាក់ វេជ្ជបណ្ឌិត និងជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំនៅភូមិទី ៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារពត៌មាន AMS Economy ថា តម្រូវការទឹកឃ្មុំមានការកើនឡើងកាន់តែច្រើននៅរយៈពេលចុងក្រោយនេះ ពិសេសអតិថិជននៅក្នុងរាជធានីភ្នំពេញ និងនៅទីប្រជុំជនតាមបណ្តាខេត្តមួចំនួនទៀត ដូចជាកំពង់ចាម សៀមរាប កំពង់សោម និងកំពត ជាដើម។

ភ្ញៀវកម្ម៉ង់ទិញទឹកឃ្មុំភាគច្រើន ពួកគេយកទៅលក់បន្តឱ្យអតិថិជនដែលមានតម្រូវការប្រើប្រាស់តាមផ្ទះ ប្រើប្រាស់តាមភោជនីយ៍ដ្ឋាន និងតាមហាងកាហ្វេ ដែលផ្តល់ភាពងាយស្រួលក្នុងការផលិតជាភេសជ្ជៈប៉ូវកម្លាំង បានភ្លាមៗមានរស់ជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ចំពោះសុខភាពទៀតផង។ លោកថ្លែងដូច្នេះថា៖

“ភ្ញៀវដែលកម្ម៉ង់ទិញពីកសិដ្ឋានខាងលើ ភាគច្រើនយកទៅលក់រាយបន្តនៅតាមផ្ទះប្រើដាំស្លជំនួសស្ករក៍មាន ប្រើសម្រាប់ធ្វើថ្នាំបំបាត់ជំងឺចុកពោះក៍មាន ពិសេសធ្វើភេសជ្ជៈប៉ូវកម្លាំងស្រស់ៗ សម្រាប់កុមារនិងមនុស្សចាស់ និងលក់នៅតាមហាងកាហ្វេ និងភោជនីដ្ឋានតែម្តង ដោយសារអាចបង្កើន​ភាពសុំាជួយឱ្យមនុស្សយើងមានសុខភាពល្អ។”

គួរបញ្ជក់ថា លោក ម៉ន ស៊ាងហាក់ និងគ្រួសារគឺជាវេជ្ជបណ្ឌិតនៅភូមិ៤ ឃុំកោះសូទិនខាងលើ បានឆ្លៀតពេលចិញ្ចឹមឃ្មុំបន្ថែម ក្រៅពីការងារព្យាបាលអ្នកជំងឺ ដើម្បីរកប្រាក់ចំណូលបន្ថែមប្រចាំគ្រួសារ ដែលអាចរកចំណូលបានសមរម្យក្នុងមួយខែ ២៥០០ ដុល្លារទៅដល់ ៣០០០ ដុល្លារ ប៉ុន្តែក្នុងមួយឆ្នាំអាចប្រមូលផលបានចំនួន ៦ ខែប៉ុណ្ណោះ អាស្រ័យទៅតាមរដូវកាលផ្សេងៗ ដូចរដូវផ្កាគរ ឬរដូវដើមកៅស៊ូចេញផ្កាជាដើម ប៉ុន្តែបើម្ចាស់កសិដ្ឋានមានពេលវេលាគ្រប់គ្រាន់ អាចយកឃ្មុំទៅដាក់ចំការតាង៉ែនបានថែមទៀតនៅរដូវកាលនេះតែម្តង។

យោងតាមឯកសារស្រាវជ្រាវវិទ្យាសាស្រ្តបង្ហាញថា ទឹកឃ្មុំភាគច្រើន​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីនសំខាន់ៗបីយ៉ាង ក្នុងនោះមានដូចជា ទី១.គឺ​វីតាមីន C ដែលជា​សារធាតុ​ដ៏​មាន​ប្រយោជន៍​ច្រើនដល់​រាងកាយ​មនុស្ស ​ដូចជា ផ្តល់​ភាពរឹងមាំ​ដល់​ប្រព័ន្ធ​ភាពស៊ាំ ទី២.សំបូរជាតិ​កាល់ស្យូមសម្រាប់​ពង្រឹង​ដល់​សុខភាព​ឆ្អឹង និងទី៣. មាន​ជាតិ​ដែកដែលជា​សារធាតុ​ដ៏​មាន​ប្រយោជន៍ក្នុង​ប្រព័ន្ធ​របត់​ឈាម​រត់ជាដើម៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា