ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិន និងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល។

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិន និងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល។
ទោះបីជាក្តោបក្តាប់ចំណែករហូតដល់ ១៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោកក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែមានឈ្មោះជា មហាអំណាចមានហិរញ្ញវត្ថុ ដែលមិនទាន់រីកលូតលាស់ពេញលេញនៅឡើយ ដោយក្នុងនោះគឺនៅបន្សល់ទុកឱ្យប្រាក់ដុល្លារអាម៉េរិកបន្តគ្រប់គ្រងទីផ្សារសកលដោយស្ទើរតែគ្មានគូប្រជែង។
យោងតាមទិន្នន័យដែលបានគូសបញ្ជាក់ដោយលោក Ruchir Sharma ប្រធានក្រុមហ៊ុន Rockefeller International នៅក្នុងបទអត្ថធិប្បាយមួយចេញផ្សាយលើគេហទំព័រ CNA បានសរសេរថា ជាទូទៅមហាអំណាចដែលកំពុងរីកចម្រើនតែងតែបំប្លែងឧត្តមភាពពាណិជ្ជកម្មរបស់ខ្លួនទៅជាឥទ្ធិពលហិរញ្ញវត្ថុ ប៉ុន្តែប្រាក់យ័នរបស់ចិនមកទល់នឹងពេលនេះមានចំណែកត្រឹមតែ ២ ភាគរយប៉ុណ្ណោះនៅក្នុងវិក្កយបត្រពាណិជ្ជកម្មសកល និងនៅក្នុងទុនបម្រុងរបស់ធនាគារកណ្តាលទាំងឡាយ។
កត្តានេះបានធ្វើឱ្យឥទ្ធិពលហិរញ្ញវត្ថុរបស់ចិនដើរថយក្រោយ ពីក្រោយមហាអំណាចមុនៗចន្លោះពី ៣០ ទៅ ៤០ ឆ្នាំ បើធៀបនឹងដំណាក់កាលនៃការលូតលាស់ស្រដៀងគ្នានេះ។
មួយវិញទៀត ឧបសគ្គចម្បងដែលរារាំងការងើបឡើងនៃវិស័យហិរញ្ញវត្ថុរបស់ចិន គឺប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក ស្ថិតក្រោមការបិទជិតយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលខ្លួនឯង។ វិនិយោគិនបរទេសក្តោបក្តាប់បានត្រឹមតិចជាង ៥ ភាគរយប៉ុណ្ណោះនៃភាគហ៊ុន និងសញ្ញាប័ណ្ណនៅក្នុងប្រទេសចិន ដែលស្មើនឹងត្រឹមតែ ១ ភាគ ៥ នៃកម្រិតដែលកំពុងមាននៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក។
ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក ទីក្រុងប៉េកាំងបានរក្សាការផ្គត់ផ្គង់សាច់ប្រាក់ដ៏មហិមារបស់ខ្លួន (បច្ចុប្បន្នស្មើនឹង ២៣០ ភាគរយ នៃ GDP) ឱ្យជាប់សោរនៅពីក្រោយជញ្ជាំងនៃការគ្រប់គ្រងមូលធនដ៏រឹងម៉ាំទៅវិញ។
ខណៈពេលជាមួយគ្នានេះទីផ្សារក្នុងស្រុករបស់ចិនបច្ចុប្បន្ នក៏កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារការដួលរលំនៃវិស័យអចលនទ្រព្យ ទីក្រុងប៉េកាំងកំពុងធ្លាក់ចូលក្នុងស្ថានភាពទាល់ច្រកមួយបន្ថែមទៀត។
ក្រុមអ្នកបង្កើតគោលនយោបាយភ័យខ្លាចថា ការបន្ធូរបន្ថយការគ្រប់គ្រងមូលធន ដើម្បីធ្វើឱ្យប្រាក់យ័នក្លាយជារូបិយវត្ថុអន្តរជាតិ នឹងបង្កឱ្យមានវិបត្តិ ដោយសារតែវិនិយោគិននឹងប្រញាប់ប្រញាល់ផ្ទេរទ្រព្យសម្បត្តិទៅកាន់ទ្រព្យសកម្មបរទេស ដែលមានសុវត្ថិភាពជាងនេះ។
យ៉ាងណាក្តីលោក Sharma បានបញ្ជាក់នៅចុងបញ្ចប់នៃអត្ថបទនេះបែបនេះថា រហូតទាល់តែទីក្រុងប៉េកាំងហ៊ានប្រឈមមុខនឹងហានិភ័យនៃការបើកចំហរគណនីមូលធន និងអនុញ្ញាតឱ្យប្រាក់យ័នអាចជួញដូរបានដោយសេរី បើមិនដូច្នេះទេប្រព័ន្ធហិរញ្ញវត្ថុសកលនឹងនៅតែបន្តផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយប្រាក់ដុល្លារអាម៉េរិក ហើយនឹងបន្តឱ្យយសហរដ្ឋអាម៉េរិកនៅតែជាប់ឈ្មោះជាមហាអំណាចទី ១ ក្នុងប្រព័ន្ធហិរញ្ញវត្ថុសកលជានិច្ច៕
