បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
IMF៖ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤% នៅក្នុងឆ្នាំ​ ២០២៦​

IMF៖ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤% នៅក្នុងឆ្នាំ​ ២០២៦​

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរក្សាការព្យាករណ៍របស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងអត្រា ៤ ភាគរយ នៅឆ្នាំ២០២៦ ទោះជាមានវិបត្តិសេដ្ឋកិច្ចសកល រួមទាំងការឡើងថ្លៃនៃតម្លៃថាមពលក៍ដោយ។

Advertisement

ការព្យាករណ៍នេះត្រូវបានរាយការណ៍នៅក្នុង “ទស្សនវិស័យសេដ្ឋកិច្ចតំបន់៖ អាស៊ីនិងប៉ាស៊ីហ្វិក” ដែលបានដាក់ចេញដោយលោក Krishna Srinivasan នាយក IMF នៃនាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក និងចូលរួមពីលោក Thomas Helbling អនុប្រធាន IMF នៃនាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក ក្នុងអំឡុងពេលកិច្ចប្រជុំឆ្នាំ ២០២៦ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីសប្តាហ៍កន្លងទៅ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោក Krishna Srinivasan នាយកតំបន់ IMF បាននិយាយថា តំបន់អាស៊ី បន្តឈរលើមូលដ្ឋានរឹងមាំ និងកំណើននៅតែមានភាពធន់ នៅឆ្នាំ ២០២៦ ទោះជាតំបន់នេះទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ពីពន្ធគយរបស់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចមិនប្រាកដប្រជាកើតឡើងក៏ដោយ។

នាយកតំបន់ IMF បានសង្កត់ធ្ងន់ថា អាស៊ីអាគ្នេយ៍ (ក្នុងនោះមានកម្ពុជាផងដែរ) ងាយនឹងរងផលប៉ះពាល់ខ្លាំងពីវិបត្តិថាមពល ដោយសារហេតុផលសំខាន់ៗចំនួន ៣ ចំណុច រួមមាន៖ ទី១. តំបន់ប្រើប្រាស់ថាមពលច្រើន ដោយការប្រើប្រាស់ប្រេង និងឧស្ម័នមានជាមធ្យមប្រហែល ៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្ទើរតែទ្វេដងនៃកម្រិតអឺរ៉ុប ដូចជាម៉ាឡេស៊ី ថៃ ដែលប្រើលើសពី ១០ ភាគរយ។

ទី២. ការផលិតក្នុងស្រុកមានកម្រិត មានន័យថា តម្រូវការថាមពលខ្ពស់នេះ ប្រែទៅជាការពឹងផ្អែកលើការនាំចូលយ៉ាងខ្លាំង។ ការនាំចូលប្រេងនិងឧស្ម័នសុទ្ធមានចំនួនប្រហែល ២.៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងតំបន់ ដោយកើនឡើងដល់ប្រហែល ៨ ភាគរយនៅក្នុងសេដ្ឋកិច្ចដូចជាសិង្ហបុរី និងថៃ។

ទី៣. តំបន់នេះក៏ងាយរងគ្រោះដោយសារការនាំចូលមិនមែនថាមពលផងដែរ។ ការរំខានដល់ការផ្គត់ផ្គង់ជី និងប្រេងឥន្ធនៈ រួមទាំងអេលីយ៉ូម និងស្ពាន់ធ័រ អាចបង្កឱ្យមានសម្ពាធខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំង ប្រសិនបើជម្លោះនៅតែបន្ត។

ទោះជាយ៉ាងនេះក្តី បើតាមការព្យាករណ៍របស់ធនាគារពិភព (World bank) បង្ហាញថា សេដ្ឋកិច្ចកម្ពុជារក្សាបានក្នុងរង្វង់ ៤,៣ ភាគរយ ក្នុងឆ្នាំ ២០២៦ មុនងើបឡើងវិញមកត្រឹម ៥,១ ភាគរយ ក្នុងឆ្នាំ ២០២៧។

ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤,៥ ភាគរយ ក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។

ក្នុងសេណារីយោរបស់ ADB ករណីដែលស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស កំណើនត្រូវបានគាំទ្រដោយដំណើរការវិស័យកម្មន្តសាលដែលមានភាពធន់។ កំណើនត្រូវបានព្យាករថានឹងកើនថែមទៀតដល់ ៥,០ ភាគរយ នៅឆ្នាំ ២០២៧ ដោយសារស្ថានភាពនៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយកំណែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi បានមានប្រសាសន៍ថា៖

“កម្ពុជាបន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ៕”

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា