បរទេស៖ អគ្គនាយករងទី១របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ចពិភពលោក និងបង្ករការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធកម្រិតណានោះ គឺអាស្រ័យទៅលើរយៈពេលនៃការអូសបន្លាយរបស់វាថាតើបញ្ចប់នៅពេលណាឱ្យប្រាកដ។ យ៉ាងណាក៏ដោយ ប្រសិនបើជម្លោះមួយនេះនៅមិនទានមានភាពច្បាស់លាស់ និងអាចបង្កផលប៉ះពាល់លើតម្លៃថាមពលក្នុងរយៈពេលយូររំពឹងថាបណ្តាធនាគារកណ្តាលមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង។
លោក Dan Katz ដែលជាអគ្គនាយករងទីមួយរបស់ IMF បានលើកឡើងថា ជម្លោះអាចនឹងមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចពិភពលោកទាំងមូល ពោលគឺទាំងអតិផរណា ទាំងកំណើនសេដ្ឋកិច្ច។ មុនពេលមានហេតុការណ៍វាយប្រហារតាមផ្លូវអាកាសរបស់អាម៉េរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ស្ថាប័នអន្តរជាតិ IMF បានព្យាករណ៍ថា កំណើន GDP សកលនឹងអាចឈានដល់ ៣,៣% សម្រាប់ឆ្នាំ២០២៥ ដោយសារភាពរីកចម្រើននៃការវិនិយោគលើវិស័យ AI ។ ប៉ុន្តែឥឡូវនេះ IMF កំពុងតាមដានលើផលរំខានពីជម្លោះនៅមជ្ឃិមបូព៌ាចំពោះសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារតម្លៃថាមពលកំពុងឡើងថ្លៃ និងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។ លើសពីនេះ ស្ថានភាពនៅតែបន្តមានហានិភ័យខ្ពស់ ដែលបន្ថែមសម្ពាធទៅលើបរិយាកាសសេដ្ឋកិច្ចសកលកំពុងមានភាពមិនច្បាស់លាស់។
លោក Dan Katz បានបន្ថែមថា IMF នឹងពិនិត្យមើលផលប៉ះពាល់ផ្ទាល់ពីជម្លោះ រួមមាន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលជាកន្លែងផលិត និងឧស្សាហកម្មថាមពល។ កាលពីថ្ងៃអង្គារ៍ តម្លៃប្រេងឆៅ Brent ដែលជាស្តង់ដារពិភពលោកបានឡើងថ្លៃដល់ ៨៣ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១៥% ពីកម្រិតកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយតម្លៃប្រេងនឹងបន្តឡើងថ្លៃបន្ថែមទៀត ខណៈដែលអ៊ីរ៉ង់បានប្តេជ្ញាវាយប្រហារលើនាវាទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ក្រៅពីនេះ ផ្លូវអាកាសក៏រងប៉ះពាល់ធ្ងន់ធ្ងរផងដែរ ជាពិសេសទេសចរដែលធ្វើដំណើរតាមរយៈការហោះហើរ។
យ៉ាងណាក៏ដោយ IMF សង្ឃឹមថា បណ្តាធនាគារកណ្តាលទាំងអស់នឹងផ្តោតលើអតិផរណាស្នូលជាជាងការប្រើវិធានការឆ្លើយតប ឬដំឡើងអត្រាការប្រាក់ ដោយសារយកចិត្តទុកដាក់លើការឡើងថ្លៃបណ្តោះអាសន្ននៃតម្លៃថាមពល។ ប្រសិនបើតម្លៃថាមពលបន្តឡើងថ្លៃឥតឈប់ឈរ និងប៉ះពាល់ដល់អតិផរណាស្នូល ធនាគារកណ្តាលអាចឆ្លើយតប ឬដំឡើងអត្រាការប្រាក់។ ជាក់ស្តែង អត្រាអតិផរណាកើនឡើងខ្ពស់នៅឆ្នាំ២០២២ ដោយសារការឡើងថ្លៃនៃតម្លៃថាមពលពីផលប៉ះពាល់នៃសង្គ្រាមរុស្សី-អ៊ុយក្រែនជាដើម។
សូមរំលឹកថា កាលពីដំបូងឡើយ មានតែតម្លៃថាមពលប៉ុណ្ណោះដែលឡើងថ្លៃ និងធ្វើឲ្យធនាគារកណ្តាលជាច្រើនព្រួយបារម្ភ និងដំឡើងអត្រាការប្រាក់។ ក្រោយមក ការឡើងថ្លៃនៃតម្លៃថាមពលបានជះឥទ្ធិពលទៅដល់តម្លៃទំនិញ និងសេវាកម្មផ្សេងៗទៀត ដែលជំរុញឲ្យមានកាកើនឡើងនៃអត្រាអតិផរណាស្នូល និងជាមូលហេតុដែលធនាគារកណ្តាលដំឡើងអត្រាការប្រាក់ញឺកញាប់។ ដូច្នោះហើយ លោក Dan Katz សង្ឃឹមថា ធនាគារកណ្តាលនឹងគិតគូរពីផែនការយុទ្ធសាស្ត្រដោះស្រាយក្នុងគ្រាដែលស្ថានការណ៍នៃភូមិសាស្ត្រនយោបាយជះឥទ្ធិពលអាក្រក់ទៅលើទីផ្សារថាមពលដូចដែលធ្លាប់បានកើតឡើងរួចទៅហើយកាលពីអំឡុងឆ្នាំ២០២២ ក៏ដូចជាអនុវត្តវិធានការណ៍បែបណាមួយដើម្បីកំណត់គោលនយោបាយរូបិយវត្ថុ៕