ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការអនុវត្ត “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយអនុញ្ញាតឱ្យមានការតាមដានរំហូរអនុម័តតាមដំណាក់កាល ការទទួលបានទិន្នន័យចំណាយ និងស្ថានភាពសាច់ប្រាក់ ទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងបែបនេះ ក្នុងឱកាសដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង ស្តីពី “ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស និងការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ក្នុងFMIS” នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉ាហ្វ៊ល ឡឺ រ៉ូយ៉ាល់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កម្មវិធីនេះជាផ្នែកមួយនៃផែនការអនុវត្តគម្រោង ប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ FMIS ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដោយបានចែងច្បាស់ នូវចក្ខុវិស័យ ក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយ ដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានដាក់ឱ្យអនុវត្តបន្ថែមទៅក្រសួងចំនួន ៨ រួមមាន៖ ១- ក្រសួងមហាផ្ទៃ ២- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣- ក្រសួងសុខាភិបាល ៤- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៦- ក្រសួងធនធានទឹក និងឧតុនិយម ៧- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ៨ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមរយៈ FMIS, ក្រសួង-ស្ថាប័នអាចស្នើសុំធានាចំណាយ អនុវត្តកិច្ចលទ្ធកម្ម និងទូទាត់ចំណាយ តាមរំហូរអនុម័ត ដែលមានភាពច្បាស់លាស់ និងអាចតាមដានបាន ។
ជាមួយគ្នានេះ ការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស នឹងត្រូវដាក់ឱ្យអនុវត្តបន្ថែមទៅក្រសួងចំនួន ៣ គឺ ១- ក្រសួងអប់រំ យុវជន និង កីឡា, ២- ក្រសួងសុខាភិបាល និង ៣- ក្រសួងធនធានទឹក និងឧតុនិយម។
ការដាក់ឱ្យប្រើប្រាស់ FMIS ក្នុងកិច្ចការនេះ នឹងជួយបញ្ចប់នូវការកត់ត្រាទិន្នន័យបែបដាច់ដោយឡែក តាមឯកសារ ឬ តារាងក្រៅប្រព័ន្ធ និង ផ្តល់នូវទិន្នន័យចំណាយពេញលេញ ស្របតាមគតិយុត្ត និងងាយស្រួលសម្រាប់ការរៀបចំរបាយការណ៍ និងការសម្រេចចិត្ត បានឆាប់រហ័ស និងមានភាពសុក្រឹតខ្ពស់។
លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ការចូលរួមអនុវត្តការងារនេះ ក៏ជាមូលដ្ឋានសំខាន់សម្រាប់ការបន្តអភិវឌ្ឍ ឆ្ពោះទៅរកប្រព័ន្ធថវិកាឌីជីថលពេញលេញ និង ការរួមចំណែកក្នុងការពង្រឹងឱ្យបាននូវ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ជាពិសេស ការធ្វើឱ្យមានអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងថវិកា សម្រាប់ការវិនិយោគសាធារណៈនៅកម្ពុជា។
បណ្ឌិត ហុង វណ្ណៈ បានប្រាប់បណ្តាញព័ត៌មាន AMS ដោយបានកត់សម្គាល់ថា ការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈ គឺជាការបង្ហាញ ពីភាពគត់មត់ សង្គតិភាព និងតម្លាភាព នៅក្នុងការប្រើប្រាស់ថវិកា នៃគម្រោងនីមួយៗ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន ដោយផ្អែកលទ្ធផលជាមូលដ្ឋាន។
លោកបណ្ឌិត បានបន្ថែមថា ថវិកាទាំងអស់ ត្រូវតែកត់ត្រាច្បាស់លាស់ ដើម្បីធ្វើការទូទាត់ តាមដានពិនិត្យមើលអំពីរំហូរការងារ លទ្ធផលត្រឹមត្រូវ និងតម្លាភាព នោះទើបបង្ហាញថា ប្រព័ន្ធ FMIS ដើរតួនាទីសំខាន់៕