ភ្នំពេញ ៖ កសិករដាំទុរេននៅតាមបណ្តាខេត្ត បានសម្តែងការខកចិត្តចំពោះឈ្មួញខិលខូចដែលនាំទុរេនមានគុណភាពមិនល្អ ឬមានសារធាតុគីមីមកលក់នៅលើទីផ្សារក្នុងប្រទេស នាំឱ្យប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ។

ភ្នំពេញ ៖ កសិករដាំទុរេននៅតាមបណ្តាខេត្ត បានសម្តែងការខកចិត្តចំពោះឈ្មួញខិលខូចដែលនាំទុរេនមានគុណភាពមិនល្អ ឬមានសារធាតុគីមីមកលក់នៅលើទីផ្សារក្នុងប្រទេស នាំឱ្យប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ។
ការលើកឡើងខាងលើបានធ្វើឡើងបន្ទាប់ពីឈ្មួញឈ្មោះ អាឡែន បាននាំចូលធុរេនថៃមកលក់នៅផ្សារភូពួយខេត្តបាត់ដំបង កាលពីពេលថ្មីៗដែលបង្កឱ្យមានការរិះគន់ពីមហាជនគ្រប់មជ្ឈដ្ឋាននៅតាមបណ្តាញសង្គមហ្វេសប៊ុក។
លោក សូ ភារុណ ម្ចាស់ចំការទុរេននៅឃុំសំឡូតចាស់ ស្រុកសំឡូត ខេត្តបាត់ដំបង បានសម្តែងក្តីបារម្ភចំពោះការនាំចូលទុរេនមានគុណភាពមិនល្អ ឬមានសារធាតុគីមីមកដាក់លក់នៅលើទីផ្សារក្នុងប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលការប្រមូលផលទុរេនក្នុងស្រុកនៅមិនទាន់មានចំនួនច្រើននៅឡើយ។
លោកថា ៖
«ខ្ញុំខកចិត្តពេលឃើញគេដាក់លក់ទុរេនមានចំនួនច្រើនចឹង ព្រោះទុរេននៅកម្ពុជាយើងបេះមិនទាន់បានផលច្រើននៅឡើយទេ ជាពិសេសធុរេននៅស្រុកសំឡួតតែម្តង ទើបប្រមូលផលដើមដៃបេះបានតិចតួចប៉ុណ្ណោះ »។
លោកបានបញ្ជាក់ឱ្យដឹងថា ចូលមកដល់ដើមខែឧសភានេះ ទុរេននៅតាមចំការនានានៅស្រុកសំឡូត ចាប់ផ្តើមឱ្យផលបណ្តើរៗ ប៉ុន្តែកសិករអាចប្រមូលផលបានចន្លោះពី ៥ទៅ ១០ផ្លែប៉ុណ្ណោះក្នុងមួយចំការ ដោយនៅមិនទាន់ប្រមូលបានច្រើនតោនទៅលក់នៅលើទីផ្សារដូច្នោះឡើយ ពោលគឺរង់ចាំរហូតដល់ពាក់កណ្តាលខែឧសភាខាងមុខ ទើបគេអាចប្រមូលផលបានច្រើនសម្រាប់ធ្វើអាជីវកម្មលក់ដូរដូចឆ្នាំមុនៗ។

លោក ងន់ ឆេង កសិករដាំទុរេននៅឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានប្រសាសន៍ថា ការប្រមូលផលសម្រាប់លក់នៅលើទីផ្សារក្នុងស្រុកគេនៅមិនទាន់អាចប្រមូលផលបានច្រើននៅឡើយ ប៉ុន្តែកសិករមួយចំនួនចាប់ផ្តើមប្រមូលផលទុរេនចាស់ៗ ឬហៅថា(ទុរេនស្រស់)លក់ឱ្យក្រុមហ៊ុនចិន ដោយក្នុងមួយគីឡួក្រាមមានតម្លៃ ១៦ ០០០រៀល សម្រាប់នាំចេញ។
ដោយឡែក លោក ឆន ចាន់រ៉ាត់ កសិករដាំទុរេននៅឃុំប្រធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានឱ្យដឹងផងដែរថា ទុរេននៅត្បូងឃ្មុំ នៅមិនទាន់ផ្តល់ផលច្រើននៅឡើយ ព្រោះជាទុរេនដាំតាមគោលការណ៍ធម្មជាតិ។ សម្រាប់ទុរេនដែលប្រើគីមី និងប្រើអកម៉ូនបំប៉នផ្លែ ដូចជានៅប្រទេសថៃ និងវៀតណាម ផ្តល់ផលលឿនជាងទុរេនក្នុងស្រុក ដូចដែលឃើញឈ្មួញដាក់លក់នៅតាមទីប្រជុំជនមួយចំនួននាពេលបច្ចុប្បន្ន។
លោកបញ្ជាក់ថា ៖
«ការនាំចូលទុរេនកើតមានជារៀងរាល់ឆ្នាំ ហើយក្រៅពីប៉ះពាល់សុខភាព ក៏ប៉ះពាល់ដល់ទីផ្សារទុរេននៅក្នុងស្រុកដែរ ដូចជាឆ្នាំមុន ទុរេនក្នុងស្រុកផ្តល់ផលលក់ចេញបានមួយគីឡូ ២២,០០០រៀល ទៅ ២៥,០០០រៀល ក៏ស្រាប់តែគេនាំចូលមកដល់លក់តែ ១៦,០០០រៀលក្នុងមួយគីឡូប៉ុណ្ណោះ»។
តាមរយៈបណ្តាញសារព័ត៌មាន AMS ម្ចាស់ចំការនៅតាមបណ្តាខេត្តខាងលើ បានអំពាវនាវដល់សមត្ថកិច្ចជំនាញ និងអាជ្ញាធរ ត្រូវរឹតបន្តឹងការនាំចូលទុរេនពីក្រៅប្រទេស ជៀសវាប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរ និងប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២៥ ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនជាង ១១ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុងមួយឆ្នាំ៕
