ភ្នំពេញ ៖ តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជា មានរោងចក្រធុនធំចំនួន៧០០រោងចក្រ បានបើកដំណើរការ និងចំនួន ៤២រោងចក្របានបិទទ្វារ ដោយមានកម្លាំងពលកម្មសរុបមានចំនួន ១ ២៦៨ ៩៥៣នាក់ ក្នុងនោះមានស្រីចំនួន ៩០៣ ៩៩១នាក់។
ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរួមមានការងារគ្រប់គ្រងរោងចក្រ ការងារបច្ចេកទេសនិងសុវត្ថិភាពឧស្សាហកម្ម ការងារកម្មសិទ្ធិឧស្សាកម្ម និងការងារជំរុញចលនាផលិតភាពនោះ នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា រោងចក្រធុនធំមានដំណើរការចំនួន ៣ ០៨៣ រោងចក្រ ស្ថិតនៅក្នុង ២៥ រាជធានី-ខេត្ត កើនឡើងចំនួន ៦៥៨ រោងចក្រ ស្មើនឹង ២៧,១៣% បើធៀបទៅនឹងឆ្នាំ២០២៤។ ដោយឡែក សម្រាប់រោងចក្រធុនធំកើតថ្មីមានចំនួន ៧០០ រោងចក្រ ស្ថិតនៅក្នុង១៩ រាជធានី-ខេត្ត កើនឡើងចំនួន ៣៧៤ រោងចក្រ ស្មើនឹង១១៤,៧២% បើធៀបទៅនឹងឆ្នាំ២០២៤ ខណៈដែល រោងចក្រធុនធំបិទទ្វារមានចំនួន ៤២ រោងចក្រ ស្ថិតនៅក្នុង៧ រាជធានី-ខេត្ត កើនឡើងចំនួន ១៦ រោងចក្រ ស្មើនឹង ៦១,៥៤% បើធៀបទៅនឹងឆ្នាំ២០២៤។
ជាការកត់សម្គាល់ គិតត្រឹមដំណាច់ឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជា រោងចក្រធុនធំកំពុងដំណើរការមានចំនួន ៣ ០៨៣រោងចក្រ ស្ថិតនៅក្នុង២៥រាជធានី-ខេត្ត មានការកើនឡើងចំនួន ៦៥៨រោងចក្រ ឬស្មើនឹង ២៧,១៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤កន្លងទៅនេះ ។៕