ភ្នំពេញ ៖ ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលបានបង្កើនខ្ទង់ចំណាយទៅលើវិស័យអប់រំជាបន្តបន្ទាប់ដើម្បីពង្រឹងគុណភាពអប់រំ និងកសាងមូលធនមនុស្សក្នុងប្រទេសកម្ពុជាស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់។
នៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគញរូបង្រៀនកម្រិតមូលដ្ឋាននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាកាលពីព្រឹកថ្ងៃទី ០៣ ខែមិថុនា ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការចំណាយក្នុងវិស័យអប់រំនៅតែកើនមិនមានការថយចុះនោះទេ ជាក់ស្ដែង ពិដានគោលនៃការចំណាយឆ្នាំ២០២៦ ដែលយកទៅចរចាមានទំហំទឹកប្រាក់ ៤ ៤៥៧ពាន់លានរៀល ឬប្រមាណ ១ ១១៤លានដុល្លារអាម៉េរិក ហើយពេលចរចានិងចេញជាច្បាប់ថវិកាមានចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨លានដុល្លារអាម៉េរិក ។ ដោយឡែកក្នុងឆ្នាំ២០២៧ ពិដានគោលដែលកំពុងចរចាសម្រាប់វិស័យអប់រំ មាន ៤៦៨៩ពាន់លានរៀល ឬប្រមាណ ១ ១៧២លានដុល្លារអាម៉េរិក ដែលមានទំហំច្រើនជាងច្បាប់ថវិកាក្នុងឆ្នាំ២០២៦ទៅហើយ ដូច្នេះ ទម្រាំតែលទ្ធផលចេញជាច្បាប់ថវិកា ប្រាកដណាស់ នឹងកើនឡើងជាងឆ្នាំ២០២៦ទៅទៀត ។
សម្ដេចធិបតីបានមានប្រសាសន៍ថា ៖
«នៅក្នុងវិស័យអប់រំ គ្រាន់តែថវិកាព្រាងដែលគ្រោងនឹងចំណាយសម្រាប់ឆ្នាំ២០២៧ មានតួលេខខ្ពស់ជាងច្បាប់ថវិកាដែលត្រូវចាយក្នុងឆ្នាំ២០២៦ទៅហើយ ហើយនៅពេលដែលយកមកពិភាក្សាកម្រមានការថយចុះវិញណាស់ មានតែកើនឡើង ដូច្នេះការចំណាយក្នុងវិស័យអប់រំនឹងកើនឡើងខ្ពស់ជាងឆ្នាំ២០២៦»។
គួររម្លឹកថា អ្នកជំនាញសេដ្ឋកិច្ចជាច្រើននៅកម្ពុជាបានលើកឡើង និងបង្ហាញពីទស្សនាទានស្រដៀងគ្នាពាក់ព័ន្ធនឹងការពង្រឹងគុណភាពអប់រំដើម្បីឱ្យកម្ពុជាសម្រេចបានតាមផែនការចក្ខុវិស័យរបស់ខ្លួន ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធអប់រំមានសារសំខាន់ណាស់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។ រាជរដ្ឋាភិបាលគួរត្រៀមខ្លួន និងចាប់ផ្ដើមអនុវត្តចាប់ពីពេលនេះឱ្យហើយ ដូច្នេះនៅរយៈពេល២៥ឆ្នាំក្រោយកម្ពុជានឹងសំបូរទៅដោយមូលធនមនុស្សដែលខ្លាំងពូកែ និងអាចជាសមាសភាពក្នុងការជួយកសាងជាតិ ។
លោកបណ្ឌិត ញឹល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ក៏បានមានប្រសាសន៍ដែរថា ដើម្បីឱ្យផែនការយុទ្ធសាស្ត្រ និងផែនការចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាចសម្រេចទៅបាន រាជរដ្ឋាភិបាលត្រូវផ្ដោតលើការអប់រំ និងជំនាញបច្ចេកទេស STEM ដើម្បីឱ្យធនធានមនុស្សកម្ពុជាក្លាយជាអ្នកបច្ចេកទេស និងជាវិស្វករពិតប្រាកដ ៕