បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំ២០២៦​ វិស័យឧស្សាហកម្ម​​រំពឹង​មានកំណើន ៧,២% និងនៅតែជា​វិស័យសំខាន់​គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

ឆ្នាំ២០២៦​ វិស័យឧស្សាហកម្ម​​រំពឹង​មានកំណើន ៧,២% និងនៅតែជា​វិស័យសំខាន់​គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

ភ្នំពេញ ៖ ឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹង​ថានឹង​មានកំណើន​ ៥ភាគរយ​ ដោយបន្ត​គាំទ្រ​ដោយវិស័យសំខាន់ៗចំនួន​៣ រួមមាន វិស័យឧស្សាហកម្ម វិស័យ​សេវាកម្ម និង​វិស័យកសិកម្ម ក្នុងនោះ វិស័យឧស្សាហកម្ម​ ជាវិស័យ​សំខាន់ជាង​គេ​ក្នុងការជំរុញ​ និងគាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ នេះ​បើតាមសេចក្ដីព្រាង​របាយការណ៍របស់​ក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ ។​

នៅក្នុងសេចក្ដីព្រាង​របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានឱ្យដឹងថា វិស័យ​ឧស្សាហកម្ម​ដែលជា​វិស័យ​សំខាន់​ក្នុងការទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០២៦​ ត្រូវបានរំពឹងថា​ នឹង​មានកំណើន​ត្រឹម ​៧,២ភាគរយ បើធៀបនឹង​ឆ្នាំ២០២៥មានការធ្លាក់ចុះបន្តិច ដោយសារការ​ថមថយនៃតម្រូវការនាំចេញ​ផ្នែកអនុវិស័យ​កាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្រោយការរំពឹងទុកទៅលើបច្ច័យ​នៃការ​អនុវត្ត​ពន្ធគយ​របស់អាមេរិក ដែលនឹងធ្វើឱ្យតម្រូវការ​សកល​មាននិន្នាការធ្លាក់ចុះ ។ 

នៅក្នុងសេចក្ដីព្រាងដដែលបានបង្ហាញថា អនុវិស័យកាត់ដេរ ត្រូ​វបាន​ព្យាករថា​ អាចនឹង​បន្ត​រក្សា​បានកំណើន​ ត្បិតថា​ការនាំចេញទៅកាន់ទីផ្សារ​សហរដ្ឋអាម៉េរិកអាច​ប្រឈម​នឹង​ហានិភ័យ​នៃការធ្លាក់​តម្រូវការ ប៉ុន្តែវិស័យនេះនៅតែអាចបន្តកំណើនបានដែលគាំទ្រ​ដោយ​និន្នាការ​វិជ្ច​មាននៃការធ្វើពិពិធកម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា ដូចជា ​ទីផ្សារ​សហភាពអឺរ៉ុប និងអាស៊ាន ជាដើម ។ ជាមួយគ្នានេះដែរ អនុវិស័យកម្មន្តសាល​មិនមែន​កាត់ដេរ ត្រូវបានព្យាករថា នឹង​មានការងើបមកវិញ​ក្នុងឆ្នាំ២០២៦ ប៉ុន្តែក្នុងល្បឿនទាប គួបផ្សំនឹងការ​ជំរុញការនាំចេញផលិតផល​ឧស្សាហកម្ម​យុទ្ធសាស្ត្រ​សំខាន់ៗក្រោយរបត់​គោលនយោបាយ​ពាណិជ្ជកម្ម​ថ្មី។

នៅក្នុង​សៀវភៅ​របាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៦របស់​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក៏បានបង្ហាញផងដែរពី​អនុវិស័យសំខាន់​ ដែល​រំពឹងថា​នឹង​បន្តងើប​ ប៉ុន្តែក្នុងសភាពយឺត ហើយនៅតែមានកំណើនទាបជាង​និន្នាការមុន​វិបត្តិកូវីដ​១៩ ដែលទ្រទ្រង់​ដោយ​សកម្មភាពសាងសង់លំនៅឋាន​ ឆ្លើយតបទៅនឹង​តម្រូវការ​ពិត​ក្នុងស្រុក គួបផ្សំនឹង​ការ​បន្ត​និន្នាការ​កើនឡើង​នៃសកម្មភាពវិស័យសំណង់ ​បម្រើ​ឱ្យឧស្សាហកម្ម​មួយចំនួន​ ដូចជា ​រោងចក្រ​ សហគ្រាស និងឃ្លាំង​ជាដើម ដែល​នឹងក្លាយជា​និន្នាការថ្មីជួយគាំពារ​កំណើន​នៃអនុវិស័យនេះក្នុង​រយៈពេលខ្លី​ និងមធ្យម​ខាង​មុខ​ ។ ស្រ​បគ្នា​នេះដែរ អនុវិស័យនៃផលិតផល​ម្ហូបអាហារ និង​អនុវិស័យ​ភេសជ្ជៈ​ រំពឹងថានឹង​បន្ត​និន្នាការ​កើនឡើង។

គួរ​រម្លឹកថា ក្នុង​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា ក្នុងឆ្នាំ២០២៥កន្លងទៅ វិស័យឧស្សាហកម្ម​បានស្រូបទាញទុន​វិនិយោគ​ច្រើនជាង​គេ ដោយក្នុងរយៈពល ១ឆ្នាំពេញ​ វិស័យទាក់ទាញទុនវិនិយោគចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ប្រមាណ ៥,៦​ពាន់លាន​ដុល្លារអាម៉េរិក ក្នុង​ចំណោមទុនវិនិយោគសរុប​ប្រមាណ ​១០ពាន់​លានដុល្លារអាម៉េរិក ។

ឯកឧត្តម​បណ្ឌិតសភាចារ្យ​ ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍ថា ការ​បិទច្រកព្រំដែន​កម្ពុជា​-ថៃ ​ពីសំណាក់ភាគី​ថៃ មានទាំងផល​អវិជ្ជមាន​ និងផលវិជ្ជមាន ហើយសម្រាប់​ផល​វិជ្ជមាន​ គឺសហគ្រាស​ក្នុងស្រុកបាន​បង្កើនការ​ផលិត ​និងការ​វិនិយោគលើឧស្សាហកម្ម​កាន់តែច្រើនដើម្បី​បម្រើ​ឱ្យសេចក្ដីត្រូវការរបស់ទីផ្សារក្នុងស្រុក​ដែល​កំពុង​មានតម្រូវការ​ខ្ពស់ ដូច្នេះ វាជាបច្ច័យល្អសម្រាប់​សហគ្រាស​ក្នុងស្រុក ។ ប៉ុន្តែ ចំពោះកសិផល​ដែល​កម្ពុជាធ្លាប់​នាំចេញទៅប្រទេសថៃ​គឺពិបាក​ស្វែងរកទីផ្សារ​បន្តិច ៕  

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា