ភ្នំពេញ៖ នៅក្នុងរយៈពេល ៣១ថ្ងៃនៃខែមករា ដើមឆ្នាំ២០២៦កន្លងទៅនេះ ឧស្សាហកម្មនាំចេញកង់របស់កម្ពុជា បានបង្ហាញពីភាពរឹងមាំជាមួយនឹងទំហំប្រមាណ ៦៣,៥៧លានដុល្លារអាម៉េរិក ៦៨,៥១ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានត្រឹម ៣៧,៧២ លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ សហរដ្ឋអាមេរិកនៅតែជាគោលដៅនាំចេញធំបំផុតរបស់ប្រទេសកម្ពុជា ហើយបន្ទាប់មកគឺអាល្លឺម៉ង់ បែលហ្ស៊ិក ចក្រភពអង់គ្លេស និងហូឡង់ ។
ពាក់ព័ន្ធទៅនឹងឧស្សាហកម្មកង់ សហភាពអឺរ៉ុបបានអនុញ្ញាតឲ្យកម្ពុជា អាចប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតនៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ ការអនុញ្ញាតនេះ បានធ្វើឲ្យទីផ្សារនាំចេញកង់កម្ពុជា កាន់តែមានភាពងាយស្រួលដោយសារងាយក្នុងការស្វែងរកប្រភពធាតុដើម ពីប្រទេសវៀតណាម ដែលជាប្រទេសជិតខាង។
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងកង់ចំនួន៥ កំពុងដំណើរការ រួមមាន រោងចក្រ A and J Co., Ltd., Speedtech Industrial Co., Ltd., Smrat Tech Co., Ltd., XDS Bicycle Co., Ltd., និង Evergrand Bicycle Co., Ltd.ស្ថិតនៅរួមគ្នាក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត (SEZs) ខេត្តស្វាយរៀង ខណៈដែលកាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញកង់មានតម្លៃ ៦០៩.៣៣លានដុល្លារ កើនឡើង ៤២.៧៣ ភាគរយ ធៀបនឹងឆ្នាំ២០២៤ដែលមានត្រឹម ៤២៦.៩១ លានដុល្លារអាម៉េរិក៕